ភ្នំពេញ៖ ប្រិយមិត្តប្រហែលជាធ្លាប់បានស្គាល់កូនចិញ្ចឹមសញ្ជាតិខ្មែរ Maddox ដែលកំពូលតារាស្រីរបស់ហូលីវូដ អេនជេលីណា ជោលី បានសុំក្មេងប្រុសនេះទៅចិញ្ចឹមកាលពីឆ្នាំ ២០០១។

កាលពីពេលថ្មីៗនេះផងដែរ សារព័ត៌មានជាច្រើន បាននឹងកំពុងមានភាពចម្រូងចម្រាស ពាក់ព័ន្ធនឹងឪពុកបង្កើតរបស់ Maddox ឈ្មោះម៉ោញ សារ៉ាត់បានចេញមុខ ទាមទារកូនប្រុសបង្កើតរបស់គាត់ ពីលោកស្រីអេនជេលីណា ជោលី ត្រលប់មកវិញដោយអះអាង ថាសំណុំបែបបទសុំកូនរបស់លោកស្រីអេនជេលីណា ជោលីមានភាពមិនប្រក្រតី។

ជាមួយនឹងការចុះផ្សាយព័ត៌មានខាងលើ បានធ្វើឲ្យមហាជនមានប្រតិកម្មយ៉ាងខ្លាំង ខណៈដែលមហាជនបានគាំទ្រយ៉ាងពេញទំហឹង ក្នុងន័យចង់ឲ្យ Maddox នៅតែជាកូនរបស់អេនជេលីណា ហើយដាក់ទណ្ឌកម្មមកលើឪពុកដើម ខណៈដែលមហាជនបានគិតថាលោកជាមនុស្សមើល ឃើញតែផលប្រយោជន៍។

ដោយឡែក លោកម៉ោញ សារ៉ាត់ ដែលជាប្រធានអង្គការមួយក្នុងស្រុក ក៏បានធ្វើការឆ្លើយតបទៅនឹងព័ត៌មាន RFI និងលោកបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ ចេះតែមាន រឿងប្លែកៗ! នៅសុខៗមានរឿង ប្តឹងផ្តល់មកពីណា ? បើជាការពិតចុះហេតុអ្វីមិនយកពាក្យបណ្តឹងហ្នុងមកបង្ហាញសាធារណេៈជនឲ្យគេមើលផង ហើយប្តឹងនៅសាលាក្តីណា ពីពេលណា ? ។ ខ្ញុំសូមធ្វើសំណូមពរយ៉ាងទទូចសូមមេត្តាកុំបកស្រាយអ្វីអោយហួសហេតុផលទាក់ទងដល់ជីវិតឯកជនរបស់ Jolie ដាច់ខាត ! ដើម្បីអោយអស់មន្ទិលសង្ស័យ អំពីបញ្ហាការលេចឭពាក្យចរចាមអារាមលើបណ្តាញសង្គម ខ្ញុំ ម៉ោញ សារ៉ាត់ សូមបដិសេធទាំងស្រុងនិងពុំបានដឹង ពុំទទួលខុសត្រូវចំពោះការផ្សព្វផ្សាយទាំងឡាយណា ដែលទាក់ទងនិងព័ត៌មានទាំងនេះទេ ។ សូមអរគុណចំពោះការយកចិត្តទុកដាក់ដល់រូបខ្ញុំ ។

យ៉ាងណាមិញ ចំពោះរឿងរ៉ាវខាងលើនេះ វាហាក់បីដូចជាបានធ្វើឲ្យលោក ម៉ោញ សារ៉ាត់ក្លាយជាជនរងគ្រោះដោយសារពាក្យរិះគន់របស់ មហាជន ខណៈដែលរូបលោកផ្ទាល់មិនបានប្ដឹងផ្ដល់ទាមទារសំណង និងសូម្បីតែ គ្មានជាប់សាច់ឈាមអ្វីជាមួយ Maddox បន្ដិចសោះនោះ។

