បរទេស៖ មុនកាលបរិច្ឆេទអំឡុងខែមេសាខាងមុខនេះ ដែលក្រុមហ៊ុនសាមស៊ុង ត្រូវបានគេរំពឹងថានឹងបញ្ចេញម៉ូដែលទូរសព្ទស្មាតហ្វូន Galaxy ត្រកូល S ស៊េរីថ្មីចុងក្រោយរបស់ខ្លួន ថ្មីៗនេះស្រាប់តែលេចធ្លាយរូបរាងនិងពណ៌របស់វាកាន់តែច្បាស់ ជាមួយនឹងតម្លៃដែលគេនឹងត្រូវដាក់លក់លើទីផ្សារផងដែរ។

យោងតាមប្រភពពីគណនី Twitter របស់លោក Evan Blass ដែលធ្លាប់ទម្លាយរូបរាងម្តងរួចមកហើយកាលពីខែមករា ដើមឆ្នាំ២០១៧ ដោយលើកនេះ បានទម្លាយឲ្យអ្នកប្រើប្រាស់បានឃើញនូវពណ៌ចំនួន៣ របស់ម៉ូដែលទូរសព្ទ Galaxy S8 និង S8 Plus ខណៈការប្រកាសចេញជាផ្លូវការក្នុងខែមេសាមិនទាន់មកដល់ផងនោះ។ ពណ៌របស់ទូរសព្ទ Galaxy S8 និង S8 Plus មានដូចជា ខ្មៅ (Black Sky) ប្រផេះ (Orchid Grey) និងប្រាក់ (Arctic Silver)។

សម្រាប់តម្លៃវិញ ប្រភពដដែលបានទម្លាយឲ្យដឹងថា S8 (៧៩៩អ៊ឺរ៉ូ ឬប្រមាណ៨៥៩ដុល្លារ) និង S8+ (៨៩៩អ៊ឺរ៉ូ ឬប្រមាណ ៩៦៧ដុល្លារ)៕ 

ប្រភព៖ TheVerge

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ 

អាមេរិកនឹងដាក់ដំណើរការ រថយន្តគ្មានមនុស្សបើកលើដងផ្លូវ នៅចុងឆ្នាំ២០១៧

សារព័ត៌មានដេលីម៉ែល បានចុះផ្សាយកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ថា រថយន្តដែលគ្មានដៃចង្កូតបញ្ជា គ្មានប្រព័ន្ធប្រអប់លេខហ្វ្រាំង ហើយគ្មានមនុស្សបើក នឹងត្រូវដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

កាលពីថ្ងៃសុក្រកន្លងទៅនេះ នាយកដ្ឋានមធ្យាបាយធ្វើដំណើរ របស់សហរដ្ឋអាមេរិក បានដាក់សំណើ នៃដំណើរការររថយន្តដែលពុំមានមនុស្សបើក នឹងអាចចរាចរលើផ្លូវសាធារណនៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកបាននៅចុងឆ្នាំ២០១៧។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងរយៈពេល៧ឆ្នាំមុន មានក្រុមហ៊ុនបច្ចេកវិទ្យា និងផលិតរថយន្តជាច្រើន បានធ្វើតេស្តលើរថយន្តគ្មានមនុស្សបើករបស់ពួកគេ នៅលើផ្លូវសាធារណៈក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ប៉ុន្តែរថយន្តទាំងនោះនៅតែមានដៃចង្កូតបញ្ជា ប្រអប់លេខ ហ្វ្រាំង និងកន្លែងបម្រុងទុក សម្រាប់អ្នកបើកបរ ធ្វើការបញ្ជាពេលមានហេតុការណ៍អាសន្នណាមួយកើតឡើង។

ប្រភពព័តមានបានបន្តថា រថយន្តគ្មានមនុស្សបើកនេះ នឹងមាននៅក្នុងទីផ្សារសហរដ្ឋអាមេរិក នាដើមឆ្នាំ២០១៨ តែទោះជាយ៉ាងណា បើទោះជាបានតេស្តដោយជោគជ័យ លើដងផ្លូវក្នុងអាមេរិកក៏ដោយ ក៏មានបទបញ្ញត្តិមួយចំនួន ស្នើឲ្យរោងចក្រផលិត ត្រូវបំពាក់ចង្កូតឡាន និងប្រព័ន្ធសុវត្ថិភាពមួយចំនួនផងដែរ ដើម្បីបង្ការក្នុងករណីមានហេតុការណ៍អាសន្នណាមួយ។

រថយន្តគ្មានមនុស្សបើកនេះ មានឈ្មោះថា Waymo វាត្រូវបានផលិតឡើងដោយក្រុមហ៊ុនយក្ស Google ។ របៀបប្រើអ្នកគ្រាន់តែចុចប៉ូតុងមួយប៉ុណ្ណោះ ដើម្បីកំណត់ពីគោលដៅដែលចង់ទៅ។ វាបំពាក់មកជាមួយនូវ សេនសឺ (sensors) ឬឧបករណ៍ចាប់សញ្ញា និងកម្មវិធីកុំព្យូទ័រដែលត្រូវបានរចនាឡើង ដើម្បីចាប់យកសញ្ញាអ្នកដំណើរថ្មើរជើង អ្នកជិះកង់ ឬរថយន្តផ្សេងទៀត ព្រមទាំងស្ថានភាពផ្លូវផងដែរ។

វាអាចចាប់យកសញ្ញា ក្នុងរយៈចម្ងាយស្មើនឹងទំហំតារាងបាល់ទាត់ចំនួន ២ឯណោះ ហើយសេនសឺ(sensors) របស់រថយន្តមួយនេះ ក៏អាចចាប់សញ្ញារបស់មនុស្ស ដូចជាលើកដៃសុំបត់ជាដើម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]