រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កាលពី​ថ្ងៃ​ទី​២២ មីនា ២០១៧ នេះ​បាន​ធ្វើការ​ចុះ​បង្ក្រាប​ចាប់ខ្លួន​មុខសញ្ញា​ប្លន់​ប្រដាប់​អាវុធ​អាកា​ចំនួន​២​នាក់ នៅ​ព្រំប្រទល់​ស្រុក​មេមត់ កម្ពុជា​-​វៀតណាម​។ ជនសង្ស័យ​ម្នាក់​ឈ្មោះ ខាត់ រ៉េ​ត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​ព្រៃ​គុយ ឃុំ​គោ​ចក ស្រុក​មេ​សាង ខេត្តព្រៃវែង និង​ម្នាក់​ឈ្មោះ យី អៀង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​ហប់ ឃុំ​គោ​ចក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។

តាម​ប្រភព​ព័ត៌មាន​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ការ​មាន​ប្រសាសន៍ នាយ​ឧត្ដមសេនីយ៍​អគ្គស្នងការ និង​អគ្គស្នងការ​រង​ទទួល​ផែន​នគរបាល​យុត្តិធម៌ ដោយ​មានការ​ចង្អុលបង្ហាញ​ផ្ទាល់​ពី​ឧត្ដមសេនីយ៍ឯក សុខ ខេ​ម​រិ​ន ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរបាល​។ អនុញ្ញាត​ឲ្យ​លោក​ឧត្តម​សេនី​ទោ ង៉េ​ង ជួរ អនុប្រធាន​នាយកដ្ឋាន និង​លោ​វរ​:​សេនីយ៍​ឯក ជាវ វិបុល ប្រធាន​ការិយាល័យ​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃ​។

ការ​ចុះ​បង្ក្រាប និង​ចាប់ខ្លួន​ក្រុម​ចោរប្លន់​អាកា​នេះ ដោយ​បានការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត រួម​សហការ​គ្នា​យ៉ាង​ទាន់​ពេលវេលា ពី​នាយកដ្ឋាន​កណ្តាល​នគរបាល​សន្ដិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​។ ជា​លទ្ធផល​កម្លាំង​សហការ​បាន​តាម​ចាប់ខ្លួន​មុខសញ្ញា​ក្រុម​ចោរប្លន់​អាកា​នេះ ដល់​ភូ​មិច​ង្គំ​ស្ពាន់ ឃុំ​ក​ន្លូ​ង ស្រុក​មេមត់ ព្រំប្រទល់​ខេត្ត​ត្បូងឃ្មុំ​។ ក្រោយ​ពី​ចាប់ខ្លួន​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ប្រគល់​ជនសង្ស័យ​ទាំ​២​នាក់​ឲ្យ​ទៅ​សមត្ថកិច្ច​នគរបាល​ខេត្តព្រៃវែង​ដើម្បី​បន្ត​នីតិវិធី​។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៧ វេលា​ម៉ោង​១០​និង​០០​នាទី​យប់ មាន​ករណី​ចោរ​កាំភ្លើង​អាកា​១​ក្រុម បាន​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​ប្រជា​ស្ថិត​នៅ​ភូមិ​ព្រៃ​ស្នួល ឃុំ​គោ​ខ្ចក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង រួច​គេ​ខ្លួន​ដោយ​សុវត្ថិភាព​។ ប៉ុន្តែ​ក្រោយមក​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ និង​ឃាត់ខ្លួន​បក្ខពួក​មួយ​ចំនួន​បញ្ជូន​ទៅ​សាលាដំបូង នៅ​សេសសល់​មុខសញ្ញា​មួយ​ចំនួន​ត្រូវ​តាម​ចាប់ខ្លួន ។ ជាក់ស្តែង​សមត្ថកិច្ច តាម​ប្រមាញ់ និង​ឃាត់ខ្លួន​បាន​២​នាក់​ដូច​មានឈ្មោះ​ខាងលើ​នេះ​ទៀត​៕

ប្រភព៖ កោះសន្តិភាព

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

នៅព្រឹកស្អែកនេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នឹងប្រកាស​សាលក្រម​រឿង​ ជួប​ សម្លាប់

(ភ្នំពេញ)៖ តាមការគ្រោងទុក្ខ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ស្អែកនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម នៃសំណុំរឿង លោក «ជួប សម្លាប់» ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី។ ការប្រកាសសាលក្រមនេះ ធ្វើឡើងបន្ទាប់ពីតុលាការក្រុងភ្នំពេញ បានបើកសវនាការ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ ជាមួយនឹងការបង្ហាញវិដេអូមួយ ស្តីអំពីឃាតកម្មនេះ។

នៅក្នុងសវនាការជាបន្តបន្ទាប់កន្លងទៅនោះ លោក «ជួប​ សម្លាប់»​ បានសារភាពថា​ ខ្លួនជា​អ្នក​បាញ់​សម្លាប់​ លោក​បណ្ឌិត​ កែម​ ឡី​ ដោយសារ​ខឹង​លោក​ កែម​ ឡី​ ជំពាក់​ប្រាក់​មិន​សង​ ហើយ​អះអាងថា គ្មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នងនៃឃាតកម្មនេះនោះ​ទេ​។

សូម​បញ្ជាក់​ថា​ បុរសម្នាក់ ដែលមានរហ័សនាមថា «ជួប​ សម្លាប់»​ ​អាយុ៣៨ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ភ្លាមៗ​ ក្រោយ​ពី​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ កាលពី​វេលា​ម៉ោង​៨៖៥០នាទី​ ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា​ ឆ្នាំ​២០១៦​ នៅចំណុច​ក្នុង​ទីតាំង​ស្តារម៉ាត​ នៃ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​ បូកគោ​ ស្ថិត​នៅ​កាច់ជ្រុង​មហា​វិថី​ព្រះ​មុនីវង្ស​ និង​មហាវិថី​ម៉ៅសេទុង​ ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​។

ក្រោយការចាប់ខ្លួននេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ «ជួប សម្លាប់» ចំនួន២ករណី ក្នុងនោះរួមមានបទឃាតកម្មគិតទុកជាមុន និង បទកាន់កាប់អាវុធគ្មានការអនុញ្ញាត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]