ភ្នំពេញ៖ ក្រុមគោព្រៃកម្ពុជានឹងត្រូវប៉ះក្រុមជម្រើសជាតិឥណ្ឌា វេលាម៉ោង៦:៣០នាទីល្ងាចនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ប៉ុន្តែខ្សែការពារ និងបំរើស្លាបស្តាំ ដែលជាគន្លឹះសំខាន់របស់ក្រុម គឺកីឡាករ ឈិន ឈឿន មិនមានឈ្មោះនៅក្នុងបញ្ជីក្រុមនោះទេ ពោលគឺមិនបានជួយក្រុមជម្រើសជាតិល្ងាចនេះឡើយ។

បើទោះជាមិនមានឈ្មោះនៅក្នុងក្រុមជម្រើសជាតិលើកនេះក៏ដោយ ឈិន ឈឿន ដែលលេងឲ្យក្លិបក្រសួងការពារជាតិបានបង្ហោះសារជូនពរទៅកាន់គោព្រៃកម្ពុជាផងដែរថា «ថ្ងៃនេះជូនពរអោយក្រុមជម្រើសជាតិកម្ពុជាយើង ទទួលបានជ័យជម្នះអោយប្រទេសកម្ពុជារបស់យើង ទោះខ្ញុំមិនមានឈ្មោះក្នុងជម្រើសក៏ដោយ»

បើពឹងផ្អែកទៅលើមូលហេតុដែលធ្វើឲ្យ ឈិន ឈឿន មិនមានឈ្មោះក្នុងក្រុមជម្រើសជាតិ គឺដោយសារតែ បច្ចុប្បន្ននេះ ភរិយារបស់ខ្លួនកំពុងមានផ្ទៃពោះជិតគ្រប់ខែ ដូច្នេះកីឡាកររូបនេះត្រូវការពេលវេលានៅជិត និងមើលថែភរិយា ហើយគួបផ្សំថ្ងៃនេះក៏ជាថ្ងៃពិធីមង្គលការរបស់បងប្រុសធំរបស់កីឡាករ ឈិន ឈឿន ផងដែរ។

យ៉ាងណាមិញ បើទោះគ្មាន ឈិន ឈឿន ក៏ដោយ គ្រូបង្គោលដែលទើបឡើងកាន់តំណែងថ្មី លោក Leonardo Luis ក៏បានកោះហៅកីឡាករសំខាន់ៗ២រូបវិលចូលក្រុមជម្រើសវិញផងដែរ ក្នុងនោះមានដូចជា ធារី ចន្ថាប៊ីន និង ចាន់ វឌ្ឍនាកា ដែលប្រកបអាជីពបាល់ទាត់នៅក្លិបក្រៅប្រទេស ខណៈពួកគេទាំងពីរ និងក្រុមជម្រើសជាតិទាំងអស់កំពុងនាំគ្នាហ្វឹកហាត់យ៉ាងសស្រាក់សស្រាំ សម្រាប់ការប្រកួតល្ងាចនេះ៕ 

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ក្រោយ​ផ្ទុះ​សង្គ្រាម​សម្តី​ផ្អើល​ហ្វេសប៊ុក ​កីឡា​ករ​ទាំង​២​មាន​ដំណើរ​ជីវិត​ស្រដៀងគ្នា

រាជធានី​ភ្នំពេញ ៖ ក្នុង​ពិភព​កីឡា​ មិន​មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា ​កីឡាករ​ល្បីឈ្មោះ​២​រូប គឺ​សេន ប៊ុ​ន​ថេ​ន និង​វ៉​ន វី​វ៉ា គឺជា​អតីត​មិត្ត​ល្អ​នឹង​គ្នា តែ​ក៏​បាន​ឈ្លោះ​គ្នា​ឡើង​បែកផ្សែង​ដោយសារ​តែ​ការ​ចំអន់ និង​សើចចំអក​ដាក់​គ្នា​ផង​ដែរ ។ មក​ទល់​ពេល​នេះ គេ​កត់​សម្គាល់ថា ​កីឡាករ​ទាំង​ពីរ​មាន​លំនាំ​ជីវិត​ដូច​គ្នា ​ជា​ពិសេស​បន្ទាប់​ពី​បាន​ក្លាយជា​ឪពុក​របស់​ទារិកា ។

លោក សេន ប៊ុ​ន​ថេ​ន និង​វ៉​ន វី​វ៉ា ត្រូវ​គេ​កត់​សម្គាល់ថា សឹង​នឹង​មានដំណើរ​ជីវិត​ដូច​គ្នា​ទៅ​ហើយ​ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ចាប់ផ្ដើម​នឿយណាយ​ពី​ការ​ប្រដាល់​ដូច​គ្នា ។ បើ​ទោះជា​សេន ប៊ុ​ន​ថេ​ន នៅ​លឹប​ល​ម្ដងម្កាល​ជាមួយ​ការ​ប្រដាល់ ដោយសារ​តែ​លោក​នៅ​បន្តជីវិត​ជា​គ្រូបង្វឹក​ តែ​គេ​កត់​សម្គាល់ថា​ ស្ថានភាព​លា​ចេញពី​ការ​ប្រដាល់​របស់​លោក​នឹង​ត្រូវ​កើតឡើង​មិន​ខុស​គ្នា ។