ជាមួយនឹងរឿងរ៉ាវនេះ ក៏មិនទាន់ឃើញមានប្រតិកម្មណាមួយពីលោកស្រី អេនជេលីណាជោលី ផងដែរ ខណៈមហាជនបានជះកំហឹងទៅលើលោក ម៉ោញសារ៉ាត់ រួចបាត់ទៅហើយ ជាមួយនឹងពាក្យសំដីថា លោក នឹងសប្បាយចិត្តប្រសិន បើអេនជេលីណាមិនមកជាន់ទឹកដីកម្ពុជាទៀត ដែលលោកក៏បានធ្វើការបដិសេធចំពោះពាក្យនេះផងដែរ។ ហើយយើងនឹងទន្ទឹងរង់ចាំ មើលការបកស្រាយបន្តបន្ទាប់ទៀត ប៉ុន្តែបើអ្វីដែលលោកបានអះអាងខាងលើនេះជាការពិត ហេតុការណ៍នេះពិតជាអយុត្តធម៌ណាស់សម្រាប់កិត្តិយសរបស់លោក។

គួរបញ្ជាក់ផងដែរថា សព្វថ្ងៃនេះ Maddox ឈ្មោះដើម រ័ត្ន វិបុល រូបនេះ មានអាយុ ១៥ឆ្នាំ ត្រូវបានរស់នៅយ៉ាងរីករាយក្រោមការចិញ្ចឹមបីបាច់ថែរក្សា របស់លោកស្រីអេនជេលីណា ដែលគាត់បានសុំគេពីមណ្ឌលកុមារកំព្រាមួយក្នុងខេត្តបាត់ដំបង កាលពីឆ្នាំ ២០០១៕

កំណត់ហេតុខ្មែរឡូត៖

Maddox កូនចិញ្ចឹមខ្មែរ របស់តារាហូលីវូដ Angelina Jolie ពេលនេះធំ ហើយមានសង្សារទៀត

Maddox ដែលជាកូនខ្មែរ ដែលមានសំណាងលើសលប់ ដែលត្រូវបាន តារាហូលីវូដ Angelina Jolie យកទៅចិញ្ចឹម តាំងពីនៅតូចក្រូចឆ្មារ ពេលនេះ ពេញកំលោះ ហើយចេះមានស្នេហាទៀតផង។

ក្នុងពេលចូលរួមសម្ភោធរឿងថ្មី Maleficent របស់ Angelina Jolie នៅទីក្រុង Los Angeles កាលពីថ្ងៃពុធកន្លងមកនេះ ក្រុមគ្រួសាររបស់ Angelina Jolie រួមមាន Brad Pitt និង កូនប្រុសច្បង Maddox អាយុ ១២ឆ្នាំ Pax អាយុ ១០ឆ្នាំ Shiloh អាយុ ៨ឆ្នាំ និង Knox អាយុ ៥ឆ្នាំ មកអបអរជាមួយគ្នាដែរ។ ចំណែកកូនស្រីម្នាក់ទៀត ឈ្មោះ Vivienne ដែលបានសម្ដែងក្នុងរឿង Maleficent ដែរ មិនបានចូលរួមក្នុងកម្មវិធីនេះទេ។

Maddox ពេលនេះបានធំពេញរូបពេញរាង យ៉ាងស្រស់សង្ហា ដូចតួកុន ហើយកំពុងតែមានស្នេហា ជាមួយនឹង Elle Fanning ដែលជាតួសម្តែងរួមគ្នាក្នុងរឿង ថ្មី Maleficent នោះដែរ។

Angelina Jolie បាននិយាយប្រាប់អ្នកកាសែតថា នាងជាក្មេងស្រីដ៏គួរអោយស្រឡាញ់ ហើយយើងតែងតែទៅលេងនាង នៅប្រទេសអង់គ្លេស ជាញឹកញាប់ ដើម្បីអោយ Maddox បានជួបនាងផង។

នេះពិតជាសំណាងរបស់ Maddox ដែលមានសញ្ជាតិដើមជា ជនជាតិខ្មែរតែ បានដើរលើឆាកអន្តរជាតិយ៉ាងដូច្នេះ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]