អាការៈឈឺក្បាល តានតឹង ស្រ្តេស មិនមែនជាអារម្មណ៍ ដែលអ្នករាល់គ្នាចង់ជួបប្រទះនោះទេ ជាពិសេស នៅពេលអ្នកកំពុងធ្វើដំណើរ ឬកំពុងតែធ្វើការតែម្តង។

ហេតុនេះហើយ ថ្ងៃនេះ យើងនឹងបង្ហើបប្រាប់អំពីវិធីសាស្រ្តដ៏ពិសេសមួយ ជូនប្រិយមិត្តអ្នកអានទាំងអស់គ្នា បំបាត់ឈឺក្បាល និងស្រ្តេស ប្រើពេលត្រឹមតែរយៈពេល ៣០វិនាទីប៉ុណ្ណោះ ដោយមិនចាំបាច់មានជំនួយពីថ្នាំក៏បាន ។ 

រាងកាយរបស់មនុស្សសុទ្ធតែមានចំណុចសកម្ម នៅត្រង់កន្លែងណាមួយ ដើម្បីអាចម៉ាស្សា បំបាត់ការឈឺចាប់ផ្សេងៗ តាមរបៀបធម្មជាតិ បានយ៉ាងមានប្រសិទ្ធភាព។ សម្រាប់ចំណុចសកម្ម ក្នុងការបំបាត់ឈឺក្បាល និងអារម្មណ៍តានតឹង គឺស្ថិតនៅត្រង់សាច់ដុំ ដែលស្ថិតនៅចន្លោះម្រាមដៃមេ និងម្រាមដៃចង្អុលរបស់អ្នក។

# អ្វីដែលអ្នកត្រូវធ្វើ

អ្នកត្រូវតែសង្កត់សាច់ដុំចន្លោះម្រាមដៃនោះ ដោយប្រើមេដៃ សង្កត់លើផ្នែកខ្នងដៃ និងប្រើម្រាមដៃចង្អុល សង្កត់ពីផ្នែកបាតដៃ រួចបន្តសង្កត់ឲ្យបាន ៣០ វិនាទី សឹមផ្លាស់ប្តូរដៃម្ខាងទៀត ព្រមទាំងអនុវត្តដូចគ្នា ឲ្យបាន ៣០ វិនាទីបន្ថែមទៀត។ ប្រសិនបើអ្នកធ្វើបានត្រឹមត្រូវដូចតាមការរៀបរាប់ បន្តិចក្រោយមកអាការៈឈឺក្បាលរបស់អ្នក នឹងរសាយបាត់ជាក់ជាមិនខាន។

# គួរប្រុងប្រយ័ត្ន!

សម្រាប់ស្រ្តី ដែលកំពុងមានផ្ទៃពោះ មិនគួរអនុវត្ត វិធីមួយនេះនោះទេ ពីព្រោះ វាអាចបណ្តាលឲ្យ ឆ្លងទន្លេទាំងមិនទាន់គ្រប់ខែបាន៕ 

ប្រភព៖ Bright Side

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ធ្លាប់ដឹងទេ ថាតើហេតុអ្វីបានជា លិខិតឆ្លងដែន មានពណ៌ខុសៗគ្នា?

បើនិយាយពីពណ៌របស់លិខិត ឆ្លងដែនគឺមានចំនួន ៤ ពណ៌ខុសៗគ្នា ក្នុងពិភពលោកយើងនោះ គឺពណ៌ខៀវ ពណ៌ក្រហម ពណ៌បៃតង និងពណ៌ខ្មៅ។

ជាក់ស្តែង ប្រទេសនីមួយៗ សុទ្ធតែមានហេតុផល ក្នុងការជ្រើសរើសពណ៌ តំណាងលើលិខិតឆ្លងដែននេះ។ ហេតុនេះ ចង់ដឹងអំពីអត្ថន័យរបស់វាយ៉ាងណានោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោម ៖

