(សៀមរាប)៖ នៅវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ មានជនទមិឡវាយបំផ្លាញរូបចម្លាក់ហង្ស នៅខាងមុខរូបសំណាក់យាយទេព មានទីតាំងនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បណ្តាលឲ្យបាក់ក្បាល និងបាក់កន្ទុយ តែកម្លាំងល្បាតបានឃាត់ខ្លួនជនសង្ស័យម្នាក់ នាំទៅសាកសួរចម្លើយ នៅប៉ុស្តិ៍នគរបាលស្វាយដង្គំតែម្ដង។

មន្រ្តីសមត្ថកិច្ចបានឲ្យដឹងថា ខណៈដែលកម្លាំងនគរបាលការិយាល័យអន្តរាគមន៍ ខេត្តសៀមរាប កំពុងចុះល្បាតទៅដល់បរិវេណកើតហេតុ ក៏បានប្រទះឃើញជនសង្ស័យម្នាក់ និងបានឃាត់ខ្លួនភ្លាមៗ ដើម្បីយកមកសាកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់ស្វាយដង្គំ។

ជនសង្ស័យមានឈ្មោះ ឈឿន ឆើត អាយុ៣៤ឆ្នាំ មានទីលំនៅភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ អំឡុងពេលសមត្ថកិច្ចសួរនាំ ជនសង្ស័យបានឆ្លើយថា ខ្លួនមិនបានវាយរូបហង្សនោះទេ គឺមានមនុស្សប្រុស២នាក់ផ្សេងទៀត បានជិះម៉ូតូ១គ្រឿងមកវាយរូបនោះ ហើយរួចគេចខ្លួនបាត់ទៅ រូបខ្លួនគ្រាន់តែជាអ្នកដើរកាត់ទេ។

លោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការនគរបាលក្រុងសៀមរាប បានចាត់ឲ្យលោកវរសេនីយ៍ត្រី នួន ស័ក្តិចំរើនរិទ្ធ អធិការងទទួលបន្ទុកព្រហ្មទណ្ឌក្រុងសៀមរាប ដឹកនាំកម្លាំងជំនាញធ្វើការស៊ើបអង្កេត ករណីនេះបន្តទៀត។

ពាក់ព័ន្ធនឹងករណីនេះ ក៏មានរឿងរ៉ាវអាក្រក់មួយកើតឡើងម្ដងរួចហើយ ដោយរូបសំណាក់លោកយាយទេព កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ កន្លងទៅ ក៏ធ្លាប់ត្រូវបានជនមិនស្គាល់មុខ លួចវាយបាក់ក និងឆែបច្រមុះផងដែរ៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ចោរមួយក្រុមចូលទៅគាស់ផ្ទះ អាជីវករលក់គ្រឿង​អលង្ការនៅសង្កាត់ទឹកថ្លា យកអស់ជិត៤ម៉ឺនដុល្លារ, បើកចូលផ្លូវទ័ល ក្រុមចោរទុក​រថយន្ត​រត់គេចខ្លួនអស់

(ភ្នំពេញ)៖ ស្រ្តីដែលជាអាជីវករលក់គ្រឿងអលង្ការម្នាក់ នៅផ្សារតនាផ្លាហ្សា ស្ថិតនៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បាននិយាយថា មានចោរមួយក្រុម មិនដឹងប៉ុន្មានបានចូលគាស់ផ្ទះរបស់ខ្លួន ហើយប្រមូលយកលុយ និងគ្រឿងអលង្ការអស់ជិត៤ម៉ឺនដុល្លារ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ។

ក្រុមចោរបានបើករថយន្តមួយគ្រឿងម៉ាក Camery ឆ្លាមពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2P-1129 យកទៅប្លុងចោលតាមផ្លូវដឿងហែម នៅក្បែរផ្សារទឹកថ្លា ​ដោយសារបើកទៅមុខមិនរួចពោលប៉ះចំផ្លូវទ័ល។ ភ្នាក់ងារ Fresh News បានរាយការណ៍ថា នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ កម្លាំងសមត្ថកិច្ចទាំងនគរបាល និងអាវុធហត្ថ បានចុះទៅកាន់ទីតាំងដែលក្រុមចោរបានយករថយន្តរបស់ខ្លួន ប្លុងចោលនៅទីនោះ​ ដើម្បីពិនិត្យរកវត្ថុតាងបន្ថែមទៀត។

ស្រ្តីរងគ្រោះ ម៉េង វ៉ាន់លី អាយុ៣៥ឆ្នាំ បាននិយាយថា លុយបាត់បង់ប្រហែល៣០០ទៅ៤០០ដុល្លារ ប៉ុន្តែគ្រឿងអលង្ការវិញ បាត់បង់រហូតដល់ជិត៤ម៉ឺនដុល្លារ។

ស្រ្តីរងគ្រោះបានបន្តថា មុនពេលកើតហេតុ គាត់បានចេញពីផ្ទះយកឯកសារទៅដាក់នៅសាលាខណ្ឌទួលគោក ក្រោយមកបានជិះម៉ូតូកង់បីត្រឡប់មកផ្ទះវិញ ខណៈមកដល់មុខផ្ទះអោនចាក់សោរបងស្រាប់តែឃើញជនសង្ស័យ២នាក់ លោតផ្លោះរបងចេញពីផ្ទះគាត់ទៅផ្ទះម្ខាងទៀត។

ពេលនោះគាត់ស្មានតែសមត្ថកិច្ចដេញ ចាប់ពួកជនជាតិក៏ចូលដល់ក្នុងផ្ទះឃើញចំរឹងបង្អួចរបើកគាត់ ក៏ចេញមកវិញស្រែកចោរៗ ហើយជនសង្ស័យក៏រត់ឡើងរថយន្តបក្ខពួក ដែលបញ្ឆេះចាំស្រាប់។ ភ្លាមៗនោះសន្តិសុខឯកជនបានឃើញ និងបានវាយរថយន្តខាងលើមួយដៃបែកកញ្ចក់ទ្វារមុខ ហើយបោះដៃតៗគ្នាឲ្យបិតប៉ារ៉ាស់ខាងមុខ តែរថយន្តខាងលើបើកបុកប៉ារ៉ាស់ហើយគេចខ្លួនដោយសុវត្ថិភាព។

សម្រាប់រថយន្តខាងលើនេះ​ នឹងត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តទៀត៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]