រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បានបន្ត​ឱ្យ​ដឹង​ថា ពាក់ព័ន្ធ​ករណី​មន្ត្រី​ប៉ូលិស​ម្នាក់ បាន​ដក​កាំភ្លើង(​អាកា​) បាញ់រះ​​ឡើង​លើ​​ចំនួន​៥​គ្រាប់ ​បន្ទាប់​ពី​ខឹង​​ប្រពន្ធ​​បាន​ទៅ​ផ្ទះ​អ្នក​ជិតខាង​ផឹកស្រាបន្តិចបន្តួច ​គឺគិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២០ មីនា នេះ ត្រូវ​បាន​កម្លាំង​​​សមត្ថកិច្ច​ចម្រុះ​ចុះ​ទៅ​ឃាត់ខ្លួន​បាន​​ នៅ​ក្នុង​នាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​តែ​ម្តង ក្រោយ​ពី​លោកនាយ​ឧត្តមសេនីយ៍នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ចេញ​បញ្ជា​​​​ ។

មន្ត្រី​ប៉ូលិសជាប់ចោទ​​ខាងលើ ឈ្មោះ​ស្វាយ ពិសិដ្ឋ អាយុ​៣៤​ឆ្នាំ បម្រើ​ការ​នៅ​នាយកដ្ឋាន​សិ្ថ​តិ​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ក្រសួង​មហាផ្ទៃ ។

ប្រភព​បន្ត​ថា នៅក្នុង​សកម្មភាព​បាញ់​រះ​​នោះ ក៏​ត្រូវ​បាន​កាមេរ៉ា​សុវត្ថិភាព​​ក្នុង​បុរី​សម្បត្តិ​មាន​ហេង​ច្បារ​អំពៅ (ដែល​ជាទី​តាំង​កើត​ហេតុ​) ថត​​បានយ៉ាងជាក់ស្តែង ។ ក្នុងនោះ គេឃើញជននេះបាន​​ដើរ​ចេញពី​ក្នុងផ្ទះ រួច​ដក​កាំភ្លើង​បាញ់មេឃ​​មួយ​សារ ខណៈ​ដែល​​មាន​មនុស្ស​​ច្រើន​នៅ​ជុំវិញ​នោះ ​។ ក្រោយមក​ ជន​​នេះរត់​ចូលបើ​ក​​រថយន្ត​រ៉ឺ​យ៉ែ​​​ចេញ​ ហើយ​ក៏​ដក​កាំភ្លើង​បាញ់ឡើង​លើ​បន្ត​ទៀត ទើប​បើក​រថ​យន្ត​គេច​​តែ​ម្តង ​។ ​

គួររំលឹកថា ស្នូរ​ផ្ទុះអាវុធ​ចំនួន​៥​គ្រាប់​បាន​បន្លឺ​ឡើង​យ៉ាង​រន្ទឺ​ពេញ​មេឃ បន្ទាប់​ពី​បុរស​ម្នាក់​ខឹង​ប្រពន្ធ​របស់​ខ្លួន​ទៅ​ផឹកស៊ី​នៅផ្ទះ​អ្នក​ជិតខាង ស្រាប់តែ​យក​កាំភ្លើង AK ចេញពី​ក្នុង​រថយន្ត​បាញ់​រះ​ឡើង​លើ​តែ​ម្តង ដែល​ហេតុការណ៍​នេះ បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​០៥ និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​១៩ មីនា ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​២៦៤ ក្នុង​បុរី​សម្បត្តិ​មាន​ហេង ក្រុម​ទី​១ ភូមិ​តា​ង៉ៅ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ស្ត្រី​ជា​ប្រពន្ធ (​ពុំ​ទាន់​ស្គាល់ឈ្មោះ​) ត្រូវ​អ្នក​ជិតខាង​ហៅ​ទៅ​ហូប​ចុក​បន្តិចបន្តួច ។ ស្រប​ពេល​នោះ បុរស​ជា​ប្តី​បាន​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក High Lander ពណ៌​.​ស មិន​ចាំ​ស្លាក​លេខ​មក​ដល់​ផ្ទះ (​ប្រពន្ធ​ពេល​ឃើញ​ប្តី​មក​ដល់ ទើប​រត់​មក​ផ្ទះ​វិញ​) ។ ភ្លាម​ៗ​នោះ ប្តី​បាន​សួរ​ទៅ​ប្រពន្ធ​ថា «​មានបាន​ផឹកស្រា​ឬ​អត់0x017d7​» ។ ប្រពន្ធ​តប​ទៅ​ប្តី​ថា «​ផឹក​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​» ។ ក្រោយមក ប្តី​បានរ​ត់ទៅ​បើកទ្វារ​រថយន្ត​ទាញ​កាំភ្លើង AK មួយ​ដើម​មក​បាញ់​រះ នៅ​មុខ​ផ្ទះ​របស់​ខ្លួន​៥​គ្រាប់ ទៅ​លើ​វេហា ដើម្បី​បញ្ចេញ​កំហឹង​។ ក្រោយ​ការ​បាញ់​រះ ជន​បង្ក​បាន​បើករថយន្ត​ចេញ​ទៅ​បាត់​ស្រមោល​តែ​ម្តង ។