១. លិខិតឆ្លងដែនពណ៌ក្រហម

ពណ៌ក្រហម អាចនិយាយបានថាជា ពណ៌ដែលទូទៅជាងគេបំផុត។ ពណ៌ក្រហមលើលិខិតឆ្លងដែននេះ ភាគច្រើនត្រូវបានជ្រើសរើសតំណាងឲ្យ ប្រទេសដែលធ្លាប់ឆ្លងកាត់ ឬកំពុងតែកាន់របបកុម្មុយនីស។ ពលរដ្ឋនៃប្រទេស ស្លូវេនី ចិន ស៊ែប៊ី រុស្ស៊ី ឡេតូនី រូម៉ានី ប៉ូឡូញ និងហ្សកហ្ស៊ី សុទ្ធតែមានលិខិតឆ្លងដែនពណ៌ក្រហម។ បណ្តាប្រទេសជាសមាជិករបស់សហភាពអឺរ៉ុប (EU) លើកលែងតែ ប្រទេសក្រូអាស៊ី (Croatia) រួមទាំង ប្រទេសដែលមានបំណងចូល សហភាពអឺរ៉ុប ដូចជាប្រទេស តួកគី ម៉ាសេដូន និងអាល់បានី ក៏មានលិខិតឆ្លងដែនពណ៌ក្រហមដែរ។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសក្នុងសហគមន៍ប្រជាជាតិ Andean ដូចជាប្រទេស បូលីវី កូឡុំប៊ី អេក្វាឌ័រ និងប៉េរូ ក៏ប្រើលិខិតឆ្លងដែនពណ៌ក្រហមចាស់ផងដែរ។

២. លិខិតឆ្លងដែនពណ៌ខៀវ

នេះគឺជាពណ៌ដែលទូទៅមួយដែរ បន្ទាប់ពីពណ៌ក្រហម។ លិខិតឆ្លងដែនពណ៌ខៀវ តំណាងឲ្យ “ពិភពលោកថ្មី ឬទឹកដីថ្មី” (New world)។ បណ្តាប្រទេស នៅតំបន់ការាបៀន (Caribbean) សុទ្ធតែមានលិខិតឆ្លងដែនពណ៌ខៀវ។ នៅក្នុងបណ្តាប្រទេសអាមេរិកប្លុកភាគខាងត្បូង មានលិខិតឆ្លងដែនពណ៌ខៀវ ដោយសារតែមានទំនាក់ទំនងសហជីពពាណិជ្ជកម្ម Mercosur រួមជាមួយគ្នា រួមមានដូចជាប្រទេស ប្រេស៊ីល អាហ្សង់ទីន និងប៉ារ៉ាហ្គាយ (លើកលែងតែ ប្រទេសវេណេស៊ុយអេឡា ដែលមានលិខិតឆ្លងដែនពណ៌ក្រហម)។ សម្រាប់ប្រទេសអាមេរិក ក៏ទើបតែផ្លាស់ប្តូរពណ៌លិខិតឆ្លងដែនមកជាខៀវវិញ នៅឆ្នាំ ១៩៧៦ ដែរ។

៣. លិខិតឆ្លងដែនពណ៌បៃតង

ភាគច្រើន ប្រទេស ដែលមាន លិខិតឆ្លងដែនពណ៌បៃតង គឺជាប្រទេសកាន់សាសនាមូស្លីម។ ឧទាហរណ៍ដូចជា ប្រទេស ម៉ារ៉ុក អារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថាន។ នេះដោយសារតែ ពណ៌បៃតង ជាពណ៌សំណព្វរបស់មហាម៉ាត់ ព្រមទាំងជាតំណាង ធម្មជាតិ និងជីវិតផងដែរ។ សម្រាប់ប្រទេស បូគីណាហ្វាសូ នីហ្សេរីយ៉ា នីហ្សេ កូតឌីវ័រ និងប្រទេសសេណេហ្គាល់ ក៏មានលិខិតឆ្លងដែនពណ៌បៃតងដែរ ដោយក្នុងករណីនេះ ពណ៌បៃតងតំណាងឲ្យភាពជាសមាជិក ក្នុងសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច ECOWAS។

៤. លិខិតឆ្លងដែនពណ៌ខ្មៅ

លិខិតឆ្លងដែន ដែលមានពណ៌ខ្មៅ ហាក់ដូចជាកម្រឃើញជាងគេ។ ជាក់ស្តែង លិខិតឆ្លងដែនពណ៌ខ្មៅនេះ មានតែបណ្តាប្រទេសនៅតំបន់អាហ្រ្វិក ដូចជាប្រទេស បុតស្វាណា ហ្សំបៀ ប៊ូរុនឌី ហ្គាបុង អង់ហ្គោឡា ឆាដ កុងហ្គោ ម៉ាឡាវី និងប្រទេសដទៃផ្សេងទៀត។ សម្រាប់ប្រជាពលរដ្ឋប្រទេស នូវែលសេឡង់ កាន់កាប់លិខិតឆ្លងដែនពណ៌ខ្មៅដែរ ដោយសារតែ ពណ៌ខ្មៅ គឺជាពណ៌តំណាងជាតិ របស់ប្រទេសរបស់ពួកគេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]