កូរ៉េខាងត្បូង៖ តារាម៉ូដែលស្រីដែលមានរាងកាយដ៏ស៊ិចស៊ីពេញដោយសាច់ដុំ មានឈ្មោះថា Jun Minji។ កាលពីនាងនៅក្មេង នាងត្រូវបានគេសើចចំអក ព្រោះតែរូបរាងដ៏ម៉ាប់របស់នាង ប៉ុន្តែឥឡូវនេះនាងបានផ្លាស់ប្តូរទៅជានារីម្នាក់ដ៏ស្រស់ស្អាត និងបានក្លាយជាគ្រូបង្វឹកតារាម៉ូដែល និងជាម្ចាស់ពានរង្វាន់ World Beauty Fitness and Fashion (WBFF) Asia Pro Card ថែមទៀតផង។

កញ្ញាសាច់ដុំរូបនេះ បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសសិង្ហបុរី  នៅតំបន់ទេសចរណ៍ Marina Bay Sands ក្នុងកម្មវិធី WBFF Asia ជាកម្មវិធីប្រកួតប្រជែងតារាបង្ហាញម៉ូតដែលមានរាងកាយជាអ្នកហាត់សាច់ដុំ។   ម្ចាស់ជ័យលាភី នៅក្នុងកម្មវិធីនេះ  ទទួលបានការចុះកិច្ចសន្យាផ្តាច់មុខ ជាមួយប្រាក់រង្វាន់ ៣០០០ដុល្លារ  រួមជាមួយនឹងវិញ្ញាបនប័ត្របញ្ជាក់ការចូលរួមកម្មវិធីប្រកួតប្រជែងលំដាប់ពិភពលោកថែមទៀតផង។

បេក្ខភាពប្រមាណជាជាង ១០០នាក់បានដាក់ពាក្យ ដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងកម្មវីធី WBFF Asia 2017  ។ ក្នុងនោះក៏មានវត្តមានរបស់កញ្ញា Jun Minji មួយរូបដែរ ដោយនាងទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ១សម្រាប់ផ្នែក Commercial Model និងទទួលបានចំណាត់ថ្នាក់លេខ២ ខាងផ្នែក Diva Bikini Model។ លើសពីនេះ នាងក៏បានជាប់ក្នុងចំណោម១០នាក់ចុងក្រោយ ក្នុងកម្មវិធីប្រកួតប្រជែងលំដាប់ពិភពលោក WBFF Worlds នៅឯប្រទេសកាណាដាទៀតផង។

គួរឲ្យដឹងដែរថា កញ្ញា Jun Minji មានទម្ងន់ដល់ទៅ ៥៨គីឡូឯណោះ កាលពីនាងមានអាយុ ១៣ឆ្នាំ។ កញ្ញាបានប្រាប់ទៅកាន់សារព័ត៌មាន The New Paper ថា “គ្មាននរណាម្នាក់ហ៊ានធ្វើបាបខ្ញុំទេ ព្រោះខ្ញុំមានមាឌធំជាងគេនៅក្នុងថ្នាក់។ ខ្ញុំធ្លាប់ជាមនុស្សម្នាក់ដែលញ៉ាំមិនឈប់ ហើយខ្ញុំអាចញ៉ាំអាហារគ្រប់បែបយ៉ាងទាំងអស់ដែលបានដាក់នៅមុខខ្ញុំ។ ខ្ញុំអាចញ៉ាំភីហ្សាអស់១ទៀតផង”

បន្ទាប់មក នៅពេលដែលនាងមានអាយុ១៧ឆ្នាំ នាងមានអារម្មណ៍ថា នាងចង់មានរាងស្អាតដូចម្តាយរបស់នាងដែរ។ នាងបាននិយាយថា “ខ្ញុំបានសម្រេចចិត្តផ្លាស់ប្តូរ និងកែតម្រូវទម្លាប់នៃការញ៉ាំអាហាររបស់ខ្ញុំ។ ខ្ញុំបានសន្យានឹងខ្លួនឯងថា នឹងមិនបើកទូរទឹកកកដោយខ្លួនឯងរយៈពេល៣ឆ្នាំ”។

ការព្យាយាមរបស់នាងពិតជាមិនអត់ប្រយោជន៍ទេ។ នាងបានស្រកទម្ងន់ពី ៥៨គីឡូ សល់ត្រឹម ៤៥គីឡូតែប៉ុណ្ណោះ ហើយឥឡូវនេះ នាងមានកម្ពស់ ១.៦៣ម៉ែត្រ និងទម្ងន់ ៥៣គីឡូក្រាម។

គួរបញ្ជាក់ដែរថា កញ្ញា Jun ធ្លាប់ជានិស្សិតផ្នែក សិល្បៈនិងការរចនា នៅឯសាកលវិទ្យាល័យមួយ ប៉ុន្តែដោយសារតែនាងស្រឡាញ់ និងចូលចិត្ត កីឡាកាយសម្បទាទើបជម្រុញឲ្យនាងធ្វើការផ្លាស់ប្តូរមុខជំនាញ ទៅជាផ្នែកអប់រំកាយសម្បទាវិញ។

