(ភ្នំពេញ)៖ មន្រ្តីនគរបាលម្នាក់បម្រើការងារ នៅនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដោយសារតែមានជម្លោះជាមួយ ប្រពន្ធរបស់ខ្លួនពេលកំពុងច្រៀងខារ៉ាអូខេ ក៏បានទាញកាំភ្លើង AK-47 បាញ់រះជិត១០គ្រាប់នៅក្នុងបុរី «សម្បត្តិមានហេង» មុខផ្ទះលេខ២៦៤ ផ្លូវលេខ៣ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រហូតមកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ មិនទាន់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅឡើយទេ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ករណីនេះកើតឡើងនៅវេលាម៉ោង៥៖៤០នាទី ល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ បង្កឡើងដោយមន្រ្តីនគរបាលនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ លោក ស្វាយ ពិសិដ្ឋ អាយុ៣៤ឆ្នាំ។

បើតាមរបាយការណ៍ មុនពេលកើតហេតុជនសង្ស័យ និងមិត្តភក្តិ២នាក់ទៀត បាននាំគ្នាផឹកស្រាបៀរ នៅផ្ទះជនសង្ស័យអស់មួយកេះ រួចក៏នាំគ្នាជិះរថយន្តម៉ាក Toyota HighLander ពណ៌ស ពាក់ស្លាកលេខនគរបាល (មិនចាំស្លាកលេខ) ចេញទៅក្រៅបាត់។

លុះដល់ម៉ោង១៧និង៤០នាទី ថ្ងៃដដែលជនសង្ស័យ ក៏ជិះរថយន្តត្រឡប់មកផ្ទះវិញម្នាក់ឯង ពេលនោះប្រពន្ធរបស់ជនសង្ស័យ ក៏ហៅជនសង្ស័យទៅផឹកស្រា និងច្រៀងខារ៉ាអូខេ ជាមួយអ្នកជិតខាង រួចក៏មានទំនាស់ពាក្យសម្តីគ្នា ហើយជនសង្ស័យក៏យកអាវុធវែងម៉ាក AK-៤៧(មិនដឹងលេខ)បាញ់ឡើងលើជាច្រើនគ្រាប់ រួចក៏យកអាវុធដាក់ក្នុងរថយន្ត ជិះគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចយើង បានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ រកឃើញសំបកគ្រាប់អាវុធវែង (AK) ០៥សំបក ទុកធ្វើជាវត្ថុតាង។ យ៉ាងណាក៏ដោយសម្រាប់ហេតុការណ៍បាញ់បោះនេះ មិនបណ្តាលឲ្យរងគ្រោះដល់ប្រជាពលរដ្ឋ ណាម្នាក់នោះទេ។

បើតាមប្រជាពលរដ្ឋ នៅក្បែរជនសង្ស័យបានឲ្យដឹងថា ជននេះធ្លាប់បាញ់បោះផងដែរ ប៉ុន្តែមិនឃើញមានចំណាត់ការ របស់សមត្ថកិច្ចនោះឡើយ។ ចំពោះករណីនេះ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងសហការជាមួយកម្លាំងនគរបាល មូលដ្ឋានធ្វើការស្រាវជ្រាវបន្ត ដើម្បីចាត់ការបន្តទៀត៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

រំលឹកចាស់៖ ជនបង្កដែលផ្ទុះអាវុធជិត១០គ្រាប់ នៅបុរីសម្បត្តិមានហេង, ជាមន្រ្តីនគរបាលនៅអគ្គនាយកដ្ឋានអត្ត​សញ្ញាណកម្ម​ ឈ្មោះ ស្វាយ ពិសិដ្ឋ

(ភ្នំពេញ)៖ ជនបង្កដែលផ្ទុះអាវុធជិត១០គ្រាប់ នៅបុរីសម្បត្តិមានហេង ស្ថិតនៅភូមិកោះនិរោធ សង្កាត់និរោធ ខណ្ឌច្បារអំពៅ, ជាមន្រ្តីនគរបាល នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឈ្មោះ ស្វាយ ពិសិដ្ឋ ជិះរថយន្តម៉ាក Highlander ស្លាកលេខ៖ នគរបាល 2-7768 ។ នេះបើយោងតាមសេចក្ដី រាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានប្រាប់ភ្នាក់ងារអង្គភាព Fresh News បានឲ្យដឹងនៅមុននេះបន្តិច។

ជនបង្កដែលហ៊ានលើកកាំភ្លើងបាញ់បោះនោះ ក្រោយធ្វើសកម្មភាពល្មើសច្បាប់នេះហើយ ជនសង្ស័យក៏បានបើករថយន្ត គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

តាមសាក្សីបានឲ្យដឹងថា ផ្ទះជនបង្កស្ថិតនៅក្នុងបុរីតែម្តង មូលហេតុផឹកស្រវឹងខឹងប្រពន្ធ ក៏បានបាញ់តែម្តង។

កម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញ កំពុងចុះពិនិត្យមើលផ្ទាល់នៅកន្លែងកើតហេតុនៅឡើយ ប៉ុន្តែការផ្ទះអាវុធដ៏គ្រោះថ្នាក់ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួស ឬស្លាប់នោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]