ភ្នំពេញ៖ សមត្ថកិច្ចនគរបាលយុត្តិធម៌ នៃកងអាវុធហត្ថ រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ បានបញ្ជូនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ទៅកាន់តុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ។ 

តាមការឲ្យដឹងរបស់ សម្ថត្ថកិច្ចអាវុធហត្ថ បានបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ គឺជាមុខសញ្ញាជួញដូរ គ្រឿងញៀនធំមួយក្រុម ដែលសមត្ថកិច្ច បានធ្វើការស៊ើបអង្កេត និងតាមដានមកជាយូរមកហើយ រហូតដល់ យប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១៩:១០នាទី សមត្ថកិច្ច បានប្រើវិធានបញ្ឆោត ឲ្យជនល្មើសយកថ្នាំ មកលក់ឲ្យ២កញ្ចប់ ទម្ងន់៥៦.៧២ក្រាម ក្នុងតម្លៃ៨០០ដុល្លារ ពេលនោះមានជនជាតិ ស្បែកខ្មៅម្នាក់ បានកាន់ថ្នាំ យកមកលក់តាម ការបញ្ឆោតរបស់សមត្ថកិច្ច នៅក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង ក៏ត្រូវកម្លាំងអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ សហការជាមួយ សមត្ថកិច្ចជំនាញ នៃការិយាល័យបង្ក្រាប បទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន និងបន្តស្រាវជ្រាវ ទៅបង្ក្រាបបក្ខពួក ៣នាក់ផ្សេងទៀត សរុបជនសង្ស័យដែល បង្ក្រាប និងឃាត់ខ្លួនបាន ចំនួន៤នាក់តែម្តង ។ 

ជនសង្ស័យទាំង៤នាក់ ក្នុងនោះមានជនជាតិ នីសេរីយ៉ា ៣នាក់ និងស្រីជាជនជាតិខ្មែរ ១នាក់ ។ ជនសង្ស័យទី១ ឈ្មោះ ម៉ាទីន ឈីឌ័ អ័រគីរាហូ័រ ភេទប្រុស អាយុ ២៦ឆ្នាំ, ទី២ ឈ្មោះ សាន់ សាញ ភេទប្រុស អាយុ ៣០ឆ្នាំ, ទី៣ ឈ្មោះ ជីហ្គោហ្សី អាន់ឌ្រូ ភេទប្រុស អាយុ ៣៤ឆ្នាំ និងទី៤ ឈ្មោះ លន់ គឹមលី ភេទស្រី អាយុ ៣១ឆ្នាំ ។ ជាមួយគ្នានោះ ដកហូតបានថ្នាំញៀន ៥៦.៧២ក្រាម ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១ និងសម្ភារៈពាក់ព័ន្ធគ្រឿងញៀន មួយចំនួនទៀត៕

ប្រភព៖ ដើមអម្ពិល

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ព្រលឹងចុងសក់! អ្នកដំណើរលើយន្តហោះ ពាក់ម៉ាស់បន់ជីដូនជីតា ខណៈយន្តហោះកំពុងប្រកាសអាសន្នចុះចតបន្ទាន់ (មានវីដេអូ)

ហូឡង់៖ សារព័ត៌មានដេលីម៉ែល បានចុះផ្សាយកាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ថា អ្នកដំណើរមួយក្រុមលើយន្តហោះ ដែលមានជើងហោះហើរពីទីក្រុងឡុងដ៍ បាននាំគ្នាបន់ស្រន់ព្រះ និងជីដូនជីតាឲ្យជួយ ខណៈយន្តហោះត្រូវប្រកាសអាសន្នចុះចតបន្ទាន់ ក្នុងទីក្រុង Amsterdam ប្រទេសហូឡង់។

ប្រភពព័ត៌មានបានឲ្យដឹងថា យន្តហោះ Boeing 767 បានបាត់បង់សម្ពាធហោះហើរ ហើយអ្នកដំណើរទាំងអស់ត្រូវពាក់ម៉ាស់អុកស៊ីសែន ព្រោះថាយន្តហោះត្រូវចុះចតជាបន្ទាន់នៅព្រលានយន្តហោះ Schipol។ យន្តហោះ Boeing 767 មួយនេះផងដែរ គឺមានគោលដៅចេញពីទីក្រុងឡុងដ៍ ទៅកាន់ទីក្រុង Rzeszow ប្រទេសប៉ូឡូញ ជាកន្លែងដែលអ្នកដំណើរជាជនជាតិយូដាទាំងអស់ត្រូវទៅ ដែលគេជាជឿជាក់ថា ពួកគេមានគម្រោងធ្វើធម្មយាត្រាមួយនៅទីនោះ។

យោងតាមវីដេអូដែលថតបាន នៅក្នុងអំឡុងពេលដ៏តក់ស្លុតនោះ យើងអាចឃើញមានបុរសជាច្រើននាក់ នាំគ្នាយកសៀវភៅធម៌មកសូត្របួងសួង បែបន់ និងច្រៀងថា “Ani Ma’amin” មានន័យថា “ខ្ញុំជឿជាក់”។

ពួកគេច្រៀងបួងសួងបណ្តើរ ព្យាយាមស្រូបយកអុកស៊ីសែន ពីម៉ាស់អុកស៊ីសែន បណ្តើរ ក្នុងភាពភ័យខ្លាចបំផុត ខណៈអ្នកខ្លះបានជជែកគ្នា ថតរូប ថតវីដេអូតាមទូរស័ព្ទ ចងក្រងឯកសារពីឧប្បត្តិហេតុ។

ប្រភពព័ត៌មានបានបន្តថា នៅម៉ោងប្រមាណ ៩និង៤៣នាទី ម៉ោងក្នុងតំបន់ ក្រុមហ៊ុនអាកាសចរណ៍ Titan Airways បានធ្វើការប្រកាសសញ្ញា “Mayday” ដែលជាសញ្ញាផ្សាយតាមវិទ្យុទាក់ទងសុំជំនួយ ពេលយន្តហោះមានគ្រោះថ្នាក់ ហើយយន្តហោះបានចុះចតក្នុងទីក្រុង Amsterdam នៅម៉ោង១០។

ក្រោយកើតហេតុអ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ខាងលើ បានថ្លែងថា ក្នុងចំណោមអ្នកដំណើរ និងក្រុមការងារលើយន្តហោះ មិនមាននរណាម្នាក់រងរបួសនោះទេ ប៉ុន្តែក្រុមសង្គ្រោះបន្ទាន់ បានទៅដល់ទីតាំងយន្តហោះភ្លាមៗ ដើម្បីធានាបាននូវសុវត្ថិភាពរបស់អ្នកដំណើរទាំងអស់។

គួរបញ្ជាក់ថា ឧប្បត្តិហេតុមួយនេះ ជាករណីកម្រកើតមានបំផុត ប៉ុន្តែពីឡុតរបស់ក្រុមហ៊ុនអាកាសចរណ៍ Titan Airways អាចគ្រប់គ្រងស្ថានភាពបានដោយជោគជ័យ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]