កីឡាករ​ សេន ប៊ុ​ន​ថេ​ន មិន​ដែល​ប្រកាស​ថា បោះបង់​ការ​ប្រដាល់​នោះ​ទេ ដោយ​ភាព​ជាក់ស្ដែង​លោក​ក៏​បាន​បង្ហាញខ្លួន​ឡើង​រេញ​កាលពី​ចុងឆ្នាំ​២០១៦ ​ធ្វើ​ឱ្យ​មាន​របួស​ជាប់​ខ្លួន​នោះ​ផង ។

យ៉ាងណាមិញ លោក​ប្រហែលជា​បាត់​ឱកាស​ឡើង​រេញ​ទៀត​ហើយ ដោយ​សារ​តែ​ភរិយា​របស់​លោក​ក៏​ចង់ឱ្យ​ឈប់​ប្រដាល់ ស្រប​គ្នា​​ដែល​លោក​ក៏​ទើបតែ​មានកូន​ស្រី​ម្នាក់​ជាទី​ស្រឡាញ់ ដែល​ត្រូវ​ស្វែងរក​ការងារ​ផ្សេង​ជំនួស​ឱ្យ​ការ​ប្រដាល់ ។ លោក​បាន​ប្រកាសប្រាប់​មិត្ដភក្ដិ​ឈប់​ឡើង​ប្រដាល់ ​ហើយ​កុំឱ្យ​ចាញ់​ខ្មាស​គេ និង​ដើម្បី​មាន​ពេល​បាន​មើល​ខុស​ត្រូវ​ចំពោះ​កូនស្រី​ខ្លួន​ឱ្យ​បាន​ល្អ​ផង ។

លោក​បាន​បង្ហោះ​ ពី​ក្ដី​ស្រឡាញ់​ចំពោះ​កូនស្រី​ របស់​ខ្លួន​យ៉ាង​ខ្លាំង បើ​ទោះជា​មុន​ពេល​ភរិយា​ពពោះ លោក​រមែង​ប្រកាស​ថា មិន​ទាន់​ចង់បាន​កូន​ដោយសារ​តែ​ជីវភាព​មិន​ទាន់​ប្រសើរ ។

លោកថា កូនស្រី​របស់​លោក​ទើបនឹង​ប្រសូត​ឡើង​កាលពី​ថ្ងៃ​ទី​១៧ មីនា ដោយ​លោក​បាន​ដាក់​ឈ្មោះ​ថា Bella និង​បាន​ចាត់​ទុក​ថា ​ជា​កូនស្រី​សំណព្វចិត្ត​របស់​លោក​នោះ​ផង ។ លោក​ថា ខ្លួន​មិន​ទាន់​ចង់បាន​កូន​នៅឡើយ​ទេ ប៉ុន្តែ​ក្រោយ​ពេល​ភរិយា​ពពោះ និង​បង្កើត​បានកូន​ស្រី​គឺ​លោក​រំភើប និង​ស្រឡាញ់​គ្មាន​ពីរ បន្ទាប់​ពី​បាន​ក្លាយ​ខ្លួន​ជា​ឪពុក​របស់​ក្មេង ។

លោក​ថា ខ្លួន​នៅ​តែ​បន្តដំណើរ​ជាមួយ​ការ​ប្រដាល់ ប៉ុន្តែ​បើ​ឱ្យ​ឡើង​ប្រដាល់​ដូច​មុន គឺ​លោក​អាច​នឹង​អត់​ដោយសារ​តែ​លោក​ក៏​លែង​ចង់​ល្បី​ដោយសារ​ឡើង​វ៉ៃ​បន្ត​ទៀត ។ លោក​ថា កម្លាំង​ចុះ​ខ្សោយ​ហើយ​ស្ថានភាព​របួស​ក្នុង​ការ​ប្រកួត​លើក​ចុង​ក្រោយ​ក៏​ធ្វើ​ឱ្យ​លោក​លែង​ចង់​ឡើង​រេញ​ផង​ដែរ ដោយ​លោក​នៅ​ទទួល​តែ​ការ​បង្វឹក​សិស្ស​ប៉ុណ្ណោះ ដើម្បី​ប្រាក់​ចំណូល​ផង​ និង​ដើម្បី​ឱ្យ​រាង​កាយ​មាន​សុខភាព​ល្អ​មិន​ខុស​ពី​នៅ​ប្រកួត​ប្រដាល់​ផង ។ ទោះបី​យ៉ាង​ណា លោក​អាច​ទទួលយក​ការ​ប្រដាល់​ម្ដងម្កាល បើ​សុខភាព​អំណោយផល​ហើយ​ការ​ប្រដាល់​ត្រូវធ្វើ​ឡើង​សម​នឹង​លោក​ទទួលយក ។