ស្ត្រី​ជា​ប្រពន្ធ​រៀបរាប់​ថា ខ្លួន​ពិតជា​ត្រូវ​បាន​អ្នក​ជិតខាង​បបួល​ទៅ​ញ៉ាំ​នៅផ្ទះ​ពួក​គេ​ពិតប្រាកដ​មែន ប៉ុន្តែ​ខ្លួន​មិន​បាន​ផឹក​ច្រើន​នោះ​ទេ គឺ​ផឹកស្រា​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ។ នាង​បន្ត​ថា នាង​មិនសូវ​ចេះ​ផឹក​ឡើយ ពេល​អ្នក​ជិតខាង​ហៅ នាង​ក៏​មិន​ចង់​ចូលរួម​ដែរ ប៉ុន្តែ​ដោយ​នឹកឃើញ​ថា ជា​អ្នក​ជិតខាង​គ្នា​ទើប​ទៅ​ចូលរួម​ញ៉ាំ​បន្តិច​ទៅ ប៉ុន្តែ​ចង្រៃ​អ្វី​ស្រប​ពេល​នោះ បុរស​ជា​ប្តី​បាន​មក​ដល់ ស្រប​ពេល​ដែល​នាង​កំពុង​ផឹក​ជជែក​លេង​នៅផ្ទះ​របស់​គេ ក៏​កើត​ចិត្ត​ខឹងសម្បារ ហើយ​ស្ទុះ​ទាញ AK បាញ់​រះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើងតែ​ម្តង ។

ប្រភព៖ កោះសន្តិភាព

ដោយឡែករំលឹកព័ត៌មានផ្សេងមួយទៀត៖ សរសៃគុយទាវមានសារធាតុបូរ៉ាក់ ទឹកកក្រូច ចាហួយដូង និងទឹកដោះគោខាប់ដែលខូចគុណភាព មានលក់ក្នុងផ្សារព្រៃវែង, មន្រ្តីកាំកុងត្រូលដកហូតយកទៅកម្ទេចចោល

(ព្រៃវែង)៖ មន្រ្តីកាំកុងត្រូលសាខាខេត្តព្រៃវែង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ បានបន្តចុះអង្កេតទំនិញ តាមស្តង់ និងតូបលក់ទំនិញ នៅផ្សារព្រៃវែងស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ជាលទ្ធផលរកឃើញសរសៃគុយទាវមានសារធាតុបូរ៉ាក់ និងទឹកក្រូច ចាហួយដូង ទឹកដោះគោខាប់ដែលខូចគុណភាព។

មន្រ្តីសាខាកាំកុងត្រូលខេត្តព្រៃវែង បានឲ្យដឹងថា ការចុះអង្កេតទំនិញនៅផ្សារព្រៃវែងនេះ ក្រុមការងារបានធ្វើតេស្តបឋមទៅលើមុខម្ហូបមួយចំនួនដូចជា៖ ដូចមឹក បង្គារ ក្តាម សាច់គោ សាច់ជ្រូក តែរកមិនឃើញផលិតផលណាមួយមានជាតិគីមីនោះទេ តែបានរកឃើញសរសៃគុយទាវ មានសារធាតុបូរ៉ាក់ និងភេសជ្ជៈទឹកក្រូច ទឹកដោះគោខាប់ ចាហួយដូងខូចគុណភាព និងហួសកាលបរិច្ឆេទ ព្រមទាំងបានចូលពិនិត្យនៅកន្លែងលក់អំបិលផងដែរ។

មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា ទំនិញខូចគុណភាពទាំងនេះ បានធ្វើកំណត់ហេតុដកហូត យកទៅរក្សាទុកដើម្បីធ្វើការកម្ទេចចោល។ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

មន្រ្តីកាំកុងត្រូល ក៏បានអប់រំ និងអំពាវនាវដល់អាជីវករអ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែ ទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់។

ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្មសាខាកាំក្រុងត្រូល នៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការចុះត្រួតពិនិត្យ មើលទំនិញ ដែលដាក់តាំងលក់តាមទីផ្សារ និងជាពិសេសទំនិញនាំចូល តាមមាត់ច្រកទ្វារព្រំដែន ដើម្បីចូលរួម ចំណែកលើការការពារ សុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]