កូរ៉េខាងត្បូង៖ ក្រោយពីតារាចម្រៀងប្រុស Rain និង តារាសម្តែងស្រី Kim Tae Hee បានរៀបការជាមួយគ្នាមក គេសង្កេតឃើញថាពួកគេ ទទួលបានសុភមង្គលយ៉ាងពេញលេញ។ អ្វីដែលជារឿងត្រេកអរជាងនេះនោះ គឺនាង ក៏កំពុងត្រៀមខ្លួនរួចរាល់ក្នុងការមានកូនដំបូងផងដែរ។

កាលពីថ្មីៗនេះ តារាស្រី Kim Tae Hee បានអង្គុយផ្តល់កិច្ចសម្ភាសន៍ ដើម្បីឆ្លើយសំណួរទាក់ទងនឹង ជីវិតរបស់នាង ក្រោយរៀបការជាមួយនឹងប្រុសសង្ហាRain។

ក្នុងនោះដែរ នាងបានទម្លាយថា នាងពិតជាសប្បាយរីករាយយ៉ាងខ្លាំង នៅពេលបានរស់នៅជាមួយនឹងក្រុមគ្រួសារស្វាមីរបស់នាង ព្រោះថាពួកគេចិត្តល្អដាក់នាង ហើយនាងថែមទាំងពេញចិត្ត ក្នុងការចម្អិនអាហារ ឲ្យគ្រួសារខាងស្វាមី ទទួលទានផងដែរ។ ជាពិសេស តារាសម្តែងរូបនេះ ក៏បានបង្ហើបដែរថា នាងក៏ចង់បានកូន ក្នុងពេលឆាប់ៗនេះ តាមអ្វីតែអាចធ្វើទៅបាន។

ដូច្នេះប្រិយមិត្តនឹងរង់ចាំមើលថា បើនាង Kim Tae Hee មានកូនពិតមែននោះ គឺ ប្រាកដជាស្រស់ស្អាតខ្លាំងហើយ ព្រោះថា ទាំងនាង និងស្វាមី សុទ្ធតែមានទម្រង់មុខ ស្អាត និងសង្ហាដូចគ្នា៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  អ្នកនាង Kim Tae Hee បានផ្តល់កិច្ចសម្ភាសន៍មួយ ជាមួយនឹងភ្នាក់ងារសារព័ត៌មានរបស់កូរ៉េដែលមានឈ្មោះថា Sport Seoul ដោយក្នុងនោះផងដែរ អ្នកនាងបាននិយាយរៀបរាប់ពីស្ថានភាពជីវិត ក្រោយពីរៀបអាពាហ៍ពិពាហ៍ និងបាននិយាយទម្លាយពីមូលហេតុពីក្រោយ ការរៀបចំពិធីមង្គលការរបស់នាង ថាហេតុអ្វីបានជានាងសម្រេចចិត្តធ្វើវាឡើង ជាលក្ខណៈបែបសាមញ្ញៗ មិនធ្វើបែបធំដុំ? ព្រមទាំងនិយាយអំពី គ្រាដែលស្វាមីជាទីស្រលាញ់លោក Rain សុំនាងរៀបការផងដែរ។

គួររំលឹកដែរថា អ្នកនាង Kim Tae Hee និងលោក Rain បានសម្រេចចិត្តដឹកដៃគ្នាចូលព្រះវិហារ ស្បថសច្ចា ធ្វើជាគូជីវិតនឹងគ្នា កាលពីថ្ងៃទី១៩ ខែមករាកន្លងទៅនេះ ដោយពិធីមង្គលការរបស់ពួកគេបានរៀបចំជាលក្ខណៈផ្ទាល់ខ្លួន និងចំណាយថវិកាសម្រាប់ពិធីទាំងមូលអស់តិចបំផុត គឺត្រឹមតែ១.៣ លានវ៉ុន គិតជាដុល្លារ គឺ ១១១៦ ដុល្លារអាមេរិកតែប៉ុណ្ណោះ ហើយអ្នកទាំងពីរ ក៏ទើបតែនឹងត្រលប់មកពីក្រេបទឹកឃ្មុំដ៏សែនរ៉ូមែនទិកនៅឯកោះប៉ាលី ផងដែរ។

ទាក់ទងនឹងចំណាយអស់តិចនៅក្នុងពិធីមង្គលការនេះផងដែរ អ្នកនាង Kim Tae Hee បានលើកឡើងថា៖

«ពួកយើងបានពិភាក្សាកាលពីឆ្នាំមុនមកម៉្លេះ ថាតើពិធីមង្គលការរបស់ពួកយើងគួរតែប្រកាសចេញដោយវិធីណា និងត្រូវរៀបចំពិធីយ៉ាងដូចម្តេច ហើយចុងក្រោយក៏យើង រកបានគំនិតពីរ។

ទី១ គឺពួកយើង គួរតែប្រកាសអញ្ជើញភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយទាំងអស់ និងអ្នកគ្រប់គ្នាដែលយើងស្គាល់ ឲ្យចូលរួមក្នុងពិធីមង្គលដ៏ធំបំផុតរបស់យើង។ ឬក៏ពួកយើង គួរតែរក្សារឿងរៀបការរបស់យើងជាការសម្ងាត់បំផុត បន្ទាប់មកចាំបង្ហោះរូបនៃពិធីរៀបការ តាមក្រោយ។ បន្ទាប់ពីគិតមក និងពឹងផ្អែកទៅលើសេដ្ឋកិច្ចបច្ចុប្បន្នផង ពួកយើងក៏សម្រេចមិនធ្វើជាពិធីមង្គលការធំដុំ ទំនើប ស៊ីវីល័យ អ្វីទេ ពួកយើងជ្រើសរើសជាលក្ខណៈបែបសាមញ្ញវិញ។»

យ៉ាងណាមិញ ក្រឡេកមកឈុត អាពាហ៍ពិពាហ៍ របស់នាងKim Tae Hee វិញម្តង គឺនាងបានជ្រើសរើសយក រ៉ូបរៀបការតូចមួយប៉ុន្តែមានពន្លឺភ្លឺចែងចាំងបើទោះបីជាមិនមាន ដាំគ្រាប់ពេជ្រតូចៗនៅលើរ៉ូបនោះក៏ដោយ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺជារ៉ូបដែលនាងច្នៃម៉ូតឡើងដោយខ្លួនឯងទៀតផង។ រីឯការតុបតែងមុខវិញ គឺបានរៀបចំតុបតែងដោយ អ្នកជំនាញផ្នែក Make-Up កញ្ញា Jeong Saem Mul។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]