រាជធានីភ្នំពេញ៖ កញ្ញាតារារ៉ាយ ព្រះកាយច័ន្ទ គឺជាតារាសម្ដែងវ័យក្មេងមួយរូបមានមន្តស្នេហ៍ ទាក់ទាញបុរស ជាច្រើនហើយមានអ្នកខ្លះស្ម័គ្រចិត្តទិញ រថយន្តស៊េរីទំនើប និងវីឡាដ៏ប្រណីតជូននាង និងថែមទាំងសន្យាឱ្យនាងរស់នៅ សុខស្រួលមួយជីវិតទៀតផងឱ្យ តែនាងយល់ព្រមស្រឡាញ់រូបគេ ។

ឪពុករបស់កញ្ញាតារារ៉ាយ ព្រះកាយច័ន្ទ ប្រាប់កោះសន្ដិភាពនាពេលថ្មីៗនេះថា ពិតជាមានគេចង់ទិញវីឡា និងរថយន្តស៊េរីទំនើបឱ្យកូនស្រីរបស់លោកមែន តែលោក និងកូនស្រីបានបដិសេធព្រោះតែរូបលោកយល់ថារបស់ ដែលបានមកដោយស្រួលបែបនេះវាក៏ នាំឱ្យបាត់បង់ទៅវិញដោយងាយដែរ ។ ជួនកាលរបស់ទាំងនោះវាក៏អាចនាំទុក្ខដល់ ក្រុមគ្រួសាររបស់លោក និងកូនស្រីតែមួយរបស់លោកដែរ ។ ដូច្នេះហើយលោកបានបដិសេធចំពោះអំណោយទាំងនោះព្រោះ តែមិនចង់ឱ្យមានបញ្ហាទៅថ្ងៃក្រោយ សុខចិត្តលំបាកជិះម៉ូតូឌុបកូនទៅធ្វើការ ហាលថ្ងៃ ហាលភ្លៀង សំខាន់ឱ្យតែកូនមានសេចក្ដីសុខ លោកពេញចិត្តហើយ មិនចង់ឱ្យអ្នកណាមកធ្វើជាម្ចាស់ ឬគ្រប់គ្រង់លើជីវិតកូនស្រីរបស់លោកទេ ។

ចំណែកកញ្ញាតារារ៉ាយ ព្រះកាយច័ន្ទវិញឱ្យដឹងថា រាល់ថ្ងៃនេះឪពុករបស់នាងមិនឱ្យនាងកាន់ទូរស័ព្ទ ព្រោះតែមានគេតាមរំខានច្រើនពេក ។ ចំពោះរឿងមានគេចង់ទិញរថយន្តស៊េរីទំនើប និងវីឡាឱ្យរូបនាងនោះ គឺរូបនាង និងឪពុកបានបដិសេធពិតមែនព្រោះខ្លាចរបស់ ប្រណីតទាំងនោះនាំមកនូវសេចក្ដីទុក្ខដល់រូបនាង និងក្រុមគ្រួសារនាង ។ នាងសុខចិត្តជិះម៉ូតូជាមួយឪពុករបស់នាងវិញ ទើបមានសុវត្ថិភាពជាងជិះរថយន្តរបស់គេ ។ នាងបញ្ជាក់ថា ពេលនេះនាងមិនខ្វល់អំពីរឿងស្នេហាទេ ។

កញ្ញាតារារ៉ាយ ព្រះកាយច័ន្ទ មិនថាតែទៅសម្ដែង ឬក៏ទៅណាមកណាទេតែងតែមានឪពុករបស់នាងតាមការពារ និងមើលថែរូបនាងជំនួសម្ដាយរបស់នាងរហូត ។ សូម្បីតែសម្លៀកបំពាក់ក៏ឪពុករបស់នាងជាអ្នករៀបចំឱ្យដែរ ។ ចំណុចនេះហើយទើបធ្វើឱ្យបុរសមួយចំនួនដែលមានបំណងមិនល្អ ចំពោះរូបនាងខ្លាចញញើតមិនហ៊ានទៅក្បែរនាងទេ សូម្បីតែទូរស័ព្ទចង់ទាក់ទងជាមួយនាងក៏ត្រូវឆ្លងកាត់ ឪពុករបស់នាងដែរ ។

