ចិន៖ ក្រុមហ៊ុនថ្នាំពេទ្យមួយក្នុងប្រទេសចិនបានប្រកាសស្វែងរកអ្នកពូកែគេង ដើម្បីសហការណ៍ជាមួយពួកគេក្នុងការពិសោធន៍។   ការងារនេះខាងក្រុមហ៊ុនមិនតម្រូវឲ្យធ្វើអ្វី ឬក៏គិតអ្វីច្រើននោះទេ  គ្រាន់តែទទួលទានថ្នាំរបស់ក្រុមហ៊ុន ហើយគេងតែប៉ុណ្ណោះ ទទួលបាន ១សែនយ័នក្នុងមួយឆ្នាំ ឬប្រមាណជិត ១៥០០០ដុល្លារអាមេរិក។

យោងតាមកាសែត Beijing Morning Post បានឲ្យដឹងថា ក្រុមហ៊ុនផលិតថ្នាំមួយ  កំពុងស្វែងរកអ្នកពូកែគេង  ដែលអាចគេងបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយខាងក្រុមហ៊ុនតម្រូវឲ្យលេបថ្នាំរបស់ពួកគេរួចគេង  ហើយក្រោយពីគេងរួចពួកគេត្រូវសរសេររបាយការណ៍អំពីលទ្ធផលនៃការទទួលទានថ្នាំនោះ។  លើសពីនេះ ក៏តម្រូវឲ្យគេងក្នុងពេលវេលាខុសៗគ្នា   និងតម្រូវឲ្យគេងផ្អែកទៅតាមទម្លាប់អ្នកធ្វើការប្រភេទខុសគ្នា  ដូចជាគេងតាមអ្នកធ្វើការវេនព្រឹក  និងគេងតាមអ្នកធ្វើការវេនយប់ជាដើម ដើម្បីអាចដឹងថា ការគេងខុសពេលគ្នា​មានសភាពយ៉ាងដូចម្ដេច។ ចំពោះតម្រូវការជ្រើសរើសមិនពិបាកទេ គ្រាន់តែបុគ្គលិកដែលចង់ដាក់ពាក្យធ្វើការ  ជាអ្នកដែលចូលចិត្តគេង។

ដោយឡែកការងារជាអ្នកគេងអាជីពនេះ នៅអាមេរិកអាចរកចំណូលបានខ្ទង់ ៣០ម៉ឺនដុល្លារផងដែរ ពីបណ្តាក្រុមហ៊ុន និងអ្នកស្រាវជ្រាវ ដែលចង់ស្វែងយល់ថាហេតុអ្វីបានជាប្រជាជនអាមេរិក១ភាគ៣គេងមិនបានគ្រប់គ្រាន់។

ទោះយ៉ាងណា របាយការណ៍បានប៉ាន់ស្មានថា នៅពេលអនាគតការងារជាអ្នកគេងអាជីពនេះនឹងទទួលបានការពេញនិយមដែរមិនខាន ព្រោះប្រជាជនចិនបាននិងកំពុងចាប់ផ្តើមគិតគូរអំពីបញ្ហាសុខភាពផងដែរ៕

ប្រភព៖ បរទេស

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

បុគ្គលិកក្នុងហាងអាហារមួយ វាយភ្ញៀវទក់សាច់ ដោយសារកុម្ម៉ង់រញ៉េរញ៉ៃពេក (មានវីដេអូ)

អាមេរិក៖ បុគ្គលិកក្នុងហាងអាហារ ត្រូវតែមានលក្ខណៈសម្បត្តិល្អក្នុងការទទួលរាក់ទាក់ភ្ញៀវដែលបានចូលមកក្នុងហាងរបស់ខ្លួន ដោយពួកគេត្រូវតាំងចិត្តបម្រើអតិថិជនឲ្យអស់ពីចិត្តពីថ្លើមទៅតាមដែលអ្វី ដែលពួកគេអាចធ្វើទៅបាន។

ដោយឡែកបុគ្គលិក ផ្នែកទទួលកុម្មង់ម្ហូបអាហារប្រភេទFast food មួយក្នុងសហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញ បុគ្គលិករូបនោះ បានស្ទុះទៅវាយអតិថិជនដែលកំពុងកុម្មង់អាហារក្នុងហាងរបស់ខ្លួន យ៉ាងកម្រោលដោយសារតែភ្ញៀវកុម្ម៉ង់អាហាររញ៉េរញ៉ៃពេក។

តាមរយៈឃ្លីបវីដេអូដ៏ព្រៃផ្សៃនេះ ត្រូវបានគេដឹងថា ហេតុកាណ៍នេះបានកើតឡើងក្នុងហាងលក់អាហារfast food របស់អាមេរិកឈ្មោះ Wendi ដែលជាហាងផ្គត់ផ្គង់បឺហ្គឺ ដ៏ធំរបស់អាមេរិក ប៉ុន្តែមិនបានបញ្ជាក់ថានៅក្នុងរដ្ឋណា ឬទីក្រុងណានោះទេ។

ជនបង្កហិង្សាជាបុគ្គលិកម្នាក់ក្នុងហាងនោះ បានវាយបុរសដែលជាអតិថិជននោះយ៉ាងញាប់ដៃ ដោយមិនឲ្យបុរសរងគ្រោះអាចតដៃបានឡើយ ហើយគេក៏បាននិយាយបន្ថែមទៀតថា រូបគេនឹងសម្លាប់បុរសរងគ្រោះ ដែលសម្ដីនេះបានបង្ហាញពីកំហឹងយ៉ាងខ្លាំងក្លារបស់បុគ្គលិកនោះ បើទោះបីជាអ្នកដែលនៅក្នុងហេតុការណ៍នោះ បានស្រែកឃាត់ និងគម្រាមហៅប៉ូលិសយ៉ាងណាក៏ដោយ។

យ៉ាងណាមិញ យើងក៏មិនទាន់បានដឹងអំពី ដើមហេតុច្បាស់លាស់ ដែលបណ្ដាលឲ្យបុគ្គលិករូបនេះខឹងសម្បារដល់ថា្នក់ប្រើអំពីហិង្សា គ្រាន់តែដឹងថាបុរសរងគ្រោះជាអតិថិជនបានកុម្មង់រញ៉េរញ៉ៃ និងបង្ហាញចរិតមើលងាយមើលថោក មិនឲ្យតម្លៃអ្នកទទួលភ្ញៀវ មុនពេលផ្ទុះអំពើហិង្សាកើតឡើង។

ប៉ូលិសក៏កំពុងស្រាវជ្រាវ និងទាក់ទងទៅហាង Wendi ដើម្បីសុំការបំភ្លឺ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]