បរទេស៖ ត្បិតតែ Cristiano Ronaldo និង Lionel Messi ជាកីឡាករបាល់ទាត់ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញពិតមែន ប៉ុន្តែបើនិយាយរឿងសប្បុរសធម៌វិញ អ្នកទាំងពីរមិនដែលភ្លេចទេ ក្នុងការផ្តល់ជាជំនួយ ឬក៏ផ្ញើជាសារលើកទឹកចិត្តដល់ជនរងគ្រោះជាច្រើនជុំវិញពិភពលោក។

ជាក់ស្តែងថ្មីៗនេះ ទាំង Ronaldo និង Messi បានបង្ហាញសារក្តុកក្តួលមួយនៅក្នុងបណ្តាញសង្គមរបស់ខ្លួន ផ្ញើជូនទៅក្មេងៗជាច្រើនដែលរងគ្រោះដោយសារសង្គ្រាម។ 

គួរឲ្យដឹងថា អ្នកទាំងពីរសុទ្ធតែជាឪពុក និងមានកូនៗដូចគ្នា ដូច្នេះពួកគេមិនចង់ឃើញមានកុមាររងគ្រោះនោះឡើយ មិនថារងគ្រោះដោយហិង្សា ឬរងគ្រោះអត់ឃ្លាន ទើបដូច្នេះហើយ ក្នុងនាមជាអត្តពលិកដ៏ល្បី ពួកគេក៏បានផ្ញើជាសារមួយទាំងក្តីឈឺចាប់ ដើម្បីទាមទារឲ្យមានសន្តិភាពឡើងវិញ។

ក្នុងនោះ ខ្សែប្រយុទ្ធឆ្នើមលេងឲ្យក្លិប Barcelona និងជាអគ្គរដ្ឋទូតរបស់អង្គការ UNICEF កីឡាករ Lionel Messi បានផ្ញើសារទាំងក្តីឈឺចាប់ថា «មិននឹកស្មានថាសង្គ្រាមទាំងនេះបានកើតឡើងអស់រយៈពេល៦ឆ្នាំ វាពិតជាច្រើនពេកហើយ។ កុមារនៅស៊ីរីជាច្រើន បានរងគ្រោះដោយសារ ហិង្សា សម្លាប់យ៉ាងឃោរឃៅ ឯខ្លះទៀតចាប់ទុកធ្វើជាចំណាប់ខ្មាំងអស់រយៈពេល៦ឆ្នាំ»

Messi បានបន្តទៀតថា «ក្នុងនាមជាឯកអគ្គរាជទូតរបស់ UNICEF ខ្ញុំពិតជាឈឺចាប់ណាស់ ដូច្នេះអ្នកទាំងអស់គ្នា គួរតែនាំគ្នាបញ្ចេញមតិឡើងទៅកាន់អង្គការ UNICEF ដើម្បីទាមទារឲ្យបញ្ឈប់ និងបញ្ចប់សង្គ្រាមទាំងនេះវិញ»

ដោយឡែកចំពោះខ្សែប្រយុទ្ធរបស់ក្លិប Real Madrid កីឡាករ Cristiano Ronaldo វិញបានបង្ហោះរូបភាពមួយសន្លឹកជាមួយកូនប្រុសរបស់ខ្លួន រួចផ្ញើជាសារនៅក្នុងបណ្តាញសង្គមផងដែរថា «ថ្ងៃនេះខ្ញុំមានការនឹករលឹកដល់កុមារស៊ីរីម្នាក់ឈ្មោះ Omar ដែលគេមានក្តីស្រមៃចង់ក្លាយជាជាងកាត់សក់ #ជួយសង្រ្គោះកុមារស៊ីរី »

គួររំលឹកបន្ថែមទៀតថា កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ Ronaldo ធ្លាប់បានធ្វើរឿងសប្បុរសមួយ ដោយបានបរិច្ចាគនូវមូលនិធិ និងសម្ភារៈ ដូចជាអាហារ សម្លៀកបំពាក់ និងថ្នាំពេទ្យជាច្រើន ដើម្បីបញ្ជូនទៅផ្គត់ផ្គង់កុមារដែលរងគ្រោះនៅស៊ីរីដោយសារសង្រ្គាមទាំងនេះ៕ 

