អង់គ្លេស៖ អតីតខ្សែការពារឆ្នើមរបស់ក្រុមជម្រើសជាតិអង់គ្លេស និងក្លិបបិសាចក្រហម Manchester United កីឡាករ Rio Ferdinand បានសារភាពថា ក្រោយពីប្រពន្ធស្លាប់ទៅ ខ្លួនបានក្លាយជាមនុស្សប្រមឹកម្នាក់ ផឹកស្រាស្ទើររាល់យប់ មិនតែប៉ុណ្ណោះថែមទាំងមានអារម្មណ៍ខុសឆ្គង ចំពោះខ្លួនឯងទៀតផង។

ថ្លែងប្រាប់ Radio Time អំឡុងពេលថតវីដេអូឯកសារឲ្យ BBC ខ្សែការពារ Rio Ferdinand បាននិយាយទាំងក្តុកក្តួលថា ខ្លួនធ្លាក់ដុនដាបពិបាកចិត្តខ្លាំង តែងតែផឹកស្រាពេលយប់ពាក់កណ្តាលអាធ្រាត ហើយគ្មានអ្វីពឹងពាក់បានក្រៅពីសុរានោះទេ ក្រោយពីប្រពន្ធស្លាប់ដោយសារជំងឺមហារីកសុដន់ កាលពីខែមីនា ឆ្នាំ២០១៥ កន្លងទៅ។

គួរឲ្យដឹងថា សព្វថ្ងៃនេះ Ferdinand មានវ័យ៣៨ឆ្នាំ ដើរតួរជាឳពុកផងម្តាយផង ដើម្បីចិញ្ចឹមកូនៗ៣នាក់ Lorenz អាយុ១០ឆ្នាំ Tate អាយុ៨ឆ្នាំ និង Tia អាយុ៥ឆ្នាំ។

អតីតខ្សែការពាររបស់ក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានបន្តឲ្យដឹងទៀតថា «ពួកយើងសំណាងណាស់ដែលមាននាងនៅក្បែរ តែនៅពេលដែលនាងទៅបាត់ ខ្ញុំក៏បានចាប់ផ្តើមផឹកស្រានៅពេលយប់ រហូតដល់រយៈពេល៣ទៅ៤ខែ ទើបខ្ញុំសម្រេចចិត្តបញ្ឈប់វិញ»

Rio Ferdinand បន្តទៀតថា «ក្រោយពីបញ្ឈប់ហើយនោះ ខ្ញុំបានភ្ញាក់ខ្លួនពីរបួសផ្លូវចិត្ត និងទុក្ខព្រួយ ហើយក៏ចាប់ផ្តើមធ្វើការឡើងវិញ ក្នុងនោះដែរ មានមនុស្សជាច្រើនបាននៅក្បែរលើកទឹកចិត្តខ្ញុំ ដើម្បីឲ្យខ្ញុំខំប្រឹងរកភាពជោគជ័យឡើងវិញសម្រាប់កូនៗទាំង៣»

គួររំលឹកផងដែរថា Rio Ferdinand និងភរិយា Londoner Rio ស្រលាញ់គ្នាដំបូងតាំងពីនាងមានអាយុ២១ឆ្នាំមកម្ល៉េះ។ ក្រោយមក Ferdinand ក៏បានសុំនាងរៀបការនៅទីក្រុង Las Vegas កាលពីឆ្នាំ២០០៧ តែកាលនោះអ្នកទាំងពីរមានកូនអាយុ១ឆ្នាំជាមួយគ្នាហើយ រហូតដល់ឆ្នាំ២០០៩ ទើបអ្នកទាំងពីររៀបចំពិធីមង្គលការ រៀបការជាមួយគ្នា៕  

ប្រភព៖ Dailymail

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ Ronaldo និង​ Messi បញ្ចេញសារទាំងក្តីឈឺចាប់ ផ្ញើជូនកុមារដែលរងគ្រោះ ដោយសារសង្គ្រាមនៅសីុរី

