ថៃ៖ នៅថ្ងៃទី១៧ខែមីនានេះ វេលាម៉ោងប្រមាណជា ១០:៣០នាទីព្រឹក តារាសម្តែងស្រីនាង Pat Napapa ព្រមទាំងម្តាយក្មេក (ម្តាយ Benz Racing) និងមនុស្សក្រោមបង្គាប់នាងចំនួន២នាក់ផ្សេងទៀតដែលធ្វើការនៅក្នុងហាង Benz Racing បានចូលខ្លួនទៅបំភ្លឺរឿងក្តីនៅស្នងការប៉ូលិសហើយ បន្ទាប់ពីផ្អាកការសាកសួរ កាលពីថ្ងៃទី១៣ ខែមីនាកន្លងទៅ។

ពាក់ព័ន្ធនឹងករណីលុយជាង៣០លានបាត ដែលមាននៅក្នុងគណនីធនាគាររបស់នាង Pat Napapa ដោយបានមកគ្មានប្រភពច្បាស់លាស់ និងឡានទំនើបតម្លៃរាប់លានបាតរបស់តារាស្រីរូបនេះ បានធ្វើឱ្យប៉ូលិសដាក់ការសង្ស័យថា បានមកដោយមានការពាក់ព័ន្ធនឹងក្រុមជួញដូរគ្រឿងញៀនខុសច្បាប់ដ៏ធំ ដែលប៉ូលិសទើបតែបង្ក្រាបបានថ្មីៗនេះ។

តាមលោកវរសេនីយ៍ Paisalisep បានបង្ហើបឱ្យសារព័ត៌មានក្នុងស្រុកដឹងថា៖

«ការនាំខ្លួននាង Pat Napapa និងអ្នកដែលមានចំណែកពាក់ព័ន្ធក្នុងរឿងក្តី មកសាកសួរនៅថ្ងៃនេះ មានគោលបំណងសំខាន់ពីរយ៉ាងគឺ ទី១ រឿងរថយន្តទំនើប ទី២គឺ រឿងទ្រព្យសម្បត្តិផ្សេងៗ និងរឿងលុយដែល Benz Racing បានផ្ញើចូលក្នុងបញ្ជីគណនីរបស់អ្នកទាំង៤ខាងលើ។

ពេលនេះខាងប៉ូលិសកំពុងស្រាវជ្រាវ និងស៊ើបអង្កេតលើករណីនេះយ៉ាងដុតដៃដុតជើង ដោយការសាកសួរសាមីខ្លួន (នាង Pat Napapa) និងអ្នកដែលមានចំណែកពាក់ព័ន្ធក្នុងរឿងនេះទាំងអស់។ ប្រសិនបើមានការផ្តល់ចម្លើយបានច្បាស់លាស់ និងត្រឹមត្រូវគឺគ្មានបញ្ហានោះទេ ប៉ុន្តែបើការឆ្លើយខុសទៅនឹងភស្តុតាងដែលប៉ូលិសបានរកឃើញ នោះនឹងមានការចាត់វិធានការទៅតាមផ្លូវច្បាប់ជាមិនខាន។

ពេលនេះខាងប៉ូលិសក៏កំពុងតែរង់ចាំ ការសហការពីខាងធនាគារបន្ថែមទៀតផងដែរលើករណីនេះ ដើម្បីស៊ើបអង្កេតឱ្យបានកាន់តែច្បាស់។»

គួរឱ្យដឹងដែរថា​ ក្រោយកើតរឿង Pat Napapa មិនបានផ្តល់បទសម្ភាសន៍អ្វីទាំងអស់ដល់អ្នកកាសែត គ្រប់យ៉ាងកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលិស។

ចម្លើយតាមការសាកសួរយ៉ាងណាៗនោះ ខាងប៉ូលិសនឹងបើកបង្ហាញនៅពេលក្រោយជាបន្តបន្ទាប់៕

វរសេនីយ៍ Paisalisep
Pat Napapa និងម្តាយ Benz Racing

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]