អ្នកជំនាញ ខាងផ្នែករបបអាហារ បានលើកឡើងថា មនុស្សយើងឡើងទម្ងន់ មិនមែនដោយសារទទួលទានអាហារ ដែលមិនល្អប៉ុណ្ណោះទេ សូម្បីតែអាហារដែលធម្មតាខ្លះ ក៏អាចធ្វើឥ្យយើងឡើងទម្ងន់ខ្លាំង ដោយមិនដឹងខ្លួនបានដែរ។

ចង់ដឹងថា មានប្រភេទអាហារណាខ្លះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖

១. អាហារពេលព្រឹកជា Cereal

មនុស្សភាគច្រើន តែងតែគិតថា ការទទួលទាន Cereal សឹងតែជារៀងរាល់ថ្ងៃ អាចជួយរក្សារាងឲ្យបានស្លីមស្អាតបាន។ ប៉ុន្តែ Cereal ភាគច្រើន ជាពិសេស រសជាតិពោត មានកម្រិតជាតិស្ករ ជាមធ្យមប្រមាណជា ៣៧ ក្រាម (ស្មើនឹងស្ករ ៧ ស្លាបព្រាពេញ) ដែលបរិមាណនេះ លើសពីតម្រូវការរាងកាយប្រចាំថ្ងៃទៅទៀត។ 

២. យ៉ាអួ

សម្រាប់ផលិតផលយ៉ាអួ ដែលផ្សំពីធម្មជាតិ មិនមានលាយពណ៌ ឬគ្មានសមាសធាតុបង្កើនរសជាតិ ទើបជាជម្រើសល្អ។ ផ្ទុយទៅវិញ ផលិតផល ដែលអ្នកឧស្សាហ៍ឃើញនៅតាមទីផ្សារ មានកម្រិតជាតិស្ករ ស្មើទៅនឹងស្ករ ៦ ស្លាបព្រាកាហ្វេឯណោះ ក្នុងមួយកំប៉ុង។ 

៣. សូកូឡា

សូកូឡា គឺជាជម្រើសអាហារ ដែលជួយឲ្យអ្នកមានថាមពល បានយ៉ាងរហ័ស។ ប៉ុន្តែ ត្រឹមតែ ២ ទៅ ៣ អាទិត្យក្រោយ អ្នកនឹងស្លៀកខោចង្អៀតជាងមុន ជាមិនខាន។ នេះក៏ព្រោះតែ ស្ករសូកូឡា ត្រឹមតែ ២៧.៥ ក្រាម មានកម្រិតជាតិស្ករ រហូតដល់ទៅ ៥៥ ក្រាម ដែលស្មើនឹងស្ករ ៥ ទៅ ៦ ស្លាបព្រាកាហ្វេពេញ ឯណោះ។ 

៤. ភេសជ្ជៈកំប៉ុង

ភេសជ្ជៈមានជាតិហ្គាសទាំងនេះ ជាចំណូលចិត្ត របស់មនុស្សភាគច្រើន ដោយវាជួយបំបាត់ភាពស្រេកទឹក និងភាពឃ្លានបានមួយកម្រិត។ ប៉ុន្តែ ជាក់ស្តែង ១០ ទៅ ១៥ នាទីក្រោយមក អ្នកប្រាកដជាស្រេក និងឃ្លាន ឡើងវិញទៀត ដោយសារតែវាមានកម្រិតជាតិស្ករខ្ពស់ ពី ៧ ទៅ ៨ ស្លាបព្រាបាយពេញឯណោះ ក្នុងបរិមាណ ០.៣៣ លីត្រ។ 

