បើនិយាយពីពណ៌របស់លិខិត ឆ្លងដែនគឺមានចំនួន ៤ ពណ៌ខុសៗគ្នា ក្នុងពិភពលោកយើងនោះ គឺពណ៌ខៀវ ពណ៌ក្រហម ពណ៌បៃតង និងពណ៌ខ្មៅ។

ជាក់ស្តែង ប្រទេសនីមួយៗ សុទ្ធតែមានហេតុផល ក្នុងការជ្រើសរើសពណ៌ តំណាងលើលិខិតឆ្លងដែននេះ។ ហេតុនេះ ចង់ដឹងអំពីអត្ថន័យរបស់វាយ៉ាងណានោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោម ៖

១. លិខិតឆ្លងដែនពណ៌ក្រហម

ពណ៌ក្រហម អាចនិយាយបានថាជា ពណ៌ដែលទូទៅជាងគេបំផុត។ ពណ៌ក្រហមលើលិខិតឆ្លងដែននេះ ភាគច្រើនត្រូវបានជ្រើសរើសតំណាងឲ្យ ប្រទេសដែលធ្លាប់ឆ្លងកាត់ ឬកំពុងតែកាន់របបកុម្មុយនីស។ ពលរដ្ឋនៃប្រទេស ស្លូវេនី ចិន ស៊ែប៊ី រុស្ស៊ី ឡេតូនី រូម៉ានី ប៉ូឡូញ និងហ្សកហ្ស៊ី សុទ្ធតែមានលិខិតឆ្លងដែនពណ៌ក្រហម។ បណ្តាប្រទេសជាសមាជិករបស់សហភាពអឺរ៉ុប (EU) លើកលែងតែ ប្រទេសក្រូអាស៊ី (Croatia) រួមទាំង ប្រទេសដែលមានបំណងចូល សហភាពអឺរ៉ុប ដូចជាប្រទេស តួកគី ម៉ាសេដូន និងអាល់បានី ក៏មានលិខិតឆ្លងដែនពណ៌ក្រហមដែរ។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសក្នុងសហគមន៍ប្រជាជាតិ Andean ដូចជាប្រទេស បូលីវី កូឡុំប៊ី អេក្វាឌ័រ និងប៉េរូ ក៏ប្រើលិខិតឆ្លងដែនពណ៌ក្រហមចាស់ផងដែរ។ 

២. លិខិតឆ្លងដែនពណ៌ខៀវ

នេះគឺជាពណ៌ដែលទូទៅមួយដែរ បន្ទាប់ពីពណ៌ក្រហម។ លិខិតឆ្លងដែនពណ៌ខៀវ តំណាងឲ្យ “ពិភពលោកថ្មី ឬទឹកដីថ្មី” (New world)។ បណ្តាប្រទេស នៅតំបន់ការាបៀន (Caribbean) សុទ្ធតែមានលិខិតឆ្លងដែនពណ៌ខៀវ។ នៅក្នុងបណ្តាប្រទេសអាមេរិកប្លុកភាគខាងត្បូង មានលិខិតឆ្លងដែនពណ៌ខៀវ ដោយសារតែមានទំនាក់ទំនងសហជីពពាណិជ្ជកម្ម Mercosur រួមជាមួយគ្នា រួមមានដូចជាប្រទេស ប្រេស៊ីល អាហ្សង់ទីន និងប៉ារ៉ាហ្គាយ (លើកលែងតែ ប្រទេសវេណេស៊ុយអេឡា ដែលមានលិខិតឆ្លងដែនពណ៌ក្រហម)។ សម្រាប់ប្រទេសអាមេរិក ក៏ទើបតែផ្លាស់ប្តូរពណ៌លិខិតឆ្លងដែនមកជាខៀវវិញ នៅឆ្នាំ ១៩៧៦ ដែរ។ 

៣. លិខិតឆ្លងដែនពណ៌បៃតង

ភាគច្រើន ប្រទេស ដែលមាន លិខិតឆ្លងដែនពណ៌បៃតង គឺជាប្រទេសកាន់សាសនាមូស្លីម។ ឧទាហរណ៍ដូចជា ប្រទេស ម៉ារ៉ុក អារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថាន។ នេះដោយសារតែ ពណ៌បៃតង ជាពណ៌សំណព្វរបស់មហាម៉ាត់ ព្រមទាំងជាតំណាង ធម្មជាតិ និងជីវិតផងដែរ។ សម្រាប់ប្រទេស បូគីណាហ្វាសូ នីហ្សេរីយ៉ា នីហ្សេ កូតឌីវ័រ និងប្រទេសសេណេហ្គាល់ ក៏មានលិខិតឆ្លងដែនពណ៌បៃតងដែរ ដោយក្នុងករណីនេះ ពណ៌បៃតងតំណាងឲ្យភាពជាសមាជិក ក្នុងសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច ECOWAS។ 

