អាហ្រ្វិកខាងត្បូង៖ កីឡាករបាល់ទាត់សញ្ជាតិហ្គាណាម្នាក់ រងភាពអាម៉ាស់ក្រោយពីស៊ុតចូលទីខ្លួនឯង ធ្វើឲ្យក្រុមរបស់ខ្លួនបានត្រឹមស្មើជាមួយគូប្រកួត ប៉ុន្តែរឿងដែលនឹកស្មានមិនដល់មួយផ្សេងទៀតនោះគឺ កីឡាកររូបនេះ បានជ្រុលមាត់និយាយអរគុណទៅកាន់ប្រពន្ធផង និងមិត្តស្រីផង អំឡុងពេលកិច្ចសម្ភាសន៍ជាមួយអ្នកកាសែតដើម្បីបកស្រាយពីបញ្ហាការប្រកួត។

ប្រភពព័ត៌មានបានឲ្យដឹងថា កីឡាករ Mohammed Anas ដែលមានសញ្ជាតិហ្គាណារូបនេះ ត្រូវបានគេអញ្ជើញមកសម្ភាសន៍ ដើម្បីបកស្រាយទៅកាន់អ្នកគាំទ្រ បន្ទាប់ពីបានស៊ុតចូលទីខ្លួនឯង ធ្វើឲ្យក្រុម Free State Stars មានឱកាសតាមស្មើ Ajax Cape Town ២ទល់នឹង២។

គួរឲ្យដឹងទៀតថា នៅក្នុងអំឡុងជិតបញ្ចប់នូវកិច្ចសម្ភាសន៍ រឿងចៃដន្យមួយក៏បានកើតឡើង ដោយសារកីឡាកររូបនេះ បានជ្រុលមាត់និយាយអរគុណ ទៅកាន់ប្រពន្ធផង និងមិត្តស្រីផង ធ្វើឲ្យគ្រប់គ្នា រួមទាំងកីឡាករូបនេះផ្ទាល់មានការភាន់ភាំង បន្ទាប់មកក៏ក្រលាស់ពាក្យមកនិយាយត្រឹម អរគុណភរិយារបស់ខ្លួនវិញ។

Anas កីឡាករសញ្ជាតិហ្គាណារូបនេះបាននិយាយក្នុងកិច្ចសម្ភាសន៍ថា «ខ្ញុំចង់អរគុណទៅកាន់អ្នកគាំទ្រ ក៏ដូចជាប្រពន្ធ និងមិត្តស្រីរបស់ខ្ញុំ…បាទ! ប្រពន្ធរបស់ខ្ញុំ។ សុំទោសដែលនិយាយខុសមុននេះ…សុំទោស..ខ្ញុំពិតជាស្រលាញ់ប្រពន្ធរបស់ខ្ញុំ» ៕ 

ប្រភព៖ Dailymail

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ សារព័ត៌មាន Fox Sport និយាយថា ការទៅលេងនៅជប៉ុន គឺជាការបាត់បង់ឱកាសដ៏ធំមួយរបស់ ចាន់ វឌ្ឍនាកា

អាស៊ី៖ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Fox Sport Asia ដែលជាគេហទំព័រដ៏ល្បីនៅក្នុងតំបន់អាស៊ី បានឲ្យដឹងថា ការផ្ទេរទៅលេងនៅក្លិបរបស់ប្រទេសជប៉ុន គឺជាការបាត់បង់ឱកាសដ៏ធំមួយ របស់ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា។

ប្រភពបានអះអាងឲ្យដឹងបន្តទៀតថា ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ ចាន់ វឌ្ឍនាកា គួរតែទៅលេងនៅប្រទេសសាំងហ្គារពួរ ឬម៉ាឡេស៊ី ប្រសើរជាងទៅលេងនៅលីកទី៣ របស់ប្រទេសជប៉ុន។

ក្នុងនោះដែរ សារព័ត៌មាន Fox Sport Asia បានលើកហេតុផលសាមញ្ញមួយថា ប្រសិនបើកីឡាករខ្លាំងនៅអាស៊ីអាគ្នេយ៍ទៅលេងនៅជប៉ុន នោះវានឹងធ្វើឲ្យមានការចាប់អារម្មណ៍ពីអ្នកគាំទ្រនៅប្រទេសកំណើតរបស់ពួកគេ។ ហើយប្រសិនបើកីឡាករទទួលបានជោគជ័យទៀតនោះ គឺវាអាចនឹងរឹតតែធ្វើឲ្យមានការរំភើបពី អ្នកគាំទ្រ ប្រព័ន្ធសារព័ត៌មាន និងចុងក្រោយគឺអ្នកឧបត្ថម្ភ។

Fox Sport បានបន្ថែមទៀតថា ជាក់ស្តែងករណីនេះវាមិនទាន់កើតឡើងនៅឡើយទេ។ កីឡាករដែលធ្លាប់ទៅលេងនៅទីនោះទាំងប៉ុន្មាន មិនទាន់មាននរណាធ្វើឲ្យមានការប្រែប្រួលធំដុំនៅឡើយ តែពួកគេក៏បានទទួលប្រយោជន៍ជាច្រើនពីការលេងនៅជប៉ុន សម្រាប់ខ្លួនគេផ្ទាល់ផងដែរ។

យ៉ាងណាមិញ សារព័ត៌មានកីឡាដ៏ល្បីមួយនេះ ក៏បានលើកសរសើរ ចាន់ វឌ្ឍនាកា គឺជាកីឡាករល្អ មានទេពកោសល្យដ៏ខ្លាំងមួយរូបផងដែរ តែក្នុងនោះពួកគេបានផ្តល់ជាគំនិតបន្ថែមទៀតថា បើសិន វឌ្ឍនាកា ចង់ទៅលេងនៅជប៉ុននោះ គេអាចសម្រេចទៅលេងនៅពេលក្រោយបាន តែគេត្រូវបន្សំសមត្ថភាពរបស់គេឲ្យខ្លាំងនៅតំបន់អាស៊ីអាគ្នេយ៍សិន ហើយនៅពេលដែលគេខ្លាំងហើយ គេអាចនឹងទៅលេងនៅលីកកំពូលរបស់ប្រទេសជប៉ុនផងក៏ថាបានដែរ។ បើតាមការអះអាងរបស់ Fox Sport ចង់បង្ហាញឲ្យឃើញថា វឌ្ឍនាកា គួរតែទៅលេងនៅសាំងហ្គាពួរ ឬម៉ាឡេស៊ីឲ្យខ្លាំងសិន ចាំសម្រេចទៅលេងនៅជប៉ុនតាមក្រោយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]