កញ្ញាតារារ៉ាយ ព្រះកាយច័ន្ទកើតនៅថ្ងៃទី១ សីហា ១៩៩៤ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ នាងជាកូនទីពីរ បន្ទាប់ពីបងប្រុសរបស់នាងម្នាក់ទៀតឈ្មោះរ៉ា រិទ្ធីសែន ជាគ្រូបង្ហាត់របាំនៅសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ ។ ឪពុករបស់តារាវ័យក្មេងនេះឈ្មោះពៅ ចាន់តារា ជាគ្រូបង្ហាត់របាំនៅសាលាវិចិត្រសិល្បៈ និងកាលពីមុនជាអ្នកសម្ដែងល្ខោនបាសាក់និងម្ដាយរបស់នាងឈ្មោះមុំ សុខខេត ជាមេផ្ទះ ។ ចំពោះជីដូនរបស់នាងក៏ជាអ្នកសិល្បៈដែរ ។

កញ្ញាតារារ៉ាយ ព្រះកាយច័ន្ទ បានចាប់អាជីពសិល្បៈ តាំងពីឆ្នាំ២០០៧មកម្ល៉េះ ។ ការប្រឡូកក្នុងពិភពសិល្បៈលើកដំបូង នាងធ្វើជាតារាបង្ហាញម៉ូដ ។ នៅឆ្នាំ២០០៨ ព្រះកាយច័ន្ទបានដាក់ពាក្យប្រឡងក្នុងកម្មវិធីបវរកញ្ញាឯក ដែលរៀបចំឡើងដោយក្រុមហ៊ុនBridgestone តែបានជាប់ត្រឹមតែជាតារាកិត្តិយសប្រចាំក្រុមហ៊ុនប៉ុណ្ណោះ ។ ក្នុងឆ្នាំ២០០៩ នាងត្រូវបានគេអញ្ជើញទៅសម្ដែងនៅប្រទេសចិនក្នុងកម្មវិធី អាស៊ាន សម្រាប់ឱ្យគណៈប្រតិភូទស្សនា ។ នៅក្នុងឆ្នាំ២០១០នាងបានទៅសម្ដែងនៅប្រទេសជប៉ុន ក្នុងកម្មវិធីរាំរបាំតំណាងឱ្យប្រទេសកម្ពុជា ។

ចាប់តាំងពីពេលនោះមកព្រះកាយច័ន្ទត្រូវបានគេទាក់ទងឱ្យទៅធ្វើជាពិធីការិនីស្ថានីយទូរទស្សន៍ខ្មែរប៉ុស្ដិ៍លេខ៩ ។ ក្រៅពីនេះនាងបានចូលរួមសម្ដែងកាយវិការខារ៉ាអូខេ និងថតវីដេអូជាច្រើនរឿងដូចជារឿង«ល្មមហើយលោកប្ដី » «ផ្ការីកក្នុងចិត្ត» «គូព្រេងចម្លែក» និងរឿង«ស្នេហ៍ដំបូង» ជាដើម ។ ថ្មីៗនេះព្រះកាយច័ន្ទត្រូវផលិតកម្មខេមរា ទាក់ទងឱ្យសម្ដែងក្នុងរឿង «ស្រមោល» ជាតួឯក និងចាប់ដៃគូជាមួយលោកអុន សុធា ។ក្រៅពីធ្វើជាពិធីការិនី តារាសម្ដែង បង្ហាញម៉ូដ ព្រះកាយច័ន្ទក៏ចង់ក្លាយជាតារាចម្រៀងដ៏ល្បីមួយរូបផងដែរ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រះកាយច័ន្ទ