ថៃ៖ ថ្មីៗនេះ រូបថតមួយចំនួនរបស់កម្លោះសង្ហា ជិះម៉ូតូធំដឹកជញ្ជូន Pizza កំពុងវាយលុកយ៉ាងខ្លាំង នៅក្នុងបណ្តាញសង្គមអ៊ិនធើណែត។

អ្នកនិយមប្រើប្រាស់អ៊ិនធើណែតនៅក្នុងប្រទេសថៃ កំពុងមមាញឹកយ៉ាងខ្លាំងក្នុងការចែករំលែករូបភាពរបស់កម្លោះ Poom Jierwiriyapant ដែលជាអ្នកដឹកជញ្ជូន Pizza និងជានិស្សិតផ្នែកវិចិត្រសិល្បៈ នៅឯសាកលវិទ្យាល័យឈៀងម៉ៃដ៏សង្ហារូបនេះ ។

ក្រៅពីរូបសម្រស់ និងមុខដ៏គួរឲ្យស្រឡាញ់នោះ គេក៏បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើយានជំនិះដែល Poom ប្រើសម្រាប់ដឹកជញ្ជូននោះផងដែរ នោះគឺម៉ូតូធំម៉ាក BMW ម៉ូដែល S1000RR ដែលមានតម្លៃដល់ទៅជាង ២៣ ០០០ ដុល្លារឯណោះ។

ចំនែកឯរូបថតរបស់ Poom ដែលគេឃើញមានស្លៀកពាក់ឯកសណ្ឋានការងាររបស់គេនោះ ត្រូវបានចែករំលែកប្រមាណជាង ៤០០០ដង។

ទោះជាយ៉ាងណា Poom បានប្រាប់ទៅកាន់សារព័ត៌មាន MThai ថា ម៉ូតូធំដែលមានតម្លៃថ្លៃនេះ គឺបានមកពីប្រាក់ចំណូល ដែលគេរកបានពីការលក់កាបូបតាមអនឡាន ហើយលោកកម្រ នឹងយកម៉ូតូមួយនេះទៅដឹកជញ្ជូន Pizza​ សម្រាប់អតិថិជនណាស់។

ចង់ដឹងថា អ្នកដឹកជញ្ជូន Pizza សង្ហាបែបណាទើបធ្វើឲ្យយុវតីជ្រួលជ្រើមនោះ សូមទស្សនារូបភាពខាងក្រោម៖

ក្រឡេកមកមើលព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

បងប្អូនភ្លោះមួយគូ មិនដែលបែកគ្នាមួយថ្ងៃសោះ សាកល្បងបែកគ្នាតែមួយសប្តាហ៍... មកវិញស្បថថានឹងមិនធ្វើអ៊ីចឹងទៀតទេ (មានវីដេអូ)

អាមេរិក៖ បងប្អូនភ្លោះប្រុសមួយគូដែលមិនដែលបែកគ្នាលើសពី ១៩ម៉ោងសោះនោះ ថ្មីៗនេះបានសាកល្បងរស់នៅឆ្ងាយពីគ្នារយៈពេលមួយសប្តាហ៍ ដែលលទ្ធផលពេលបានជួបគ្នាវិញនោះគឺថា រំភើបតែម្តង។

បងប្អូនភ្លោះ Ethan និង Grayson Dolan អាយុ១៧ឆ្នាំ រស់នៅរដ្ឋ New Jersey កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងបណ្តាញ Youtube ដែលមានអ្នក subscribe រហូតដល់ទៅជាង ៣លានអ្នកឯណោះ។

វីដេអូចុងក្រោយនេះ ពួកគេបានបបួលគ្នាធ្វើរឿងមួយ គឺសាកល្បងរស់នៅឆ្ងាយពីគ្នារយៈពេលមួយសប្តាហ៍។

ពួកគេបានសរសេរចំណងជើងវីដេអូនោះថា “ពួកយើងចង់ដឹងថា តើជីវិតដែលគ្មានបងប្អូនភ្លោះរបស់ពួកយើងនៅជាគ្នានោះ វានឹងទៅជាយ៉ាងណា ...គឺថាវាពិតជាអាក្រក់ខ្លាំងណាស់”

វីដេអូនោះដែរ បានចាប់ផ្តើមដោយការគុបព្រួញនៅលើផែនទីដើម្បីធ្វើការជ្រើសរើសទីតាំងដែលពួកគេត្រូវទៅ ដែល Ethan ត្រូវទៅរដ្ឋ Colorado និង Grayson ត្រូវទៅហាវ៉ៃ។

បន្ទាប់ពីបានលាគ្នានៅឯព្រលានយន្តហោះ ពួកគេក៏បានចែកផ្លូវគ្នារៀងៗខ្លួន និងបានសន្យាថា ក្នុងមួយសប្តាហ៍នេះ ពួកគេនឹងមិនផ្ញើសារឲ្យគ្នាទៅវិញទៅមកទេ ។

ពួកគេក៏បានចាប់ផ្តើមដំណើរផ្សងព្រេងរបស់ពួកគេរៀងៗខ្លួន ដែល Ethan ទៅលេងជិះស្គីទឹកកក និងលេងកីឡាលើទឹកកក ខណៈពេលដែល Grayson ទៅលេងសមុទ្រ។

មើលទៅដំណើរកម្សាន្តថ្ងៃដំបូងរបស់ពួកគេដូចជាសប្បាយណាស់ ប៉ុន្តែពួកគេហាក់មានការនឹករលឹកគ្នានៅថ្ងៃបន្តបន្ទាប់។ Grayson ដែលបានធ្វើដំណើរទៅហាវ៉ៃនោះ បានសម្រក់ទឹកភ្នែកនៅពេលដែលគេបានបើកឡានចូលទិញអាហារ ព្រោះតែគេបាននឹកឃើញថា គេមិនដែលធ្វើរឿងមួយនេះតែម្នាក់ឯងទេពីមុនមក។

នៅពេលមួយទៀតនោះ ពួកគេបានបង្ហាញពីអារម្មណ៍នឹកគ្នាទៅវិញទៅមកតាមរយៈការយកវត្ថុគ្មានជីវិតទៅធ្វើជារូបបងប្អូនរបស់គេ ដោយ Grayson បានយកដូងធ្វើជាមុខរបស់ Ethan និង Ethan បានធ្វើរូប Grayson ពីព្រិលទឹកកក។

មួយសប្តាហ៍កន្លងទៅ ពួកគេក៏បានជួបគ្នាវិញ។ ពួកគេបានអោបគ្នាយ៉ាងណែនរហូតដល់បោកខ្លួនដួលទៅនឹងដីតែម្តង។ ពួកគេបានទទួលយកបទពិសោធន៍ដ៏ជូរចត់មួយ ដោយ Ethan បាននិយាយថា “វាពិតជាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាចម្លែកណាស់”។ ភ្លាមៗនោះ Grayson បានបន្ថែមថា “ពួកយើងនឹងមិនធ្វើរឿងឆ្កួតៗបែបនេះទៀតទេ!”

ចុងក្រោយអ្នកទាំង២បាននិយាយថា ពួកយើងមានអារម្មណ៍ថា ទទេរស្អាត និងឯការ នៅពេលដែលពួកយើងរស់នៅឆ្ងាយពីគ្នា។ លើសពីនេះ ពួកគេក៏បាននិយាយទៀតថា ទោះបីជា ពួកគេរៀបការ ហើយត្រូវរស់នៅក្នុងគ្រួសារពីរផ្សេងគ្នាក៏ដោយ ក៏ត្រូវតែមានផ្ទះជាប់គ្នាដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]