៥. ស្ករគ្រាប់

មនុស្សមួយចំនួន តែងតែគិតខុសថា ត្រឹមស្ករគ្រាប់មួយកញ្ចប់តូច វាប្រហែលជា មិនបង្កផលប៉ះពាល់ ដល់រាងកាយ និងទម្ងន់របស់អ្នកនោះទេ។ ជាក់ស្តែង អ្នកពិតជាគិតខុសស្រលះមែន ពីព្រោះស្ករគ្រាប់ ត្រឹមតែ ១០០ ក្រាម មានផ្ទុកដល់ទៅ ៤៧២ កាឡូរីឯណោះ! បើនិយាយពីកម្រិតជាតិស្ករវិញ គឺស្មើនឹង ៦ ស្លាបព្រាបាយពេញ នៅរៀងរាល់បរិមាណ ៤៥ ក្រាម។ 

៦. សូកូឡា Nutella

មិនត្រឹមតែងាយស្រួលក្នុងការទទួលទានប៉ុណ្ណោះទេ សូកូឡាលាបនំប៉័ង Nutella នេះ ក៏មានរសជាតិឆ្ងាញ់ខ្លាំងថែមទៀត។ ប៉ុន្តែប្រសិនបើអ្នកក្រឡេកមើលលើ គ្រឿងផ្សំរបស់វា ដែលមានដូចជា ស្ករ ប្រេង គ្រាប់ធញ្ញជាតិ ម្សៅកាកាវ ម្សៅទឹកដោះគោ វ៉ានីឡា និងម្សៅទឹកដោះគោ Whey គឺជាខ្លាញ់ និងស្ករ។ ក្នុងបរិមាណត្រឹមតែ ២ ស្លាបព្រាបាយ វាផ្ទុក ២០០ គីឡូកាឡូរី និងស្ករ ២១ ក្រាមឯណោះ។ 

៧. កាហ្វេប្រភេទ 3 in 1

កាហ្វេឆុងប្រភេទ 3 in 1 នេះ ផ្តល់នូវភាពងាយស្រួល និងរហ័ស ជាងឆុងកាហ្វេប្រភេទផ្សេងៗ ដោយសារតែ វាមានរសជាតិ ឬអាចនិយាយថា មានជាតិផ្អែមស្រាប់ៗ មិនពិបាកថែមថយអ្វីច្រើន។ ប៉ុន្តែជាក់ស្តែង កាហ្វេប្រភេទនេះ មានកម្រិតជាតិស្ករ ១០ ក្រាម (ស្មើនឹង ២ ស្លាបព្រាបាយ) រួមទាំង ៧០ គីឡូកាឡូរីថែមទៀតផង រាល់កាហ្វេចំនួន ២០ ក្រាមទៀតផង។ 

៨. ភេសជ្ជៈប៉ូវកម្លាំង

វាជារឿងពិត ដែលផលិតផលទាំងនេះ ជួយឲ្យមនុស្ស ប្រែជាមានកម្លាំងថាមពល និងការពារមិនឲ្យងងុយគេងបាន។ ប៉ុន្តែ អ្នកមិនគួរទទួលទានវាញឹកញាប់ពេកទេ ពីព្រោះវាអាចធ្វើឲ្យឡើងសម្ពាធឈាម និងមានជាតិស្កររហូតដល់ទៅ ២៧ ក្រាម ដែលអាចបណ្តាលឲ្យ ឡើងទម្ងន់បាន។ 

៩. ទឹកប៉េងប៉ោះ

ទឹកប៉េងប៉ោះ ជាទឹកជ្រលក់ ដែលមានរសជាតិឆ្ងាញ់ និងពេញនិយមណាស់ ប៉ុន្តែក្នុងបរិមាណ ១០០ ក្រាម នៃទឹកប៉េងប៉ោះ វាមានផ្ទុកជាតិស្ករនៅចន្លោះពី ២០ ទៅ ៣០ ក្រាម។ ហេតុនេះ សូមអ្នកកុំឧស្សាហ៍ទទួលទានវា ជាមួយអាហារផ្សេងៗ ញឹកញាប់ខ្លាំងពេក។ 

