អ្នកទាំងអស់គ្នា សុទ្ធតែដឹងហើយថា គ្រប់របស់របរប្រើប្រាស់ទាំងអស់ មិនយូរមិនឆាប់ គឺគង់តែចៀសមិនផុតពី សភាពចាស់រិចរិលបានទេ។ ប៉ុន្តែថ្ងៃនេះយើងនឹងបង្ហើបប្រាប់អំពីអាថ៌កំបាំង ក្នុងការដោះស្រាយបញ្ហានេះបាន  ដោយធ្វើឲ្យសម្ភារៈចាស់ៗមួយចំនួន ប្រែមកជាមានសភាពល្អស្អាត ដូចជារបស់ថ្មីវិញបានយ៉ាងមានប្រសិទ្ធភាព។

ចង់ដឹងយ៉ាងណានោះ សូមទៅតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ!

១. ជ្រុញ ៖ អ្នកអាចសម្អាតវា ដោយយកអេប៉ុង ទៅជ្រលក់ក្នុង ទឹកក្រូចឆ្មារ លាយជាមួយអំបិល រួចយកទៅដុសសម្អាតផ្ទៃជ្រុញ ជាការស្រេច។ 

២. ឆ្នាំង ធ្វើពីទង់ដែង ៖ អ្នកអាចសម្អាតវា ឲ្យមានសភាពថ្មីឡើងវិញបាន ដោយគ្រាន់តែ រោយអំបិល និងចាក់ទឹកខ្មេះ (Apple Vinegar) ត្រង់កន្លែងដែលមានភាពកខ្វក់ រួចយកអេប៉ុងផ្នែកខាងរឹង មកដុសសម្អាត ជាការស្រេច។

៣. ចាន ៖ ដើម្បីបំបាត់សំណឹក ជាប់នឹងចាន អ្នកគ្រាន់តែយកថ្នាំខាត់ (ថ្នាំប៉ូលា) សម្រាប់ផ្ទៃព័រសឺឡែន មកដុសសម្អាតលើចាន គឺរួចស្រេច។

៤. ថាសលោហៈ ៖ អ្នកអាចកម្ចាត់ខ្លាញ់ ស្អិតជាប់នឹង ថាសលោហៈ ដោយគ្រាន់តែយកល្បាយទឹកថ្នាំ hydrogen peroxide លាយជាមួយទឹកសូដា មកលាបពាសពេញផ្ទៃថាស រួចទុកចោល ៣០ នាទី សឹមលាងចេញ។

៥. កម្រាលព្រំ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹក និងទឹកខ្មេះ ក្នុងបរិមាណស្មើគ្នា ដាក់ក្នុងដបបាញ់ទឹក រួចបាញ់ទឹកនេះ លើស្នាមប្រឡាក់ និងគ្របក្រណាត់សើមពីលើ។ បន្ទាប់មក យកឆ្នាំងអ៊ុត កំណត់ដំណើរការចំហាយ (Steam mode) រួចដាក់ពីលើក្រណាត់សើមនោះ ៣០ វិនាទី ជាការស្រេច។

៦. ខ្ទះ ៖ ដើម្បីសម្អាតកំណកដែក ជាប់នឹងខ្ទះបានស្អាត អ្នកត្រូវយក ទឹកថ្នាំសម្លាប់បាក់តេរី (Disinfectant) មកលាបលើផ្ទៃខ្ទះ រួចយកថង់ខ្មៅ មកច្រកឲ្យជិតភ្លាមៗ និងទុកឲ្យបាន ១ ទៅ ២ ថ្ងៃ។ បន្ទាប់មក យកវាមកលាងសម្អាតចេញ រួចលាបទឹកថ្នាំសម្លាប់បាក់តេរី ច្រកទុក ចំនួន ១ ថ្ងៃទៀត។ ក្រោយមក យកវាទៅលាងទឹកក្តៅឧណ្ណៗ រួចត្រាំវាចោលក្នុងល្បាយទឹក និងទឹកខ្មេះ មួយម៉ោងទៀត សឹមយកអេប៉ុងរឹងមកដុសខាត់ ទុកឲ្យស្ងួត ហើយយកវាដាក់ក្នុងម៉ាស៊ីនកម្តៅ ២៥០ អង្សារសេ មួយម៉ោងថែមទៀត។ បន្ទាប់មក យកខ្ទះក្តៅនោះចេញ រួចលាបប្រេងពីលើផ្ទៃខ្ទះឲ្យសព្វ (លោហៈក្តៅ នឹងស្រូបជាតិប្រេងនោះ ដើម្បីការពារខ្ទះកុំឲ្យជាប់)។

