(កំពត)៖ ទូកនេសាទអូសល្មើសច្បាប់ របស់ជនជាតិវៀតណាម ចំនួន០៣គ្រឿង និងមនុស្ស១៨នាក់ ត្រូវកម្លាំងខណ្ឌជលផល​ខេត្តកំពត សហការជាមួយកម្លាំងវរនគរបាលការពារព្រំដែនទឹក តំបន់កំពត លេខ២៤១ ដឹកនាំដោយលោក នៃ គង់ អភិបាលរងខេត្ត ក្រោមការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តលោក ខាន់ សុផល ចាប់បាននៅ​ម៉ោងប្រហែល២ រំលងអាធ្រាត្រថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចសមុទ្រ មុខកំពង់ផែវេញហួរ ចម្ងាយប្រមាណ​២គីឡូម៉ែត ស្ថិតក្នុងភូមិគីឡូ១២ ឃុំព្រែកអំពិល ស្រុកទឹកឈូ ខេត្តកំពត។

លោក ស សុរិន នាយខណ្ឌរដ្ឋបាលជលផលកំពត បានប្រាប់ឲ្យដឹងថា យោងតាមបទបញ្ជារបស់គណៈបញ្ជកាឯកភាពខេត្ត ក្នុងការបង្ក្រាបទប់ស្កាត់បទល្មើសនេសាទ កម្លាំងរបស់លោក បានសហការចេញល្បាតសមុទ្រ ក៏ប្រទះឃើញទូកល្មើស​៤គ្រឿង ហើយកម្លាំងក៏បង្ក្រាបបានទូកនេសាទល្មើសរបស់ប្រជានេសាទវៀតណាមចំនួន០៤គ្រឿង តែខណៈបង្ក្រាបនោះ ទូកល្មើស១គ្រឿងបានបើករត់រួច។

លោកបានបន្តទៀតថា «ការបង្ក្រាបនេះ ក៏មានការសហការល្អ ពីប្រជាអ្នកនេសាទភូមិដូនតោកផងដែរ។ ខណ្ឌរដ្ឋបាល​ជលផល នឹងសុំគោលការណ៍ ពីលោកអភិបាលខេត្តកំពត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់»។

លោក ស សុរិន បានបន្ថែមទៀតថា យោងតាមកិច្ចសហប្រតិបត្តិការរវាងខេត្តកំពត និងខេត្តគៀងយ៉ាង កាលពីថ្ងៃ១៧ ខែមីនា ឆ្នាំ២០១៧ (តាមស្មារតីក្នុងកិច្ចប្រជុំ១ នៅក្រុងហាទៀង ខេត្តគៀងយ៉ាង) ស្តីពីបាតុភាពទំនាស់រវាងអ្នកនេសាទខ្មែរ និងអ្នក​នេសាទវៀតណាម ដែលនៅតំបន់ទឹកជាប់គ្មា ភាគីទាំង២ បានឯកភាពទប់ស្កាត់មិនឲ្យមានទូកអូស​គូរក្នុងតំបន់នេះ​សម្រាប់ទុកឲ្យនេសាទ ជាលក្ខណៈគ្រួសារ និងបញ្ជៀសជម្លោះ ដែលមានបាតុភាពក្នុងដែនសមុទ្រកន្លងមក៕

ប្រភព៖ Fresh News

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

1​ដៃ​បែក​ចង្កា និង​បែក​កញ្ចក់​រថយន្ត ហើយ​អស់​200​ដុល្លារ​ទៀត​ដោយសារ​តែ​...

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ បើករថយន្ត​មួយ​គ្រឿង​ កៀរ​ម៉ូតូ​ដួល​រង​របួសស្រាល​ហើយ​បើក​រត់​បាន​៥០​ម៉ែត្រ​ រថយន្ត​បែក​កង់​មុខ​ ខាងឆ្វេង​ទៅ​មុខ​លែង​ត្រូវ​ប្រជាពលរដ្ឋ និង​អ្នក​ជន​រង​គ្រោះ​ ឃាត់​បាន​ឈ្លោះប្រកែក​គ្នា​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខឹង​ដាក់​មួយ​ដៃ​បែក​ចង្កា និង​បែក​កញ្ចក់​រថយន្ត​ ទើប​សង​សំណង​200​ដុល្លារ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​ នៅ​វេលា​ម៉ោង​ ៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​៤៧ នៅ​ចំណុច​ជិត​សណ្ឋាគារ​កា​សា ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​​ ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បានឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា Moove ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FF-9203 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៤៧ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​បើករថយន្ត​បង្ក​ម៉ាក CRV ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2M0786 បើក​តាម​បណ្តោយ​ផ្លូវ​៤៧ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ ហើយ​ស្រវឹងស្រា​ បាន​បើក​នៅ​កណ្តាលផ្លូវ​មិន​បាន​ប្រយ័ត្ន​ក៏​កៀរ​ម៉ូតូ បណ្តាល​ឱ្យ​ដួល សំណាងល្អ​មិន​មាន​ រង​របួស​ធ្ងន់ធ្ងរ​អី​នោះ​ទេ គ្រាន់តែ​ខូចខាត​ម៉ូតូ​បែក​ក្បាំង​ បន្តិចបន្តួច​តែ​ប៉ុណ្ណោះ។

ភ្លាម​ៗ​នោះ​ដែល​ រថយន្ត​បង្ក​បើក​រត់​បាន​50​ម៉ែត្រ​ បាន​បែក​កង់​មុខ​ខាងឆ្វេង​ត្រូវ​ម្ចាស់​ម៉ូតូ និង​ប្រជាពលរដ្ឋ​ឃាត់​បាន ស្រាប់តែ​ម្ចាស់​រថយន្ត​ចុះ​ មក​ពីលើ​រថយន្ត​មិន​បាន​សំរួល​សង​ជាមួយ​ជន​រង​គ្រោះ​នោះ​ទេ បាន​ឈ្លោះប្រកែក​ជាមួយ​ ប្រជាពលរដ្ឋ​ដែល​គេ​ជួយ​ឃាត់​ទៀត​ ត្រូវ​ប្រជាពលរដ្ឋ​វាយ​បណ្តាល​ឱ្យ​បែក​ចង្កា និង​បែក​កញ្ចក់​រថយន្ត​ខាងឆ្វេង​បង្ក​ឲ្យ​មានការ​ ឈ្លោះប្រកែក​គ្នា​ផ្អើល​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ រួម​នឹង​ចរាចរណ៍​ខណ្ឌដូនពេញ​បាន​សម្របសម្រួល​ជាមួយ​រថយន្ត​ រង​គ្រោះ​បាន​មួយសន្ទុះ​ ក្រោយមក​សាច់ញាតិ​ខាង​រថយន្ត​បង្ក​បាន​មក​ដល់​ព្រម​សង​ទៅ​ ឱ្យ​ខាង​ម៉ូតូ​រង​គ្រោះ​ចំនួន​ 200​ដុល្លារ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]