(ភ្នំពេញ)៖ តាមការគ្រោងទុក្ខ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ស្អែកនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម នៃសំណុំរឿង លោក «ជួប សម្លាប់» ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី។ ការប្រកាសសាលក្រមនេះ ធ្វើឡើងបន្ទាប់ពីតុលាការក្រុងភ្នំពេញ បានបើកសវនាការ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ ជាមួយនឹងការបង្ហាញវិដេអូមួយ ស្តីអំពីឃាតកម្មនេះ។

នៅក្នុងសវនាការជាបន្តបន្ទាប់កន្លងទៅនោះ លោក «ជួប​ សម្លាប់»​ បានសារភាពថា​ ខ្លួនជា​អ្នក​បាញ់​សម្លាប់​ លោក​បណ្ឌិត​ កែម​ ឡី​ ដោយសារ​ខឹង​លោក​ កែម​ ឡី​ ជំពាក់​ប្រាក់​មិន​សង​ ហើយ​អះអាងថា គ្មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នងនៃឃាតកម្មនេះនោះ​ទេ​។

សូម​បញ្ជាក់​ថា​ បុរសម្នាក់ ដែលមានរហ័សនាមថា «ជួប​ សម្លាប់»​ ​អាយុ៣៨ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ភ្លាមៗ​ ក្រោយ​ពី​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ កាលពី​វេលា​ម៉ោង​៨៖៥០នាទី​ ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា​ ឆ្នាំ​២០១៦​ នៅចំណុច​ក្នុង​ទីតាំង​ស្តារម៉ាត​ នៃ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​ បូកគោ​ ស្ថិត​នៅ​កាច់ជ្រុង​មហា​វិថី​ព្រះ​មុនីវង្ស​ និង​មហាវិថី​ម៉ៅសេទុង​ ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​។

ក្រោយការចាប់ខ្លួននេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ «ជួប សម្លាប់» ចំនួន២ករណី ក្នុងនោះរួមមានបទឃាតកម្មគិតទុកជាមុន និង បទកាន់កាប់អាវុធគ្មានការអនុញ្ញាត៕

ប្រភព៖ fresh news

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

ក្រោយពិនិត្យទឹកនោម! នគរបាលស័ក្តិ៣ ស្វាយ ពិសិដ្ឋ ដែលបាញ់រះជិត១០គ្រាប់ នៅបុរីសម្បត្តិមានហេង មានសារធាតុញៀនក្នុងខ្លួន

(ភ្នំពេញ)៖ មន្រ្តីនគរបាលពាក់ស័ក្តិ៣ នៅនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្វាយ ពិសិដ្ឋ ដែលត្រូវចាប់ខ្លួនរឿងបាញ់រះជិត១០គ្រាប់ ដោយសារខឹងប្រពន្ធ នៅក្នុងបុរីសម្បត្តិមានហេងនោះ ត្រូវបានសមត្ថកិច្ចខណ្ឌច្បារអំពៅអះអាងថា មានសារធាតុញៀនក្នុងខ្លួនផងដែរ បន្ទាប់ពីយកទឹកនោមទៅធ្វើតេស្ត។

នៅចំពោះមុខសមត្ថកិច្ច មន្រ្តីនគរបាលដែលប្រព្រឹត្តបទល្មើសរូបនេះ ក៏បានសារភាពថា ខ្លួនពិតជាបាន និងកំពុងប្រើប្រាស់គ្រឿងញៀនផងដែរ។

តាមគម្រោងនគរបាល ស្វាយ ពិសិដ្ឋ នឹងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ដើម្បីចាត់ការបន្តទៀត តែរហូតមកដល់វេលាម៉ោង ប្រមាណ១០ព្រឹកនេះ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ មិនទាន់បានបញ្ជូនទៅតុលាការនៅឡើយ។

សូមបញ្ជាក់ថា ករណីនេះកើតឡើងនៅ​វេលាម៉ោង៥៖៤០​នាទី ល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ បង្កឡើងដោយមន្រ្តីនគរបាល នាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ នៃអគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ លោក ស្វាយ ពិសិដ្ឋ អាយុ៣៤ឆ្នាំ។

បើតាមរបាយការណ៍របស់សមត្ថកិច្ច មុនពេលកើតហេតុជនសង្ស័យ និងមិត្តភក្តិ២នាក់ទៀត បាននាំគ្នាផឹកស្រាបៀរ នៅផ្ទះជនសង្ស័យ​អស់មួយកេស រួចក៏នាំគ្នាជិះរថយន្តម៉ាក Toyota HighLander ពណ៌ស ពាក់ស្លាកលេខនគរបាល (មិនចាំស្លាកលេខ) ចេញទៅក្រៅបាត់។

លុះដល់ម៉ោង១៧និង៤០នាទី ថ្ងៃដដែលជនសង្ស័យ ក៏ជិះរថយន្តត្រឡប់មកផ្ទះវិញម្នាក់ឯង ពេលនោះប្រពន្ធរបស់ជនសង្ស័យ ក៏ហៅជនសង្ស័យទៅផឹកស្រា និងច្រៀងខារ៉ាអូខេ ជាមួយអ្នកជិតខាង រួចក៏មានទំនាស់ពាក្យសម្តីគ្នា ហើយជនសង្ស័យក៏​យកអាវុធវែងម៉ាក AK-៤៧(មិនដឹងលេខ)បាញ់ឡើងលើជាច្រើនគ្រាប់ រួចក៏យកអាវុធដាក់ក្នុងរថយន្ត ជិះគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចយើង បានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ រកឃើញសំបកគ្រាប់អាវុធវែង (AK) ០៥សំបក ទុកធ្វើជាវត្ថុតាង។ យ៉ាងណាក៏ដោយសម្រាប់ហេតុការណ៍បាញ់បោះនេះ មិនបណ្តាលឲ្យរងគ្រោះដល់ប្រជាពលរដ្ឋ ណាម្នាក់នោះទេ។

បើតាមប្រជាពលរដ្ឋ នៅក្បែរជនសង្ស័យបានឲ្យដឹងថា ជននេះធ្លាប់បាញ់បោះផងដែរ ប៉ុន្តែមិនឃើញមានចំណាត់ការ របស់សមត្ថកិច្ចនោះឡើយ។ ចំពោះករណីនេះ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងសហការជាមួយកម្លាំងនគរបាល មូលដ្ឋានធ្វើការស្រាវជ្រាវបន្ត ដើម្បីចាត់ការបន្តទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]