៧. ឥដ្ឋការ៉ូ ៖ អ្នកគ្រាន់តែលាយទឹក ជាមួយនឹងទឹកអូសាវែល ក្នុងបរិមាណស្មើគ្នា រួចយកទឹកនេះទៅដុសសម្អាត ជាការស្រេច។

៨. ស្បែកជើងកីឡាពណ៌ស ៖ អ្នកគ្រាន់តែលាយទឹកសាប៊ូលាងចាន មួយស្លាបព្រាបាយ ជាមួយទឹកថ្នាំ hydrogen peroxide ៣ ស្លាបព្រាបាយ និងម្សៅ Baking soda ២ ស្លាបព្រាបាយ រួចយកទៅដុសខាត់លើស្បែកជើង គឺរួចស្រេច។

៩. គ្រឿងសង្ហាររឹម សាច់ក្រណាត់ស្បែក ៖ អ្នកអាចបំបាត់ស្នាមខ្វាច នៅតាមផ្ទៃស្បែកនោះ ដោយយកប្រេងអូលីវ ឬប្រេងលាបខ្លួនកុមារ មកជូតដោយប្រើសំឡី។ នៅពេលដែលប្រេងនោះស្ងួត ស្នាមទាំងនោះនឹងបាត់អស់។

១០. គ្រឿងសង្ហាររឹម សាច់ក្រណាត់ទន់ ៖ អ្នកអាចប្រើអេប៉ុង ជ្រលក់អាល់កុលឲ្យជោគ រួចយកទៅសង្កត់លើស្នាមប្រឡាក់ដែលមាន បន្ទាប់មកយកច្រាសមកដុសៗបន្ថែមជាការស្រេច។

១១. កាបូបស្បែក ៖ ងាយៗ ដោយអ្នកគ្រាន់តែយកក្រណាត់ ឬក្រដាសសើម មកជូត គឺរួចស្រេច។

១២. កន្សែងពោះគោ ៖ ដើម្បីឲ្យវានៅតែទន់ អ្នកគួរជ្រលក់វាចូលក្នុងទឹកអំបិល ក្រោយពីបោករួច សឹមយកវាទៅហាល។ ជាពិសេសត្រូវរក្សាវា នៅកន្លែងដែលមានខ្យល់ចេញចូលល្អ ទើបជាការប្រសើរ។

១៣. ច្រាសដុសធ្មេញ ៖ ដើម្បីធ្វើឲ្យច្រាសរបស់អ្នក មានសភាពល្អស្អាត ដូចថ្មីវិញ គឺគ្រាន់តែចាក់ទឹកក្តៅដាំពុះ ចូលក្នុងចានមួយ រួចយកច្រាសនោះ ទៅកូរក្នុងចានទឹកក្តៅ ឲ្យបានមួយសន្ទុះជាការស្រេច៕ 

ប្រភព៖ Bright Side

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

តិចនិកក្នុងការលាងសម្អាត សម្ភារៈក្នុងផ្ទះបាយ បានយ៉ាងងាយ និងឆាប់រហ័សបំផុត

និយាយតាមត្រង់ទៅ មនុស្សយើងភាគច្រើន មិនសូវជាចូលចិត្តការងារសម្អាតប៉ុន្មានទេ ជាពិសេសការងារសម្អាតក្នុងចង្រ្កានបាយតែម្តង។

តែកុំបារម្ភទៀតអី! ថ្ងៃនេះយើងនឹងបង្ហាញពីតិចនិចសម្អាត សម្ភារៈផ្ទះបាយមួយចំនួន ដែលមានភាពងាយស្រួល និងមិនចំណាយពេលយូរ ដូចខាងក្រោមនេះ ៖

១. សម្អាតម៉ាស៊ីនកិនទឹកក្រឡុក

ងាយបំផុត គឺអ្នកគ្រាន់តែចាក់ទឹកក្តៅឧណ្ណៗចូល រួចបន្តក់ថែមទឹកសាប៊ូបោកខោអាវ ២ ទៅ ៣ តំណក់ រួចចុចដំណើរម៉ាស៊ីន ឲ្យក្រឡុកប្រមាណជា ២០ វិនាទី សឹមយកទៅលាងទឹកធម្មតា ជាការស្រេច។

