(រតនគិរី)៖​ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះថា មានករណីអ្នកទោសចំនួន២នាក់ រត់ចេញពីពន្ធនាគារភ្នំស្វាយ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៦ ខែមីនាម្សិលមិញ ហើយ បើតាមប្រភពមន្ត្រីពន្ធនាគារ បានឲ្យដឹងថា អ្នកទោស២នាក់នោះ ទី១-ឈ្មោះ ជា ប៊ុនថេង ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញឿន និងទី២-ឈ្មោះ រាជ សុភ័ក្ត្រ ជាប់ទោសពាក់ព័ន្ធពីបទលួច។

ជុំវិញករណីខាងលើនេះ លោក ទិន សុវណ្ណី ប្រធានពន្ធនាគារភ្នំស្វាយ បានប្រាប់ភ្នាក់ងារ Fresh News ថា «ពិតជាមានអ្នកទោសចំនួន២នាក់ រត់គេចខ្លួនមែន»។

លោក ទិន សុវណ្ណី បញ្ជាក់ទៀតថា អ្នកទោសទាំង២នាក់ដែលរត់ចេញនេះ ជិតមានសេរីភាពវិញហើយ ពោលគឺសល់តែ៥-៦ខែទៀត ចេញពីពន្ធនាគារហើយ ប៉ុន្តែមុនពេលរត់ចេញពីពន្ធនាគារ ពួកគេត្រូវបានមន្ត្រីពន្ធនាគារ បញ្ចេញឲ្យមកធ្វើសិប្បកម្មកែច្នៃឈើ ធ្វើគ្រឿងសង្ហារឹម តែបែរជានាំគ្នារត់គេចទៅវិញ។

មន្ត្រីដដែលរូបនេះ បានបញ្ជាក់ទៀតថា បច្ចុប្បន្នសមត្ថកិច្ចនគរបាល បានដាក់កម្លាំង ដើម្បីស្រាវជ្រាវស្វែងរក អ្នកទោសទាំង២នាក់នោះ មកឃុំខ្លួនក្នុងពន្ធនាគារភ្នំស្វាយវិញ៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ខុសច្បាប់​ចំនួន​១០​នាក់ ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និ​តិ​វិធី សហការ​ជាមួយនឹង​កម្លាំង​នគរបាល ការិយាល័យ​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ ដោយ​មានការ​សម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម សាលា​ដំ​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ការ​ស្នាក់​នៅ និង​បំពេញការងារ​របស់​ជនបរទេស​នៅ​តាម​រោង​សិប្បកម្ម កែ​ច្នៃ​ឈើ​មួយ​ចំនួន និង​ធ្វើការ​ឃាត់ខ្លួន​ជនបរទេស​ចំនួន​១០​នាក់ (​ស្រី​០១​នាក់​) នៅ​ទឹកដី​ខណ្ឌចំការមន​។

ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​០០​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៧ នៅ​តាម​រោង សិប្បកម្ម​កែ​ច្នៃ​ឈើ​មួយ​ចំនួន ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១០៣ ក្នុងភូមិ​៥ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​។ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​ទទួល​បាន​នូវ​បទបញ្ជា​ដោយ​ផ្ទាល់​ពី​លោកនាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើ​យ៉ាងណា​ធ្វើការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​នោះ​។

កម្លាំង​របស់​លោក​តែងតែបាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ការ​ស្នាក់​នៅ និង​បំពេញការងារ​របស់​ជនបរទេស​នៅ​គ្រប់​ទូ​ទាំង​២៥ ខេត្ត​ក្រុង ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​របស់​យើង និង​ធ្វើ​ឡើង ទៅ​លើ​គ្រប់​ជនជាតិ​ទាំងអស់​។

លោក​ឧត្តមសេនីយ៍ ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ក្នុង​ពេល​នេះ​ដែរ​កម្លាំង​របស់ លោក​ក៏​បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ ការ​ស្នាក់​នៅ និង​បំពេញ ការងារ​របស់​ជនបរទេស​ដែល​ជា​ជនជាតិ​វៀតណាម​នៅ​តាម​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ ជា​ច្រើន​ទីតាំង​ដែល​ស្ថិត​នៅ ក្នុងភូមិ​សាស្ត្រ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​នេះ​។

ដោយ​ក្នុង​ប្រ​តិ​ប្រតិបត្តិការ​នេះ​ដែរ កម្លាំង​របស់​លោក​បាន​រក ឃើញ ជនជាតិ​វៀតណាម​ដែល​កំពុង​តែ​លួច​ស្នាក់​នៅ និង​បំពេញការងារ​ដោយ​ខុសច្បាប់​សរុប​ចំនួន​១០​នាក់ ក្នុង​នោះ មាន​ជា​ស្ត្រី​ចំនួន​០១​នាក់​)​ផង​ដែរ​។

នា​ពេល​កន្លង​មក កម្លាំង​របស់​លោក​តែងតែបាន​ចុះ​អនុវត្តន៍​ច្បាប់​អន្តោប្រវេសន៍ ដោយ​បាន​រក​ឃើញ​ជនបរទេស​ជា​ច្រើន​នាក់​ដែល​កំពុង​តែ​ស្នាក់​នៅ និង​បំពេញការងារ​ដោយ​ខុសច្បាប់ ហើយ​ក៏​បាន ធ្វើការ​បណ្តេញចេញ​ទៅ​កាន់​ប្រទេស​កំណើត​របស់​ពួក​គេ​វិញ​ជា​បន្តបន្ទាប់​។

ក្រោយ​ពី​ការ​ធ្វើ​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ ការ​ស្នាក់​នៅ និង​បំពេញការងារ​របស់​ជនបរទេស​នា​រសៀល​នេះ​ដែរ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​បាន​ធ្វើការ ឃាត់ខ្លួន ជនអន្តោប្រវេសន៍​ខុសច្បាប់​ជនជាតិ​វៀតណាម​ចំនួន​១០​នាក់ (​ស្រី​០១​នាក់​) ដែល​កំពុង​តែ​ស្នាក់​នៅ និង​បំពេញការងារ ដោយ​គ្មាន​លិខិត​ស្នាម​អ្វី​ទាំង​អស់នោះ​បញ្ជូន​ទៅ​កាន់​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ដើម្បី​រង់ចាំ​ធ្វើការ បណ្តេញចេញ​ទៅ​តាម​ច្បាប់​ជា​បន្ត​ទៅ​ទៀត​៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]