១០. ទឹកផ្លែឈើ

ចំណុចនេះ យើងមិនសំដៅលើទឹកផ្លែឈើ ដែលអ្នកធ្វើទទួលទានខ្លួនឯងនោះទេ ជាក់ស្តែង យើងសំដៅទៅលើ ទឹកផ្លែឈើកំប៉ុង ដែលមានដាក់លក់តាមផ្សារទំនើប ទៅវិញទេ។ មនុស្សភាគច្រើនអាចនឹងគ្មានពេលធ្វើញ៉ាំដោយខ្លួនេង ប៉ុន្តែ អ្នកត្រូវដឹងថា ក្នុងមួយកែវ ទឹកទំពាំងបាយជូរ វាមានកម្រិតជាតិស្កររហូត ៥៨ ក្រាម រីឯទឹកផ្លែប៉ោមវិញ មានជាតិស្ករ ៣៩ ក្រាម រួមទាំងទឹកផ្លែសារី មានដល់ទៅ ៣៧ ក្រាមឯណោះ៕ 

ប្រភព៖ Bright Side

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ទម្លាប់ពាក់ព័ន្ធនឹងសុខភាពមួយចំនួន ដែលមនុស្សភាគច្រើន គិតខុសទាំងស្រុង ថាវាមានប្រយោជន៍

មនុស្សយើងម្នាក់ៗតែងតែមានទម្លាប់ជាក់លាក់ជាច្រើន ដែលគិតថាទម្លាប់ទាំងនោះមានសារៈសំខាន់ណាស់ សម្រាប់សុខភាព និងរូបរាងកាយរបស់យើង។ ប៉ុន្តែជាក់ស្តែង ទម្លាប់ប្រចាំថ្ងៃក្នុងនោះមួយចំនួន បែរជាគ្មានប្រយោជន៍ សម្រាប់សុខភាពអ្វីឡើយ។

ចង់ដឹងថាមានអ្វីខ្លះ តាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ!

១. ទម្លាប់ទទួលទានថ្នាំវីតាមីន

ការទទួលទានថ្នាំវីតាមីន ឬប្រភេទថ្នាំបំប៉នផ្សេងៗ មិនបានកាត់បន្ថយហានិភ័យ ការកើតជំងឺផ្សេងៗ មិនបានជួយបង្កើនការចងចាំ ឬជួយបំប៉នកម្លាំងអ្វីនោះទេ។ ក្រុមអ្នកវិទ្យាសាស្រ្តមួយនៅឯសហរដ្ឋអាមេរិក បានសន្និដ្ឋានការធ្វើតេស្តលើមនុស្សជាង ៤៥០,០០០ នាក់ ឃើញថាការទទួលទានវីតាមីនជំនួយចម្រុះបែបនេះ បែរជាមានផលប៉ះពាល់អវិជ្ជមានលើសុខភាពរបស់អ្នក ទៅវិញទេ។

២. ទម្លាប់ប្រើទឹកលាងដៃ គ្មានជាតិអាល់កុល

ទឹកលាងដៃ ដែលមនុស្សសម័យឥលូវចូលចិត្តប្រើប្រាស់ ពិតជាអាចជួយកម្ចាត់បាក់តេរី និងមេរោគបាន ប៉ុន្តែក្នុងករណីតែទឹកលាងដៃ ដែលមានជាតិអាល់កុល ៦០% ឡើងប៉ុណ្ណោះ។ ទឹកលាងដៃក្រៅពីនេះ គ្មានប្រសិទ្ធភាព ជួយកម្ចាត់មីក្រូសារពាង្គកាយកខ្វក់បានឡើយ។ ហេតុនេះ ជម្រើសដែលត្រឹមត្រូវបំផុត គឺលាងសម្អាតដៃ ជាមួយនឹងសាប៊ូ។

៣. ទម្លាប់មិនទទួលទានប៊ីចេង

យើងធ្លាប់តែឮគេនិយាយថា ប៊ីចេង អាចធ្វើឲ្យមនុស្សចង់ក្អួត និងឈឺក្បាល ព្រមទាំងកើតជំងឺផ្សេងទៀត នៅរយៈពេលយូរ។ ប៉ុន្តែ ជាក់ស្តែង វាអាចបង្កបញ្ហាទាំងនេះបានតែក្នុងករណីអ្នកទទួលទានប៊ីចេងផ្ទាល់ លើសពី ៣ ក្រាមប៉ុណ្ណោះ។ ហេតុនេះ ទោះបីជាអ្នកប្រើប្រាស់ ឬមិនប្រើប្រាស់ប៊ីចេងក៏ដោយ ក៏វាមិនមានអ្វីប៉ះពាល់ដល់អ្នកដែរ។

