ភ្នំពេញ៖​ មូលនិធិធនាគារ មេយប៊ែង ជាដៃគូសហប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ មេយប៊ែង (ប្រទេសម៉ាឡេស៊ី) ដែលមានតួនាទីក្នុងការទទួលខុសត្រូវ លើផ្នែកកិច្ចការសង្គម រួមគ្នាជាមួយក្រុមហ៊ុន ម៉ានីទ្រីអាស៊ីប៉ាស៊ីហ្វិក បានចាប់ផ្តើមដំណើរការហើយ នូវកម្មវិធីសិក្សាផ្នែកហិរញ្ញវត្ថុដែលមានឈ្មោះថា ខាសវាលឃីត(CashvilleKidz) នៅសាលារៀនឯកជនមួយឈ្មោះ វេសឡាញ (Westline) ក្នុងរាជធានីភ្នំពេញ នៅថ្ងៃនេះ។

កម្មវិធីដែលបានចាប់ផ្តើមជាមួយសិស្សមួយក្រុម ដំបូងរបស់សាលាវេសឡាញ ហើយបានទទួលការពេញចិត្តពីសិស្សានុសិស្ស ក៏ដូចជាសមាជិកបុគ្គលិករបស់សាលារៀនមួយនេះផងដែរ។ សិស្សមួយក្រុមនេះបានចូលរួម យ៉ាងយកចិត្តទុកដាក់ក្នុងកម្មវិធីនេះ ដោយពួកគេបានតាមដានរឿងគំនូវជីវចល ដែលមានតួអង្គសំខាន់ ៤ របស់កម្មវិធី CashvilleKidz ក្នុងនោះរួមមាន សេន អេនដូឡា(Sens Andola),ផេននី វ៉ាយ(Penny Wise), ស៊ូហ្ស៊ី ស្ពែនដាម៉(Suzy Spendamore), និងប៊ែររី ម៉ាវីរិក(Barry Maveric)។

កម្មវិធីសិក្សាផ្នែកហិរញ្ញវត្ថុ CashvilleKidzរបស់ធនាគារ មេយប៊ែង ត្រូវបានបង្កើតឡើង និង ផលិតដោយ ក្រុមហ៊ុន ម៉ានីទ្រី ហើយគឺជាកម្មវិធីមួយដ៏ជោគជ័យនៅក្នុងប្រទេសម៉ាឡេស៊ី ដែលបានបង្រៀនទៅដល់សិស្សានុសិស្សចំនួនប្រមាណ ១៥០.០០០នាក់ នៅក្នុងចំណោមសាលារៀនច្រើនជាង ៧០០កន្លែង។ ហើយកម្មវិធី ក៏បានយកឈ្នះនូវពានរង្វាន់អន្តរជាតិឈ្មោះ អេហ្វម៉ា(Efma) ចំនួន ២ ផងដែរគឺទី១ជាពានរង្វាន់លើភាពច្នៃប្រឌិតឆ្នាំ ២០១៣ របស់Accenture ក្នុងទីក្រុងប៉ារីស និងទី ២ គឺពានរង្វាន់ផ្នែកការងារសង្គមជាសកលសម្រាប់ឆ្នាំ ២០១៤ នៅទីក្រុងបាលីនៃប្រទេសឥណ្ឌូនេស៊ី។

តាមរយៈការនាំយកកម្មវិធីនេះចូលមកប្រទេសកម្ពុជា មូលនិធិធនាគារ មេយប៊ែង មានគោលបំណងដើម្បី បង្កើននូវកម្រិតការយល់ដឹង ផ្នែកហិរញ្ញវត្ថុរបស់កុមារកម្ពុជា ហើយកម្មវិធីនេះ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ មូលនិធិធនាគារ មេយប៊ែង ក្នុងការជម្រុញអោយកុមារទូទាំង តំបន់អាស៊ានចេះសន្សំលុយតាមបែបហិរញ្ញឹក។

ដំណាក់ការចាប់ផ្តើមសាកល្បងនៅក្នុងប្រទេសកម្ពុជា នឹងត្រូវធ្វើឡើងនៅសាលាចំនួន ០៨ នៅក្នុងរាជធានីភ្នំពេញ ដែលមានសិក្ខាកាម សរុបមានចំនួនប្រមាណជាង ៨០០ នាក់។ កម្មវិធីនេះ គឺផ្តោតសំខាន់ទៅលើសិស្ស ដែលមានអាយុពី ៩ ទៅ ១២ ឆ្នាំ ហើយគេបានរំពឹងទុកថាកម្មវិធីនឹងត្រូវបានបង្រៀន នៅទូទាំងប្រទេសកម្ពុជាក្នុងរយៈ៣ឆ្នាំខាងមុខនេះ ទៅដល់សិស្សចំនួនជាង ១០ ០០០ នាក់។