២. សម្អាតម៉ាស៊ីន Microwave

អ្នកគ្រាន់តែយក ក្រណាត់ ឬកូនកន្សែងសើម ទៅដាក់កម្តៅក្នុងម៉ាស៊ីន Microwave ឲ្យក្តៅបន្តិច រួចទុកឲ្យត្រជាក់មួយសន្ទុះ សឹមយកវាមកជូតសម្អាតជាការស្រេច។ ចំហាយចេញពីក្រណាត់ ឬកន្សែងសើម អាចជូតសម្អាតភាពកខ្វក់បានយ៉ាងមានប្រសិទ្ធភាព។

៣. កម្ចាត់ក្លិនចេញពីម៉ាស៊ីន Microwave

ងាយបំផុត ដោយអ្នកគ្រាន់តែចាក់ទឹកមួយកែវ ដែលមានទឹកក្រូចឆ្មារ ១/២ ចូលទៅក្នុងថាសម៉ាស៊ីន Microwave រួចបើកដំណើរការឲ្យក្តៅ ប្រមាណជា ៣ ទៅ ៥ នាទី។ បន្ទាប់ពីឈប់ដំណើរការម៉ាស៊ីនរួច អ្នកអាចទុកវាចោលក្នុងម៉ាស៊ីន ១០ នាទី ថែមទៀត ដើម្បីធានាថា គ្មានក្លិនមិនល្អទៀតនោះទេ។

៤. សម្អាតកំសៀវចាស់ៗ

ទោះបីជាផ្ទៃកំសៀវខាងក្នុងកខ្វក់ ឬចាស់ប៉ុណ្ណា ក៏អ្នកមិនចាំបាច់បារម្ភទៀតដែរ។ អ្នកគ្រាន់តែដាក់ទឹកកកចូល ១/៤ នៃកំសៀវ រួចច្របាច់ក្រូចឆ្មារមួយផ្លែចូល បន្ទាប់មកថែមអំបិល ២ ស្លាបព្រាបាយ និងកូរឲ្យសព្វប្រមាណជា ២ នាទី សឹមយកវាទៅលាងសម្អាតចេញតាមធម្មតា។

៥. សម្អាតខ្ទះ

ខ្ទះដែលប្រើប្រាស់យូរភាគច្រើន មានកំណកដែកជាប់ច្រើន ប៉ុន្តែងាយបំផុតដើម្បីកម្ចាត់វាគឺ គ្រាន់តែរោយអំបិលពីលើកំណកដែកទាំងនោះ រួចយកក្រដាសជូតមាត់ទៅត្រដុសវិញ សឹមលាងសម្អាតតាមធម្មតា ជាការស្រេច។

៦. សម្អាតធុងសំរាម

មនុស្សមួយចំនួន ប្រហែលជាមិនបានយកចិត្តទុកដាក់សំអាតធុងសំរាមនោះទេ។ ជាក់ស្តែង អ្នកគ្រាន់តែ យកដុំទឹកកកតូចៗ ដែលបានមកពីទឹក និងទឹកខ្មេះលាយចូលគ្នា ក្នុងបរិមាណស្មើគ្នា ចូលក្នុងធុងសំរាម។ នៅពេលដែលវារលាយ អ្នកអាចយកវាយកលាងទឹកសម្អាតចេញ ជាការស្រេច។

៧. កំណកកាហ្វេជាប់នឹងពែង ឬចានព័រសឺឡែន

វីធីបំបាត់កំណកកាហ្វេ ដែលជាប់នឹងពែង ឬចានព័រសឺឡែន បានយ៉ាងសាមញ្ញ គឺអ្នកគ្រាន់តែលាយទឹកខ្មេះ ជាមួយអំបិល ក្នុងបរិមាណស្មើគ្នា រួចយកវាសម្រាប់លាងសម្អាត ពែងឬចានទាំងនោះ ជាការស្រេច។

៨. តិចនិកក្នុងការប្រើអេប៉ុងសម្អាត

ក្នុងករណី ដែលអ្នកចង់ធ្វើការសម្អាតកន្លែង ដែលពិបាកសម្អាត ដូចជាកន្លុកកន្លៀត ឬកន្លែងតូចចង្អៀត អ្នកគួរយកអេប៉ុងមកកាត់ជាពីរ រួចសឹមយកទៅប្រើប្រាស់ ជាការស្រេច៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]