ប្រភព៖ Dailymail

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ Messi ទម្លាយថា កូនប្រុសច្បងរបស់ខ្លួន មិនចូលចិត្តលេងបាល់ទាត់នោះទេ

អេស្ប៉ាញ៖ ថ្វីត្បិតតែ Messi ជាកំពូលកីឡាករបាល់ទាត់ដ៏ល្បីមួយរូបលើទីលាន និងជាអ្នកគ្រងពានរង្វាន់ជាច្រើនក៏ពិតមែន ប៉ុន្តែកូនប្រុសរបស់ខ្លួន ដែលមានអាយុ៤ឆ្នាំ បែរជាមិនមានមហិច្ឆតា ឬចំណង់ចំណូលចិត្តលេងបាល់ទាត់ដូចឪពុករបស់ខ្លួនទាល់តែសោះ។

យោងតាមការផ្តល់បទសម្ភាសន៍ជាមួយបុស្តិ៍ទូរទស្សន៍របស់អ៊ុយរ៉ាហ្គាយ ខ្សែប្រយុទ្ធឆ្នើម Lionel Messi បានទម្លាយឲ្យដឹងថា កូនប្រុសច្បងរបស់ខ្លួន Thiago Messi មិនចូលចិត្តលេងបាល់ទាត់នោះទេ ហើយគ្រប់ពេលដែលគេមកកាន់កីឡដ្ឋានបាល់ទាត់ Camp Nou គឺគេចង់មកជួបមុខមិត្តភក្កិរបស់គេតែប៉ុណ្ណោះ ដែលជាកូនប្រុសបង្កើតរបស់ខ្សែប្រយុទ្ធ Luis Suarez ។ 

Messi បាននិយាយលម្អិតទៀតថា «គេមិនចូលចិត្តបាល់ទាត់ប៉ុន្មានទេ។ គេទៅមើលពួកយើងប្រកូតគឺដោយសារតែ មិត្តភក្តិរបស់គេ Benjamin កូនប្រុសរបស់ Suarez នៅទីនោះតែប៉ុណ្នោះ។ ពួកគេទាំង២ គឺជាមិត្តរួមថ្នាក់ជាមួយគ្នានៅសាលា តែបើរឿងបាល់ទាត់វិញ គេមិនមែនជាអ្នកគាំទ្រទេ» ។ លើសពីនេះទៀត Messi បានបន្ថែមថា « Thiago មិនដូច Benjamin នោះទេ ពោលគឺកូនប្រុសរបស់ Suarez រូបនេះចូលចិត្តលេងបាល់ណាស់ ប្រៀបដូចជាឪពុករបស់គេចឹង» ។

គួរបញ្ជាក់ផងដែរថា គ្រប់ពេលការប្រកួតរបស់ Barcelona នៅក្នុងកីឡដ្ឋាន Camp Nou អ្នកនាង Antonella Roccuzzo ដែលជាភរិយារបស់ Messi តែងតែយកកូនៗទាំង២ គឺ Thiago និងMateo ទៅទស្សនាការប្រកួតរបស់ Messi។ ហើយនៅពេលចប់ការប្រកួតម្តងៗនោះ គេតែងតែឃើញក្មេងៗដែលជាកូនៗរបស់កីឡាករបាល់ទាត់នាំគ្នារត់ចូលទីលានដើម្បីលេងសប្បាយ ប៉ុន្តែ Thiago កូនប្រុសរបស់ Messi វិញតែងតែទៅលេងជាមួយ Benjamin កូនប្រុសរបស់ Luiz Suarez។

យ៉ាងណាមិញ បើយើងប្រៀបធៀប កូនប្រុសរបស់ Messi និងកូនប្រុសរបស់ Cristiano Ronaldo វិញ គឺហាក់បីដូចជាខុសគ្នាឆ្ងាយ ដោយឡែក Cristiano Jr កូនប្រុសរបស់ Ronaldo មានការហ្វឹកហាត់ជាមួយកីឡាបាល់ទាត់តាំងពីតូច មិនតែប៉ុណ្ណោះមានឪពុកដូច Ronaldo ជាអ្នកជួយបង្វឹកបន្ថែមទៀតផង ខណៈកូនប្រុសរបស់ Messi បែរជាមិនចូលចិត្តលេងបាល់ទាត់ដូចឪពុករបស់ខ្លួនទៅវិញ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]