៤. ទម្លាប់ទទួលទានតែបន្លែ និងផ្លែឈើ

មនុស្សយើងសព្វថ្ងៃនេះ មានរបបអាហារ ដែលសម្រាប់បំបាត់ជាតិពុលផ្ទាល់ខ្លួន សម្រាប់ធានាថារាងកាយ នឹងគ្មានជាតិពុលយាយី។ គួរបញ្ជាក់ផងដែរថា របបអាហារទាំងនោះមនុស្សយើងភាគច្រើនគិតថាជាបន្លែ និងផ្លែឈើប៉ុណ្ណោះ ហេតុនេះ ប្រសិនបើអ្នកពិតជាទទួលទានអាហារបែបនេះច្រើនលើសហួសហេតុ រាងកាយអ្នកមិនអាចបញ្ចេញជាតិពុលបានគ្រប់គ្រាន់ ដូចដែលអ្នកគិតនោះទេ។

៥. ទម្លាប់ទទួលទានអាហារគ្មានគីមី

នៅតាមបណ្តាប្រទេសជាច្រើន គ្មានច្បាប់ណា ដែលហាមឃាត់មិនឲ្យបិទផ្លាកសម្គាល់លើផលិតផលថា “ជារបស់ធម្មជាតិ” “គ្មានជាតិគីមី” អ្វីនោះទេ។ ជាការពិត ភាគច្រើន វាគ្រាន់តែជា យុទ្ធសាស្រ្តទីផ្សារ សម្រាប់ទាក់ទាញអតិថិជនប៉ុណ្ណោះ។ ហេតុនេះ អ្នកអាចជ្រើសរើសទិញទំនិញ ដែលធម្មតាៗទៅបានហើយ ពីព្រោះតាមពិតវាគ្មានខុសគ្នាអ្វីឡើយ។

៦. ទម្លាប់មិនប្រើម៉ាស៊ីន Microwave

គេជឿថា ការកម្តៅម្ហូបអាហារ ក្នុងម៉ាស៊ីន Microwave អាចធ្វើឲ្យបាត់បង់សារធាតុចិញ្ចឹមក្នុងអាហារ។ ប៉ុន្តែ ជាក់ស្តែង ការប្រើប្រាស់ ចង្ក្រានហ្គាស ឬម៉ាស៊ីនដុតនំ កម្តៅ ក៏កាន់តែយ៉ាប់យ៉ឺនជាង ការប្រើម៉ាស៊ីន Microwave ទៅទៀត ដោយ Microwave វាមិនត្រឹមតែមានភាពងាយស្រួលប៉ុណ្ណោះទេ វាថែមទាំងអាចរក្សាសារធាតុវីតាមីន C ឲ្យនៅក្នុងអាហារបាន មិនដូចពីការគិតរបស់មនុស្សភាគច្រើនឡើយ។

៧. ទម្លាប់ទទួលទានតែផលិតផលគ្មានជាតិខ្លាញ់

រាងកាយរបស់មនុស្សក៏ទាមទារ នូវជាតិខ្លាញ់ដែរ ហេតុនេះ ការទទួលទានអាហារដែលសំបូរជាតិខ្លាញ់ល្អសម្រាប់សុខភាព គឺជារឿងត្រឹមត្រូវ មិនមែនបរិភោគតែផលិតផល គ្មានជាតិខ្លាញ់នោះទេ។ ជាក់ស្តែង ផលិតផលដែលគ្មានជាតិខ្លាញ់ទាំងនោះ មានផ្ទុកជាតិស្ករខ្ពស់ ដែលអាចប៉ះពាល់ដល់សុខភាព ថែមទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]