៤. លិខិតឆ្លងដែនពណ៌ខ្មៅ

លិខិតឆ្លងដែន ដែលមានពណ៌ខ្មៅ ហាក់ដូចជាកម្រឃើញជាងគេ។ ជាក់ស្តែង លិខិតឆ្លងដែនពណ៌ខ្មៅនេះ មានតែបណ្តាប្រទេសនៅតំបន់អាហ្រ្វិក ដូចជាប្រទេស បុតស្វាណា ហ្សំបៀ ប៊ូរុនឌី ហ្គាបុង អង់ហ្គោឡា ឆាដ កុងហ្គោ ម៉ាឡាវី និងប្រទេសដទៃផ្សេងទៀត។ សម្រាប់ប្រជាពលរដ្ឋប្រទេស នូវែលសេឡង់ កាន់កាប់លិខិតឆ្លងដែនពណ៌ខ្មៅដែរ ដោយសារតែ ពណ៌ខ្មៅ គឺជាពណ៌តំណាងជាតិ របស់ប្រទេសរបស់ពួកគេ។ 

*** ខាងក្រោមនេះ គឺជារូបភាពបង្ហាញអំពីពណ៌លិខិតឆ្លងដែន នៅតាមបណ្តាប្រទេស ជុំវិញពិភពលោក ៖

ប្រភព៖ Bright Side

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

អាថ៌កំបាំង ដែលអ្នកមិនធ្លាប់ដឹងថា ហេតុអ្វីបានជាម្ចាស់ក្សត្រី នៃចក្រភពអង់គ្លេស តែងតែស្ពាយកាបូបជាប់នឹងទ្រង់ជានិច្ច

តើអ្នកមានធ្លាប់សម្គាល់ទេថា ព្រះមហាក្សត្រីយានី Elizabeth II តែងតែស្ពាយកាបូបដៃ របស់ទ្រង់ជារៀងរាល់ពេល យាងចេញទៅទីសាធារណៈម្តងៗ? តើអ្នកចង់ដឹងទេថា មកពីមូលហេតុអ្វី?

ចង់ដឹងយ៉ាងណានោះ តាមដានអាថ៌កំបាំងនេះទាំងអស់គ្នា!

អ្នកនិពន្ធប្រចាំរាជវាំង Sally Bedell Smith បានលើកឡើងថា កាបូបដៃ របស់ម្ចាស់ក្សត្រី មានផ្ទុក កូនកញ្ចក់ ក្រែម ប៊ិច ស្ករគ្រាប់ជីអង្កាម និងវ៉ែនតាសម្រាប់ទ្រង់ទត។ ប្រសិនបើនៅថ្ងៃអាទិត្យវិញ ទ្រង់មានយកមូលប្បទានប័ត្រ ២ ទៅ ៣ សន្លឹក ដាក់ចូលក្នុងកាបូបដៃបន្ថែម សម្រាប់ទុកបរិច្ចាគដល់ព្រះវិហារ។

ប៉ុន្តែទោះជាយ៉ាងណា កាបូបដៃរបស់ទ្រង់ ត្រូវបានប្រើប្រាស់ជាសញ្ញាសំងាត់ទៅវិញទេ ដើម្បីឲ្យអ្នកបម្រើទាំងឡាយដឹង ដោយមិនចាំបាច់មានព្រះបន្ទូលឡើយ ដូចជា ៖

• ប្រសិនបើអ្នកកំពុងតែពិភាក្សាជាមួយទ្រង់ ហើយទ្រង់បែរជាផ្លាស់ប្តូរ កាបូបដៃ ពីព្រះហស្ថម្ខាង ទៅព្រះហស្ថម្ខាងទៀត នោះវាជាសញ្ញាប្រាប់ទៅដល់ អ្នកបម្រើរាជវាំងថា ទ្រង់ចង់បញ្ចប់កិច្ចពិភាក្សានោះហើយ។ អ្នកអាចប្រហែលជាមិនដឹង ប៉ុន្តែបន្តិចក្រោយមក នឹងមានអ្នកបម្រើណាម្នាក់មកអញ្ជើញអ្នក ឲ្យទៅពិភាក្សាជាមួយនឹងអ្នកដទៃជាមិនខានឡើយ។

• ក្នុងករណីដែលម្ចាស់ក្សត្រី ដាក់កាបូបដៃរបស់ទ្រង់ មកលើតុ ដែលកំពុងតែសោយព្រះក្រយា គឺមានន័យថា ទ្រង់ចង់ឲ្យកម្មវិធីនោះ បញ្ចប់ត្រឹមរយៈពេល ៥នាទីទៀត។

• នៅខណៈពេលដែលទ្រង់ បែរជាដាក់កាបូបចុះ ទៅលើដី ពេលកំពុងមានកិច្ចពិភាក្សា នោះមានន័យថា ទ្រង់មិនសប្បាយចិត្ត ក្នុងកិច្ចសន្ទនានោះទេ និងត្រូវការអ្នកបម្រើណាម្នាក់មកជួយកាត់ផ្តាច់ការសន្ទនានោះ។

• មួយវិញទៀត ប្រសិនបើក្រឡេកឃើញទ្រង់ បង្វិលចិញ្ចៀនរបស់ទ្រង់ឲ្យក្រឡាប់ចុះក្រោម នោះមានន័យថាទ្រង់ត្រូវការ ឲ្យមានអ្នកមក “ជួយសង្រ្គោះ” ជាបន្ទាន់។

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ ចំពោះសញ្ញាសំងាត់របស់ម្ចាស់ក្សត្រី នៃចក្រភពអង់គ្លេសនេះ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]