ភ្នំពេញ៖ ជម្លោះក្នុងវង់ ផឹកស៊ីមួយ បានកើតឡើង ធ្វើឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងនៅ ត្រើយខាង ខាងកើតស្ពាន ជ្រោយចង្វារ ក្នុង សង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ ដែលភាគីម្ខាង ត្រូវបាន គេរាយការណ៍ថា ជាកម្មករស្ពាន មានគ្នាមិនដល់១០នាក់ផង និងភាគីម្ខាងទៀត ជាប្រជាពលរដ្ឋ រស់នៅម្តុំនោះ(ត្រើយខាងកើតស្ពាន ជ្រោយចង្វារ) រាប់សិបនាក់ ស្ទើរតែជិត១០០នាក់ ឯណោះ ។

ហេតុការណ៍ ដេញវាយ និងគប់គ្នាដោយអាវុធដែក និងវត្ថុរឹង យ៉ាងអាណាធិបតេយ្យ ខាងលើនេះ បានកើតឡើង  នៅវេលាម៉ោង ប្រហែល១១៖៣០នាទី យប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២ នេះ ។

អធិការនគរបាល ខណ្ឌឫស្សីកែវ លោក សោម មុន្នី បានប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទថា ពិតជាមាន ករណីដេញវាយ និងគប់គ្នា កើតឡើងមែន ដោយផ្តើមចេញ ពីជម្លោះ នៅក្នុងផឹកស៊ី ប៉ុន្តែលោកមិន ទាន់ដឹង ពីមូលហេតុឲ្យ លំអិត នៅឡើយនោះទេ ខណៈលោកបានឲ្យ អធិការរង នគរបាល លោក អ៊ីវ ឈុនផេង ដឹកនាំកម្លាំង សមត្ថកិច្ច ចុះទៅជួយអន្តរាគមន៍ និងដោះស្រាយ នៅកន្លែងកើតហេតុហើយ។

លោក អ៊ីវ ឈុនផេង អធិការរងនគរបាល ទទួលបន្ទុក ព្រហ្មទណ្ឌ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិលថា ភាគីម្ខាងជាកម្មករស្ពាន និងភាគីម្ខាង ជាប្រជាពលរដ្ឋ នៅត្រើយខាងកើតស្ពាន មានជម្លោះដោយ សារផឹកស៊ី ប៉ុន្តែលោកមិនទាន់ បញ្ជាក់ឲ្យលំអិតនោះឡើយ ខណៈនៅកន្លែង កើតហេតុ កំពុងតែមាន ផ្អើលឈូរឆរ ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ជម្លោះបានកើតមានឡើង រវាង ក្រុមកម្មករស្ពាន និងប្រជាពលរដ្ឋ ដែលមានគ្នារាប់សិបនាក់ ប្រដាប់ដោយវត្ថុរឹង ដូចជាដុំថ្ម និងដែក បានចោលដាក់គ្នា ក្រោយពីពួកគេ បានឮសំឡេង គ្រាប់កាំភ្លើង ចំនួន២គ្រាប់ ចេញពីក្រោមស្ពាន ប៉ុន្តែសមត្ថកិច្ច មិនបាន បាញ់នោះទេ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក អ៊ីវ ឈុនផេង បាននឹងកំពុង ធ្វើការដោះស្រាយ និងអន្តរាគមន៍ ភាពអាណាធិតេយ្យ នៅទីនោះហើយ៕

ដោយ៖ ដើមអម្ពិល-គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]