អេស្ប៉ាញ៖ យោងតាមទស្សនាវដ្ដី El Pais របស់អេស្ប៉ាញបានផ្សាយឲ្យដឹងថា ខ្សែការពាររបស់ក្លិប Barcelona កីឡាករ Pique នឹងមិនត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីមង្គលការរបស់ ខ្សែប្រយុទ្ធឆ្នើម Lionel Messi ខាងមុខនេះទេ ដោយសារតែបញ្ហាផ្ទាល់ខ្លួនរវាងអនាគតភរិយា Messi គឺនាង Antonella Roccuzzo ជាមួយនឹងភរិយារបស់កីឡាករ Pique អ្នកនាង Shakira ។

ចំពោះរឿងផ្ទាល់ខ្លួនរបស់អ្នកទាំងពីរ ត្រូវបានប្រភពព័ត៌មាន រាយការណ៍មកថា បញ្ហារបស់ពួកគេគឺកើតឡើងចេញពីការមិនពេញចិត្តរបស់ Antonella ចំពោះទំនាក់ទំនងស្នេហារបស់ កីឡាករ​ Pique និងភរិយារបស់គេ Shakira ដែលជាតារាចម្រៀងល្បីមួយរូប។

រឿងដើមហេតុវិញ ត្រូវបានប្រភពបន្តទៀតថា ដំបូងឡើយ Pique គឺជាមិត្តប្រុសរបស់មិត្តភក្តិជិតស្និទ្ធរបស់នាង Antonella Roccuzzo ប៉ុន្តែដោយសារតែចំណងស្នេហ៍បែកបាក់ ហើយ Pique មានអ្នកថ្មី (អ្នកនាង Shakira) ទើបធ្វើឲ្យនាង Antonella កើតក្តីមិនពេញចិត្តតែម្តង។

បើទោះជាយ៉ាងណាក៏ដោយ បញ្ហាផ្ទាល់ខ្លួនរបស់អ្នកទាំងពីរ មិនមានការប៉ះពាល់ដល់ទំនាក់ទំនងរបស់ Messi និង Pique នោះទេ ពោលកីឡា២រូបនេះនៅតែជាមិត្តរួមក្រុមនឹងគ្នា ក្នុងក្លិប Barcelona មិនថាលើទីលាន ឬក្រៅទីលាន។

គួរបញ្ជាក់បន្ថែមទៀតផងដែរថា ពិធីមង្គលការរបស់ Messi នឹងត្រូវប្រព្រឹត្តឡើងនៅក្នុងរដូវក្តៅខាងមុខនេះ ពោលគឺនៅពេលដែលលីកបាល់ទាត់ត្រូវបានបញ្ចប់ ៕

ប្រភព៖ Dailymail

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ Ronaldo និង​ Messi បញ្ចេញសារទាំងក្តីឈឺចាប់ ផ្ញើជូនកុមារដែលរងគ្រោះ ដោយសារសង្គ្រាមនៅសីុរី

បរទេស៖ ត្បិតតែ Cristiano Ronaldo និង Lionel Messi ជាកីឡាករបាល់ទាត់ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញពិតមែន ប៉ុន្តែបើនិយាយរឿងសប្បុរសធម៌វិញ អ្នកទាំងពីរមិនដែលភ្លេចទេ ក្នុងការផ្តល់ជាជំនួយ ឬក៏ផ្ញើជាសារលើកទឹកចិត្តដល់ជនរងគ្រោះជាច្រើនជុំវិញពិភពលោក។

ជាក់ស្តែងថ្មីៗនេះ ទាំង Ronaldo និង Messi បានបង្ហាញសារក្តុកក្តួលមួយនៅក្នុងបណ្តាញសង្គមរបស់ខ្លួន ផ្ញើជូនទៅក្មេងៗជាច្រើនដែលរងគ្រោះដោយសារសង្គ្រាម។

គួរឲ្យដឹងថា អ្នកទាំងពីរសុទ្ធតែជាឪពុក និងមានកូនៗដូចគ្នា ដូច្នេះពួកគេមិនចង់ឃើញមានកុមាររងគ្រោះនោះឡើយ មិនថារងគ្រោះដោយហិង្សា ឬរងគ្រោះអត់ឃ្លាន ទើបដូច្នេះហើយ ក្នុងនាមជាអត្តពលិកដ៏ល្បី ពួកគេក៏បានផ្ញើជាសារមួយទាំងក្តីឈឺចាប់ ដើម្បីទាមទារឲ្យមានសន្តិភាពឡើងវិញ។

ក្នុងនោះ ខ្សែប្រយុទ្ធឆ្នើមលេងឲ្យក្លិប Barcelona និងជាអគ្គរដ្ឋទូតរបស់អង្គការ UNICEF កីឡាករ Lionel Messi បានផ្ញើសារទាំងក្តីឈឺចាប់ថា «មិននឹកស្មានថាសង្គ្រាមទាំងនេះបានកើតឡើងអស់រយៈពេល៦ឆ្នាំ វាពិតជាច្រើនពេកហើយ។ កុមារនៅស៊ីរីជាច្រើន បានរងគ្រោះដោយសារ ហិង្សា សម្លាប់យ៉ាងឃោរឃៅ ឯខ្លះទៀតចាប់ទុកធ្វើជាចំណាប់ខ្មាំងអស់រយៈពេល៦ឆ្នាំ» ។

Messi បានបន្តទៀតថា «ក្នុងនាមជាឯកអគ្គរាជទូតរបស់ UNICEF ខ្ញុំពិតជាឈឺចាប់ណាស់ ដូច្នេះអ្នកទាំងអស់គ្នា គួរតែនាំគ្នាបញ្ចេញមតិឡើងទៅកាន់អង្គការ UNICEF ដើម្បីទាមទារឲ្យបញ្ឈប់ និងបញ្ចប់សង្គ្រាមទាំងនេះវិញ»។

ដោយឡែកចំពោះខ្សែប្រយុទ្ធរបស់ក្លិប Real Madrid កីឡាករ Cristiano Ronaldo វិញបានបង្ហោះរូបភាពមួយសន្លឹកជាមួយកូនប្រុសរបស់ខ្លួន រួចផ្ញើជាសារនៅក្នុងបណ្តាញសង្គមផងដែរថា «ថ្ងៃនេះខ្ញុំមានការនឹករលឹកដល់កុមារស៊ីរីម្នាក់ឈ្មោះ Omar ដែលគេមានក្តីស្រមៃចង់ក្លាយជាជាងកាត់សក់ #ជួយសង្រ្គោះកុមារស៊ីរី » ។

គួររំលឹកបន្ថែមទៀតថា កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ Ronaldo ធ្លាប់បានធ្វើរឿងសប្បុរសមួយ ដោយបានបរិច្ចាគនូវមូលនិធិ និងសម្ភារៈ ដូចជាអាហារ សម្លៀកបំពាក់ និងថ្នាំពេទ្យជាច្រើន ដើម្បីបញ្ជូនទៅផ្គត់ផ្គង់កុមារដែលរងគ្រោះនៅស៊ីរីដោយសារសង្រ្គាមទាំងនេះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]