(ពោធិ៍សាត់)៖ បុរសម្នាក់ខ្វះការប្រុងប្រយ័ត្ន បានឆ្លងចរន្តអគ្គិសនីធ្លាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបុរសម្នាក់នោះ បានឡើងទៅបាញ់វីសដំបូលផ្ទះ ហើយស្រវាប៉ះខ្សែភ្លើង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ នៅចំណុចផ្ទះរបស់ឈ្មោះ ភួង ស្រៀវ ស្ថិតក្នុងភូមិកប៉ះ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផៃ ផាន់ណារ៉ា អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នរស់នៅភូមិកគោ ឃុំស្វាយហ្លួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍បន្តថា មុនពេលកើតហេតុជនរងគ្រោះ បានទៅធ្វើសំណង់នៅចំណុចផ្ទះរបស់ឈ្មោះ ភួង ស្រៀវ (ឈ្មួញឈើ) ស្ថិតក្នុងភូមិកប៉ះ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ពេលកំពុងតែឡើងទៅបាញ់វីសដំបូលផ្ទះ ក៏ស្រវាប៉ះខ្សែភ្លើងដែលមានតំណតខ្លួនឯង បណ្តាលឲ្យឆ្លងចរន្តអគ្គិសនី ឆក់ធ្លាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ប្រពន្ធចោទប្តី... ប្តីចោទប្រពន្ធ... ប៉ូលិសអង្គុយស្តាប់

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដោយ​អត់ទ្រាំ​នឹង​អំពើ​ផិតក្បត់ និង​ការ​ប្រើ​ហិង្សា​ពី​សំណាក់​ប្ដី​លែង​បាន​ទៀត នាង​ក៏​រត់​មក​រក​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ ឱ្យ​ជួយ​ដល់​រូប​នាង ។

នាង​បាន​​បញ្ជាក់​ថា ប្ដី​នោះ​បាន​ប្រើ​ហិង្សា​លើ​នាង ចាប់តាំងពី​នាង​ទើបតែ​សម្រាលកូន រយៈពេល​១០​ថ្ងៃ​ម្ល៉េះ ប៉ុន្តែ​នាង​ស៊ូទ្រាំ មិន​តបត​នោះ​ឡើយ ។ ប៉ុន្តែ​ការ​ស៊ូទ្រាំ​នោះ​មាន​កំណត់ លុះ​រហូត​ដល់​វេលា​ម៉ោង​០១ និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២១ មីនា នេះ (​មាន​រយៈពេល​៣​ខែ​ហើយ​) ដោយសារ​តែ​ប្ដី​នៅ​តែ​ធ្វើបាប​នាង ទើប​ទ្រាំ​លែង​បាន ក៏​មក​ប្ដឹង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ជួយ​អន្តរា​គម​ន៏​តែ​ម្ដង ។

ប្រភព​ឱ្យ​ដឹង​ថា បុរស​ជា​ប្តី​ឈ្មោះ​ហៀ​ង គឹ​ម​ផុង អាយុ​៣៥​ឆ្នាំ ជា​ថៅកែ​ហាង​ផឹកស៊ី​មួយ​កន្លែង​នៅ​ម្ដុំ​ជិត​ខ្លោងទ្វារវត្ត​ជន្លុង​ម្លូរ មាន​ទីលំនៅ​ក្នុងភូមិ​កប់​ភ្លុក សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ស្ត្រី​ប្រពន្ធ​ឈ្មោះ​ចាន់ ធី អាយុ​៣៥​ឆ្នាំ ជា​អ្នកលក់​ចាបហួយ ដោយពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល បាន​បីកូន​ប្រុស​តូច​ទើប​អាយុ​៣​ខែ និង​កូនស្រី​តូច​ម្នាក់​ទៀត​ទៅ​ជាមួយ​ផង ។

ស្ត្រី​ខាងលើ​រៀបរាប់​ទៀត​ថា ប្ដី​នាង​ធ្វើបាប​ខ្លាំង​ណាស់ ខណៈ​ពេល​ដែល​នាង​កំពុង​សម្រាក​នៅផ្ទះ​មួយ​រយៈពេល ព្រោះតែ​សម្រាលកូន​នោះ ។ លោក​ប្ដី​បាន​នៅ​មើល​ការ​ខុស​ត្រូវ​នៅ​ក្នុង​ហាង​ផឹកស៊ី​នៅ​ម្ដុំ​ជិ​ខ្លោងទ្វារវត្ត​ជន្លុង​ម្លូរ ហើយ​ឆ្លៀតពេល​នោះ​គាត់​បាន​មាន​ស្នេហា​លួចលាក់​ជាមួយ​ស្រី​បម្រើ​ក្នុង​ហាង​នោះ​ថែម​ទៀត​ផង ។ ពេល​នោះ​នាង​មិន​បានដឹង​ទេ ព្រោះ​នាង​នៅ​តែ​ផ្ទះ​ជាប់​រវល់​មើល​កូន​តូច ប៉ុន្តែ​នៅ​ថ្ងៃមួយ​ដោយសារ​តែ​ឃើញ​អត្ត​ចរិត​ប្ដី​ហាក់​ខុស​ប្លែក​ពី​មុន​ៗ​នោះ នាង​មានការ​សង្ស័យ​ខ្លះ​ៗ ហើយ​បាន​ទៅ​លេង​ហាង​នោះ​ម្ដង ។ ខណៈនោះ មានរឿង​មួយ​ដែល​ធ្វើ​ឲ្យ​នាង​ហាក់​ពុំ​ជឿ​លើ​ភ្នែក​ខ្លួនឯង និង​ស្ទើរតែ​គាំងបេះដូង​ស្លាប់​ទៅ​ហើយ​នោះ គឺ​ឃើញ​ប្ដី​កំពុង​ឱប​គ្នា​ជាមួយ​ស្រី​បម្រើ​នៅ​ក្នុង​បន្ទប់​មួយ​ជាមួយគ្នា ។

​ទាក់ទិន​នឹង​ការ​ចោទ​នេះ បុរស​ជា​ប្ដី​បាន​និយាយ​នៅ​ចំពោះ​មុខ​នគរបាល​ថា ខ្លួន​មិន​បាន​ប្រព្រឹត្ត ដូច​ជា​ការ​ចោទប្រកាន់​នោះ​ឡើយ តាម​ពិត ប្រពន្ធ​ខ្លួន​ទេ ដែល​ផិតក្បត់​ខ្លួន មាន​ប្រុស​ផ្សេង​ទៀត ។ ហើយ​កន្លង​មក ខ្លួន​បាន​តាមដាន​ដឹង រហូត​យក​ទូរស័ព្ទ​ទៅ​លុប​លេខ​ដែល​ប្រពន្ធ​ទាក់ទង​ប្រុស​នោះ​ចោល​ថែម​ទៀត ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]