លោក​ថា ក្រោយ​ក្លាយជា​ឪពុក​ក្មេង​ត្រូវ​គិត​មុនគេ​ពី​ការ​រក​លុយ តែ​ក៏​មិនមែន​ជម្រើស​យក​ការ​រក​លុយ​ដោយ​ឡើង​ប្រដាល់​មិន​ខ្លាច​គ្រោះថ្នាក់​នោះ​ដែរ ដើម្បី​កុំឱ្យ​ឈឺ​ទៅ​ពិបាក​ប្រពន្ធ​កូន ។

ជំហរ​របស់​លោក​ត្រូវ​គេ​ឃើញ​ដូច​គ្នា​នឹង​កីឡាករ​វ៉​ន វី​វ៉ា ដែល​ជា​អតីត​គូ​ជម្លោះ និង​ជា​អ្នក​រួម​អាជីព​របស់​ខ្លួន ។

វ៉​ន វី​វ៉ា ក្រោយ​ពេល​រៀប​ការ​លោក​នៅ​តែ​បន្ត​អាជីព​ប្រដាល់​នៅឡើយ​ទេ ប៉ុន្តែ​ដោយសារ​ការ​ប្រកួត​លើក​ចុង​ក្រោយ បណ្ដាល​ឱ្យ​លោក​បាក់ឆ្អឹង​ដៃ ទើប​ប្រកាស​ដកខ្លួន​ព្រម​គ្នា​ជាមួយនឹង​បាន​ក្លាយជា​ឪពុក​គេ​តែ​ម្ដង ។ អ្វី​ដែល​គេ​មើលឃើញ​ដូច​គ្នា គឺ​អ្នក​ទាំង​ពីរ​មានកូន​ស្រី​ដូច​គ្នា និង​បាន​ប្រកាស​លាឈប់​ការ​ប្រដាល់​លើ​រេញ​ក្រោយ​ក្លាយជា​ឪពុក​គេ​ដូច​គ្នា ។

មហាជន​មួយ​ចំនួន​បាន​ចាប់អារម្មណ៍​ វ៉​ន វី​វ៉ា ក្រោយ​ពេល​ល្បីឈ្មោះ ជា​ពិសេស​គឺ​បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ផ្ទុះ​រឿង​ឈ្លោះ​គ្នា​ឡើង​ផ្អើល​មហាជន​នា​ពេល​មុន ។ ក្នុង​នោះ​សូ​ម្បី​តែ​អ្នក​នាង​ ស៊ន ដា​វី​ន និង​ ឃឹម ខាន់​សោ​ភ័​ណ្ឌ ដែល​ជា​ភរិយា​អ្នក​ទាំង​ពីរ​ក៏​បញ្ចេញ​ទស្សនៈ​កាច់​កុង​គ្នា​រឿង​កាន់ជើង​ប្ដី​ដែរ ។ វ៉​ន វី​វ៉ា និយាយ​ថា លោក​ឈប់​ប្រដាល់​ហើយ ហើយ​អ្វី​ដែល​លោក​សម្រេច​ធ្វើ​ គឺ​ធ្វើ​ដើម្បី​កូនស្រី ។

យ៉ាងណាមិញ អ្វី​ដែល​គេ​មើលឃើញ​ពី​ភាព​ខុស​គ្នា គឺ​វ៉​ន វី​វ៉ា សម្រេចចិត្ត​មិន​បន្ត​អាជីព​ជា​គ្រូបង្វឹក​នោះ​ទេ តែ​សម្រាប់​កីឡាករ​សេន ប៊ុ​ន​ថេ​ន នៅ​បន្ត​អាជីព​បង្វឹក​សិស្ស បើ​ទោះជា​លោក​បោះបង់​ការ​ប្រដាល់​ទាំងស្រុង​ក្ដី​។ ក្នុង​នោះ​សូ​ម្បី​តែ​ការ​ទទួល​ថតកុន ក៏​ដូច​ជា​លែង​រវល់​ទៀត​ហើយ ដោយ​វ៉​ន វី​វ៉ា ប្រកាស​ថា​ ចង់​ទុក​ពេល​មើល​កូន និង​រកស៊ី​មុខរបរ​មួយ​ផ្សេង​ជា​ជំនួស ។

ងាក​ទៅ​កីឡាករ​សេន ប៊ុ​ន​ថេ​ន លោក​ថា នៅ​តែ​ចង់​បន្ត​អាជីព​ថតកុន និង​បង្វឹក​សិស្ស​រហូត​ដល់​ចាស់ ដោយសារ​លោក​ប្រកាស​ថា នៅ​ចង់​បន្សល់​​ទុក​ស្នាដៃ​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​មុន​ពេល​ចាស់​ទៅ ។ មហាជន​នៅ​តែ​កត់​សម្គាល់ថា វ៉​ន វី​វ៉ា និង​សេន ប៊ុ​ន​ថេ​ន មានដំណើរ​ជីវិត និង​ជំហរ​ស្រ​ដៀង​គ្នា បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ផ្ទុះ​សង្គ្រាមពាក្យសម្ដី​ឡើង​ផ្អើល​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ឱ្យ​មានការ​រិះគន់ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]