បរទេស៖ ត្បិតតែ Cristiano Ronaldo និង Lionel Messi ជាកីឡាករបាល់ទាត់ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញពិតមែន ប៉ុន្តែបើនិយាយរឿងសប្បុរសធម៌វិញ អ្នកទាំងពីរមិនដែលភ្លេចទេ ក្នុងការផ្តល់ជាជំនួយ ឬក៏ផ្ញើជាសារលើកទឹកចិត្តដល់ជនរងគ្រោះជាច្រើនជុំវិញពិភពលោក។

ជាក់ស្តែងថ្មីៗនេះ ទាំង Ronaldo និង Messi បានបង្ហាញសារក្តុកក្តួលមួយនៅក្នុងបណ្តាញសង្គមរបស់ខ្លួន ផ្ញើជូនទៅក្មេងៗជាច្រើនដែលរងគ្រោះដោយសារសង្គ្រាម។

គួរឲ្យដឹងថា អ្នកទាំងពីរសុទ្ធតែជាឪពុក និងមានកូនៗដូចគ្នា ដូច្នេះពួកគេមិនចង់ឃើញមានកុមាររងគ្រោះនោះឡើយ មិនថារងគ្រោះដោយហិង្សា ឬរងគ្រោះអត់ឃ្លាន ទើបដូច្នេះហើយ ក្នុងនាមជាអត្តពលិកដ៏ល្បី ពួកគេក៏បានផ្ញើជាសារមួយទាំងក្តីឈឺចាប់ ដើម្បីទាមទារឲ្យមានសន្តិភាពឡើងវិញ។

ក្នុងនោះ ខ្សែប្រយុទ្ធឆ្នើមលេងឲ្យក្លិប Barcelona និងជាអគ្គរដ្ឋទូតរបស់អង្គការ UNICEF កីឡាករ Lionel Messi បានផ្ញើសារទាំងក្តីឈឺចាប់ថា «មិននឹកស្មានថាសង្គ្រាមទាំងនេះបានកើតឡើងអស់រយៈពេល៦ឆ្នាំ វាពិតជាច្រើនពេកហើយ។ កុមារនៅស៊ីរីជាច្រើន បានរងគ្រោះដោយសារ ហិង្សា សម្លាប់យ៉ាងឃោរឃៅ ឯខ្លះទៀតចាប់ទុកធ្វើជាចំណាប់ខ្មាំងអស់រយៈពេល៦ឆ្នាំ» ។

Messi បានបន្តទៀតថា «ក្នុងនាមជាឯកអគ្គរាជទូតរបស់ UNICEF ខ្ញុំពិតជាឈឺចាប់ណាស់ ដូច្នេះអ្នកទាំងអស់គ្នា គួរតែនាំគ្នាបញ្ចេញមតិឡើងទៅកាន់អង្គការ UNICEF ដើម្បីទាមទារឲ្យបញ្ឈប់ និងបញ្ចប់សង្គ្រាមទាំងនេះវិញ»។

ដោយឡែកចំពោះខ្សែប្រយុទ្ធរបស់ក្លិប Real Madrid កីឡាករ Cristiano Ronaldo វិញបានបង្ហោះរូបភាពមួយសន្លឹកជាមួយកូនប្រុសរបស់ខ្លួន រួចផ្ញើជាសារនៅក្នុងបណ្តាញសង្គមផងដែរថា «ថ្ងៃនេះខ្ញុំមានការនឹករលឹកដល់កុមារស៊ីរីម្នាក់ឈ្មោះ Omar ដែលគេមានក្តីស្រមៃចង់ក្លាយជាជាងកាត់សក់ #ជួយសង្រ្គោះកុមារស៊ីរី » ។

គួររំលឹកបន្ថែមទៀតថា កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ Ronaldo ធ្លាប់បានធ្វើរឿងសប្បុរសមួយ ដោយបានបរិច្ចាគនូវមូលនិធិ និងសម្ភារៈ ដូចជាអាហារ សម្លៀកបំពាក់ និងថ្នាំពេទ្យជាច្រើន ដើម្បីបញ្ជូនទៅផ្គត់ផ្គង់កុមារដែលរងគ្រោះនៅស៊ីរីដោយសារសង្រ្គាមទាំងនេះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]