កម្មវិធីសិក្សាផ្នែកហិរញ្ញវត្ថុ CashvilleKidz របស់ធនាគារ មេយប៊ែងនេះ ត្រូវបានប្រកាសសម្ពោធ រួមគ្នារវាងលោកជំទាវ ជា សេរី ដែលជាអគ្គនាយក ធនាគារកណ្តាល នៃធនាគារជាតិនៃកម្ពុជា និងលោក ShahrilAzuarJiminដែលជានាយកប្រតិបត្តិនៃមូលនិធិធនាគារ មេយប៊ែង នៅថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៦។ កម្មវិធីនឹងដំណើរការក្នុងរយៈពេលពី ២ ទៅ ៣ខែ ហើយនឹងមានការប្រកួតប្រជែង រវាងសិស្សដែលបញ្ជូនមកពីសាលានីមួយៗទាំង៨នៅវគ្គបញ្ចប់ ដើម្បីស្វែងរកសិស្សឆ្នើមនៃកម្មវិធី CashvilleKidzដោយត្រឡប់ទៅផ្ទះវិញជាមួយរង្វាន់ដ៏គួរឲ្យទាក់ទាញ។

នៅក្នុងការថ្លែងរបស់ លោក ShahrilAzuarJiminក្នុងឱកាសបើកសម្ពោធកម្មវិធី CashvilleKid នៅសាលាវេសឡាញ ដែលជាសាលាដំបូង លោកបានមានប្រសាសន៍ថា “លោកមានសេចក្តីសោមនស្សរីករាយ ដែលបានណែនាំមកនូវកម្មវិធីនេះ មកបង្រៀនសិស្សានុសិស្សនៅកម្ពុជា។ កម្មវិធី CashvilleKidzគឺជាកម្មវិធីសំខាន់មួយរបស់មូលនិធិធនាគារ មេយប៊ែង ដែលបានបង្រៀនទៅសិស្សានុសិស្សប្រមាណ ១៥០.០០០ នាក់ នៅប្រទេសម៉ាឡេស៊ី ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។ សកម្មភាពនេះ គឺជាការពង្រីកទៅក្រៅប្រទេសជាលើកដំបូង នៃកម្មវិធីដ៏ជោគជ័យមួយនេះ ហើយយើងមានគោលបំណង ពង្រីកទៅក្នុងតំបន់តែម្តង ហើយសកម្មភាពនេះក៏ឆ្លុះបញ្ចាំងពីការដាក់វិនិយោគ ដ៏សម្បើមមួយសម្រាប់សិស្សានុសិស្សកម្ពុជា និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ មេយប៊ែង ក្នុងការធ្វើអោយប្រសើរឡើងនូវរាល់សហគមន៍ទាំងឡាយណា ដែលធនាគារមានវត្តមាន។

ជាផ្នែកមួយនៃកម្មវិធីនេះ គឺ ក្រុមហ៊ុន ម៉ានីទ្រី បានបង្វឹកលោកគ្រូអ្នកគ្រូនៅតាមសាលានីមួយៗ អោយចេះបង្រៀនកម្មវិធីនេះទៅសិស្ស ដោយប្រើប្រាស់ខ្សែភាពយន្តគំនូរជីវចល និងសម្ភារៈកម្មវិធី CashvilleKidzដែលបានផ្តល់ជូន ដើម្បីបង្កើនការចូលរួមរបស់សិស្សផងដែរ។ សម្ភារៈកម្មវិធីនេះ រួមមាន សៀវភៅមគ្គុទេ្ទសសម្រាប់គ្រូ មគ្គុទេ្ទសសម្រាប់ការអនុវត្ត ឌីវីឌីគំនូរជីវចល និងកម្រងសំនួរវាយតម្លៃព័ត៌មានផ្នែកហិរញ្ញវត្ថុ ដែលវានឹងជួយតាមដាននូវការវិវត្តរបស់សិស្សនៅក្នុងថ្នាក់។

កិច្ចសហប្រតិបត្តិការរវាង មូលនិធិ ធនាគារ មេយប៊ែង និងក្រុមហ៊ុន ម៉ានីទ្រី ក្នុងការលើកស្ទួយចំនេះផ្នែកហិរញ្ញវត្ថុក្នុង បណ្តាសិស្សានុសិស្សនៅតំបន់អាស៊ាន គឺជាការផ្តួចផ្តើមសព្វជ្រុងជ្រោយ បំផុតនៅក្នុងតំបន់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]