អៀកឡង់៖ ហេតុការណ៍ដ៏គួរឲ្យស្រៀវឆ្អឹងមួយបានកើតឡើង នៅក្នុងហាងស្រាមួយកន្លែងយីហោ Dublin ។  បុរសដែលជាភ្ញៀវម្នាក់ បានចូលទៅទទួលទានស្រាក្នុងហាងស្រានោះ រួចបានភ្នាល់ជាមួយអ្នកបម្រើស្រាក្នុងហាង ទឹកប្រាក់ចំនួន ២០អឺរ៉ូ (ប្រហែល២១ដុល្លារ) ប្រសិនបើអ្នកបម្រើក្នុងហាងនោះ អាចយកឈ្នះការប្រកួតសាកកម្លាំងដៃជាមួយគាត់។

មិនអែអង់យូរ បុរសអ្នកបម្រើស្រាក្នុងហាងនោះ ក៏ចង់បញ្ចេញកម្លាំងសាច់ដុំ ដើម្បីយកឈ្នះបុរសដែលជាភ្ញៀវ ក្នុងន័យកំដរភ្ញៀវផង និងចង់ប្រកួតប្រជែងសាកល្បងផង។ ពួកគេទាំង ២ក៏បានដាក់ដៃលើតុរៀងៗខ្លួន និងចាប់ផ្ដើមការប្រកួត ដោយពួកគេប្រើដៃឆ្វេងដើម្បីប្រកួត។

តាមរយៈឃ្លីបវីដេអូដែលគេថតបាន បុរសអ្នកបម្រើក្នុងហាងបានប្រើកម្លាំងស្ទើរអស់ពីខ្លួន ធ្វើឲ្យរាងកាយញ័រទទ្រើត។ ចំណែកបុរសជាភ្ញៀវហាក់មានសភាពធម្មតា។ ក្នុងពេលដែលការប្រកួតគ្នាបានមួយសន្ទុះ បុរសជាភ្ញៀវក៏បញ្ចេញកម្លាំងសាច់ដុំរបស់ខ្លួនយ៉ាងគំហុក  ដើម្បីផ្ដួលគូប្រកួត ក៏ស្រាប់តែលាន់លឺសម្លេងផាច់យ៉ាងខ្លាំង បណ្តាលឲ្យឆ្អឹងដៃអ្នកបម្រើបានភ្លាត់ និងបាក់ ដែលធ្វើឲ្យអ្នកនៅក្នុងហេតុការណ៍នោះភ័យតក់ស្លុត។

បុរសរងគ្រោះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការវះកាត់ បន្ទាប់ពីរងការឈឺចាប់យ៉ាងខ្លាំង។  ក្រោយការវះកាត់ ឆ្អឹងដៃរបស់គាត់ ត្រូវរុំព័ទ្ធដោយលោហៈ និងប៉ាឡុងដើម្បីទប់ឆ្អឹងដែលបានបាក់នោះ៕

វីដេអូខាងក្រោម៖

ប្រភព៖ បរទេស

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

ក្រុមហ៊ុនមួយកំពុងស្វែងរកបុគ្គលិក អ្នកពូកែដេកកម្រិតអាជីព ដោយផ្ដល់ប្រាក់ចំណូលប្រចាំឆ្នាំ ជិត១៥០០០ដុល្លារ

ចិន៖ ក្រុមហ៊ុនថ្នាំពេទ្យមួយក្នុងប្រទេសចិនបានប្រកាសស្វែងរកអ្នកពូកែគេង ដើម្បីសហការណ៍ជាមួយពួកគេក្នុងការពិសោធន៍។ ការងារនេះខាងក្រុមហ៊ុនមិនតម្រូវឲ្យធ្វើអ្វី ឬក៏គិតអ្វីច្រើននោះទេ គ្រាន់តែទទួលទានថ្នាំរបស់ក្រុមហ៊ុន ហើយគេងតែប៉ុណ្ណោះ ទទួលបាន ១សែនយ័នក្នុងមួយឆ្នាំ ឬប្រមាណជិត ១៥០០០ដុល្លារអាមេរិក។

យោងតាមកាសែត Beijing Morning Post បានឲ្យដឹងថា ក្រុមហ៊ុនផលិតថ្នាំមួយ កំពុងស្វែងរកអ្នកពូកែគេង ដែលអាចគេងបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយខាងក្រុមហ៊ុនតម្រូវឲ្យលេបថ្នាំរបស់ពួកគេរួចគេង ហើយក្រោយពីគេងរួចពួកគេត្រូវសរសេររបាយការណ៍អំពីលទ្ធផលនៃការទទួលទានថ្នាំនោះ។ លើសពីនេះ ក៏តម្រូវឲ្យគេងក្នុងពេលវេលាខុសៗគ្នា និងតម្រូវឲ្យគេងផ្អែកទៅតាមទម្លាប់អ្នកធ្វើការប្រភេទខុសគ្នា ដូចជាគេងតាមអ្នកធ្វើការវេនព្រឹក និងគេងតាមអ្នកធ្វើការវេនយប់ជាដើម ដើម្បីអាចដឹងថា ការគេងខុសពេលគ្នា​មានសភាពយ៉ាងដូចម្ដេច។ ចំពោះតម្រូវការជ្រើសរើសមិនពិបាកទេ គ្រាន់តែបុគ្គលិកដែលចង់ដាក់ពាក្យធ្វើការ ជាអ្នកដែលចូលចិត្តគេង។

ដោយឡែកការងារជាអ្នកគេងអាជីពនេះ នៅអាមេរិកអាចរកចំណូលបានខ្ទង់ ៣០ម៉ឺនដុល្លារផងដែរ ពីបណ្តាក្រុមហ៊ុន និងអ្នកស្រាវជ្រាវ ដែលចង់ស្វែងយល់ថាហេតុអ្វីបានជាប្រជាជនអាមេរិក១ភាគ៣គេងមិនបានគ្រប់គ្រាន់។

ទោះយ៉ាងណា របាយការណ៍បានប៉ាន់ស្មានថា នៅពេលអនាគតការងារជាអ្នកគេងអាជីពនេះនឹងទទួលបានការពេញនិយមដែរមិនខាន ព្រោះប្រជាជនចិនបាននិងកំពុងចាប់ផ្តើមគិតគូរអំពីបញ្ហាសុខភាពផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]