កញ្ញា បាននិយាយយ៉ាងដូច្នេះថា “ដំបូងឡើយ ឪពុកម្តាយខ្ញុំ គាត់មិនព្រមឲ្យខ្ញុំធ្វើការផ្លាស់ប្តូរទេ ប៉ុន្តែដោយសារតែគាត់សម្លឹងមើលឃើញបំណងប្រាថ្នា និងការប្រឹងប្រែងដើម្បីក្លាយជាតារាម៉ូដែលផ្នែកកាយសម្បទារបស់ខ្ញុំ គាត់ក៏បានយល់ព្រម និងគាំទ្រពេញមួយទំហឹងតែម្តង។ ចាប់តាំងពីថ្ងៃដែលខ្ញុំបានសម្រេចចិត្តផ្លាស់ប្តូរវិធីរស់នៅរបស់ខ្ញុំ ខ្ញុំទទួលបានលទ្ធផលយ៉ាងល្អ។ បន្ទាប់ពីខ្ញុំចាប់ផ្តើមហាត់ប្រាណមក ដំណើរការនៃការដុតរំលាយអាហារក៏មានការផ្លាស់ប្តូរដែរ ហើយទោះបីជាខ្ញុំញ៉ាំច្រើនប៉ុណ្ណា ក៏ខ្ញុំមិនប្រែជាធាត់វិញដែរ”

ជាទូទៅ នាងតែងតែចំណាយពេល ៦ថ្ងៃក្នុង១សប្តាហ៍ដើម្បីធ្វើការហាត់ប្រាណ ដោយនាងចំណាយពេល ២ម៉ោងសម្រាប់ការហាត់លើកសាច់ដុំ និង ៤០នាទីសម្រាប់ការរត់។ លើសពីនេះ ដោយសារតែនាងចង់មានសាច់ដុំធំ ដូច្នេះនាងចាំបាច់ត្រូវញ៉ាំអាហារ៤ពេលក្នុងមួយថ្ងៃ ដោយអាហាររបស់នាងមានដូចជា បាយ មាន់អាំង សាច់គោ និងដំឡូង។

នាងសង្ឈឹមថា នៅថ្ងៃណាមួយ នាងនឹងអាចក្លាយជាម្ចាស់ហាងកាត់ដេរសម្លៀកបំពាក់សម្រាប់អ្នកចូលចិត្តកីឡាសម្បទានៅក្នុងតំបន់អាស៊ីផងដែរ៕

ចង់ដឹងថា ម៉ូដែលសាច់ដុំជនជាតិកូរ៉េរូបនេះស្អាតយ៉ាងណា សូមទស្សនារូបភាពខាងក្រោម៖ 

ប្រភព៖ បរទេស

ក្រឡេកមកមើលព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ 

ពុទ្ធោ! គ្រាន់តែប្រាក់សំណងរបស់ក្រុមហ៊ុនធានារ៉ាប់រង សងទៅលោក លី តាវហួ អាចធ្វើឲ្យយើងរស់នៅ មួយជីវិតដោយមិនបាច់រកស៊ី

ហុងកុង៖ យោងទៅតាមសារព័ត៌មាន Kwong Wah Yit Poh បានឲ្យដឹងថា តារាសម្តែងហុងកុងដ៏មានប្រជាប្រិយភាពលោក Andy Lau (លី តាវហួ) បានទទួលប្រាក់សំណងចំនួន ៨០លានដុល្លារហុងកុង ដែលមានតម្លៃស្មើនឹងជាង ១០លានដុល្លារអាមេរិក បន្ទាប់ពីលោកបានទទួលរងគ្រោះថ្នាក់ដោយធ្លាក់ពីលើខ្នងសេះ ខណៈពេលដែលលោកកំពុងថតពាណិជ្ជកម្មដើម្បីផ្សព្វផ្សាយភេសជ្ជៈមួយនៅក្នុងប្រទេសថៃ។

ទោះជាយ៉ាងណា ឥឡូវនេះអាការៈរបស់លោកបានធូរស្បើយហើយ ហើយលោកក៏កំពុងតែសម្រាកព្យាបាលនៅឯគេហដ្ឋានរបស់លោកផងដែរ។

សម្រាប់ចំនួនទឹកប្រាក់ដែលតារាល្បីឈ្មោះរូបនេះ បានបាត់បង់កំឡុងពេលព្យាបាលរបួសវិញ ក៏មិនតិចដែរ។

យោងទៅតាមសារព័ត៌មាន The daily បានឲ្យដឹងថា លោក លី តាវហួ អាចរកប្រាក់ចំណូលបានប្រហែលជាង ៤៤ ០០០ដុល្លារអាមេរិកក្នុងមួយថ្ងៃ ហើយគាត់ត្រូវចំណាយពេល ៥១ថ្ងៃនៅក្នុងមន្ទីរពេទ្យ និង៦ខែផ្សេងទៀតដើម្បីសម្រាកព្យាបាល។ អ៊ីចឹងគិតទៅ ការខូចខាតរបស់លោកក៏ច្រើនគួរសមដែរ។

គួរបញ្ជាក់ដែរថា តារាសម្តែងវ័យ ៥៥ឆ្នាំរូបនេះ បានទទួលរងរបួសត្រង់ត្រគៀក សរសៃ និងសាច់ដុំ ដោយសារតែឧប្បត្តិហេតុមួយនេះកាលពីថ្ងៃទី ១៧ មករាកន្លងទៅ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]