ភ្នំពេញ៖ ពេលដែលយើងនិយាយដល់ស្ករកៅស៊ូកាលណា យើងតែងនឹកដល់ការទំពារនិងការផ្លុំវាលេង។ មនុស្សជាច្រើន និយមចូលចិត្តទំពារស្ករកៅស៊ូ ព្រោះវាមានរសជាតិឈ្ងុយឆ្ងាញ់ និងធ្វើអោយក្លិនមាត់ប្រហើរ។ លើសពីនេះ ការទំពារស្ករកៅស៊ូ ជាការជួយកំដរកុំឲ្យអផ្សុកមាត់។ តើលោកអ្នកមាន ឆ្ងល់ទេថាតើការទំពារស្ករកៅស៊ូអាចជួយសម្អាតធ្មេញបានដែររឺទេ?

នៅពេលដែលយើង គិតដល់មុខងារជួយសម្អាតធ្មេញរបស់ស្ករកៅស៊ូ គឺយើងត្រូវគិតដល់ប្រភេទស្ករកៅស៊ូដែលយើងទទួលទាន ថាវាមានផ្ទុកជាតិស្ករឬអត់។

ការស្រាវជ្រាវបានបង្ហាញថា ការទំពារស្ករកៅស៊ូ ជាពិសេសស្ករកៅស៊ូ ដែលគ្មានជាតិស្កររយៈពេល20 នាទី បន្ទាប់ពីទទួលទានអាហាររួច អាចជួយកាត់បន្ថយជំងឺពុកធ្មេញ។ ពេលដែលយើងមានអ្វីមួយនៅក្នុងមាត់ ក្រពេញទឹកមាត់ត្រូវបានជំរុញអោយមានការផលិតទឹកមាត់ហើយវាមានតួនាទីយ៉ាងសំខាន់ ដើម្បីសម្អាតកំទេចកំទីអាហារក្នុងមាត់បន្ទាប់ពីទទួលទានរួច។ ដូច្នេះការទំពារស្ករកៅស៊ូ ដែលគ្មានជាតិស្ករអាចជំរុញអោយមានទឹកមាត់ នៅក្នុងមាត់ជានិច្ច ដែលនេះជាវិធីសាស្រ្តមួយក្នុងការកាត់បន្ថយសំអេកធ្មេញ ដែលកើតឡើងបន្ទាប់ពីការបរិភោគអាហាររួច។

ទោះជាយ៉ាងណា យើងមិនអាចយកការទំពារស្ករកៅស៊ូនេះ មកជំនួសអោយការដុសធ្មេញ និងការប្រើអំបោះទាក់ចន្លោះធ្មេញ (Dental floss) បានឡើយ។ ការទំពារស្ករកៅស៊ូ គឺមិនអាចជំនួសការធ្វើអនាម័យមាត់ធ្មេញបានទេ ហើយកំបោរដែលជាប់នឹងធ្មេញ គឺស្អិតណាស់ទាល់តែប្រើច្រាស់ដុសធ្មេញ ឬប្រើអំបោះទាក់ចន្លោះធ្មេញ (Dental floss) ទើបអាចធានាបានថា យើងសម្អាតវាបានស្អាតល្អ ដើម្បីទប់ស្កាត់ជម្ងឺពុកធ្មេញ ជម្ងឺរលាកអញ្ចាញធ្មេញ និងបញ្ហាកំណកកំបោរជាដើម។

ដើម្បីទទួលបានសុខភាពមាត់ធ្មេញល្អ លោកអ្នកគួរតែទៅពិនិត្យ និងពិគ្រោះយោបល់ ជាមួយទន្តបណ្ឌិត ដែលមានជំនាញច្បាស់លាស់រៀងរាល់ ៦ខែម្តង ឬសាកសួរតាមរយៈទូរស័ព្ទលេខ 017 300 300។

បញ្ជាក់៖ អត្ថបទខាងលើ គ្រាន់តែជាការចែករំលែកចំណេះដឹងខ្លះៗ សម្រាប់មនុស្សគ្រប់វ័យគួរយល់ដឹង៕

រៀបរៀងដោយ៖ ទន្តបណ្ឌិត ឈាង រ៉ាមី

នៃមន្ទីរព្យាបាលធ្មេញបស្ចឹមសាខាកម្ពុជាក្រោម 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]