(ភ្នំពេញ)៖ មុននេះបន្តិចមានករណីផ្ទុះឡ ចេញពីក្នុងរោងចក្រមួយកន្លែង ហោះចំងាយប្រមាណជាង១០០ម៉ែត្រ ទៅបុកកម្មការិនីម្នាក់ ស្លាប់ភ្លាមៗ និងរងរបួស៧នាក់ផងដែរ (ស្រ្តីពោះធំម្នាក់) ខណៈកំពុងទទួលទានបាយថ្ងៃត្រង់នៅខាងក្រៅរោងចក្រ។ កន្លែងកើតហេតុស្ថិតនៅតាម បណ្តោយផ្លូវរទេះភ្លើង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភព៖ Fresh News
ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ម៉ៅការសំណង់តគ្នារយោងដូចសម្លរកំពឹស ទីបំផុតឈ្មួញកណ្ដាលវេចលុយជាង១៤លានរៀលរត់បាត់
រាជធានីភ្នំពេញ ៖ បុរសស្ត្រី២នាក់ប្តីប្រពន្ធ បានប្ដឹងសុំឲ្យនគរបាលប៉ុស្ដិ៍កាកាប ជួយអន្តរាគមន៍ដោយពួកគាត់ បានរៀបរាប់ទាំងការហួសចិត្តប្រាប់នគរបាលថា ពួកគាត់មានមុខរបរទទួលម៉ៅការសំណង់ ហើយបានទទួលការងារពីបុរសម្នាក់ ដែលបានទទួលម៉ៅការបន្តពីអ្នកទទួល ការងារដោយផ្ទាល់ពីក្រុមហ៊ុន សំណង់បុរីផ្ទះល្វែង។
ខណៈនោះបន្ទាប់ពីទទួលការងារពីបុរសដែលជាអ្នកទម្លាក់ការងារឲ្យពួកគាត់ធ្វើនោះ ពួកគាត់បានរកកម្មករបានចំនួន២២នាក់ទៅធ្វើការងារ ហើយបុរសដែលជាអ្នកទទួលការងារ ដោយផ្ទាល់ពីក្រុមហ៊ុននោះក៏បានឲ្យពួកគាត់រកកម្មករដាក់ឲ្យបានឆាប់ និងប្រាប់ថាលុយកុំភ័យ ចាំការងាររួចរាល់ចាំបើកលុយពីខ្លួនថែមទៀតផង។
លុះក្រោយពេលធ្វើការងាររួចរាល់ជាស្ថាពរ ស្រាប់តែអ្នកទទួលការងារដោយផ្ទាល់ពីក្រុមហ៊ុននោះ មិនបានប្រាប់សូម្បីតែមួយម៉ាត់ឡើយ ហើយបានបើកលុយទៅឲ្យអ្នកម៉ៅការបន្តពីខ្លួននោះ និងត្រូវជននោះវេចលុយចំនួនជាង១៤លានរៀលទៅបាត់ចោលពួកគាត់ និងកម្មករទាំង២២នាក់។ បុរសស្ត្រីទាំងពីរនាក់ប្ដីប្រពន្ធនោះ បានធ្វើដំណើរទៅដាក់ពាក្យបណ្ដឹងនៅសាលាសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧។
ហើយត្រូវបានគេស្គាល់ស្ត្រីជាប្រពន្ធឈ្មោះ ឡន សុខន អាយុ៤៧ឆ្នាំ ជាអ្នកម៉ៅការសំណង់ស្នាក់នៅក្នុងភូមិប៉ាយ៉ាប សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ចំណែកបុរសជាប្តីឈ្មោះ កែវ រីន អាយុ៥១ឆ្នាំ ជាមេការសំណង់ផងជាអ្នកម៉ៅការសំណង់ផង និងមានស្រុកកំណើតនៅភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ចាញ់បោកគេអស់លុយចំនួន១៤,២៣០,០០០រៀល(ដប់បួនលានពីរសែនបីម៉ឺនរៀល)។
ចំណែកអ្នកទី២ ដែលបានវេចលុយរត់គេចខ្លួនបាត់នោះឈ្មោះ វី និងអ្នកទី១ដែលជាអ្នកទទួលការងារដោយផ្ទាល់ពីក្រុមហ៊ុនសំណង់ មកទម្លាក់ឲ្យឈ្មោះ វី នោះត្រូវបានគេស្គាល់ឈ្មោះ ឆាត ។
ស្ត្រីខាងលើបាននិយាយថា កាលពីអំឡុងខែតុលា ឆ្នាំ២០១៦ កន្លងមកគាត់បានទទួលម៉ៅការងារពីបុរសឈ្មោះ វី នោះដោយព្រមព្រៀងគ្នាក្នុងតម្លៃសរុបចំនួន ១៨,២៣០,០០០រៀល(ដប់ប្រាំបីលានពីរសែនបីម៉ឺនរៀល) ហើយខណៈនោះក៏មានឈ្មោះ ឆាត ជាអ្នកដឹងឮ និងជម្រុញឲ្យគាត់រកកម្មករឲ្យបានច្រើនដើម្បីធ្វើការងារឆាប់ហើយ។
មិនតែប៉ុណ្ណោះឈ្មោះ ឆាត នោះក៏បានប្រាប់គាត់ថា រកកម្មករមកកុំភ័យធ្វើការឲ្យតែហើយទៅ ចាំបើកលុយពីខ្ញុំ ដោយសារតែមើលទៅគួរឲ្យទុកចិត្ត ទើបគាត់ស្វះស្វែងរកកម្មករទៅធ្វើការនៅទីនោះបានចំនួន២២នាក់។
លុះពេលធ្វើការហើយរួចរាល់ គាត់បានទៅបើកលុយ ត្រូវឈ្មោះ ឆាត ប្រាប់ថា បានបើកទៅឲ្យឈ្មោះ វី អស់ចំនួន ១៤,២៣០,០០០រៀលហើយ នៅសល់តែ៤លានរៀលប៉ុណ្ណោះ ពេលនោះគាត់បានទៅរកឈ្មោះ វី ដើម្បីបើកលុយឲ្យកម្មករ ប៉ុន្តែឮដំណឹងថាឈ្មោះ វីនោះបានរត់គេចខ្លួនបាត់ហើយ។
គាត់មិនបានដឹងថាឈ្មោះ វី និងឈ្មោះ ឆាត នោះត្រូវដងត្រូវផ្លែ និងឃុបឃិតគ្នាឬបែបណានោះឡើយ ទើបពេលបើកលុយឈ្មោះ ឆាត មិនបានប្រាប់គាត់សូម្បីតែមួយម៉ាត់បែបនេះ ហើយក៏ភ្លេចអស់នៅពេលដែលប្រាប់ឲ្យគាត់រកកម្មធ្វើការ និងប្រាប់មិនឲ្យគាត់ភ័យចាំធ្វើការរួចបើកលុយពីគេនោះ ដោយគ្មានជម្រើសទើបគាត់ប្ដឹងសុំឲ្យអាជ្ញាធរជួយគាត់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]