(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌា នឹងធ្វើដំណើរមកដល់អាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញ នាវេលាម៉ោង ៩ព្រឹក ថ្ងៃទី១៩ ខែមីនាចុងសប្ដាហ៍នេះ ដើម្បីត្រៀមជួបប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិកម្ពុជា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧សប្ដាហ៍ក្រោយ ។ នេះបើតាមការឲ្យដឹង ពីមន្ដ្រីព័ត៌មានរបស់សហព័ន្ធ កីឡាបាល់ទាត់កម្ពុជាលោក ចាន់ មិថុនា ។

សម្រាប់ជំនួបមិត្តភាពអន្ដរជាតិខាងលើ នឹងធ្វើឡើងនៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ នាវេលាម៉ោង៦៖៣០នាទី ល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ហើយក៏មានការផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ ។ បើក្រឡេកមើលប្រវត្តិធ្លាប់ជួបគ្នាវិញ ក្រុមជម្រើសជាតិកម្ពុជា ធ្លាប់ប៉ះឥណ្ឌាចំនួន ៤លើក ហើយជាលទ្ធផលចាញ់ក្រៅទឹកដី ៣ប្រកួត និងឈ្នះក្នុងដី១ប្រកួត ។

ចំពោះលទ្ធផលនៃប្រវត្តិជួបគ្នា ៤លើកកន្លងទៅ រួមមានឆ្នាំ១៩៦៤ ពានរង្វាន់ Merdeka Cup ក្រុមឥណ្ឌា យកឈ្នះកម្ពុជា ៤-០ ហើយត្រូវកម្ពុជាសងសឹកបានវិញ នៅក្នុងជំនួបវគ្គជម្រុះពានរង្វាន់ ASAIN Cup Qualifying ឆ្នាំ១៩៦៧ ដោយកម្ពុជាយកឈ្នះក្នុងទឹកដីខ្លួន ដោយលទ្ធផល ៣-១ ។ នៅឆ្នាំ១៩៧៣ ក្រុមទាំងពីរបានណាត់គ្នាប្រកួតមិត្តភាពវិញម្ដង ហើយលទ្ធផលកម្ពុជាចាញ់ ៣-០ និងជួបគ្នាចុងក្រោយកម្ពុជា បន្ដចាញ់ឥណ្ឌា ៦-០ នៅក្នុងពានរង្វាន់ Nehru Cup 2007៕

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ចាន់ វឌ្ឍនាកា ផ្ញើសារពីជប៉ុនថា នឹងមកកម្ពុជាវិញ ដើម្បីចូលលេងឲ្យក្រុមជម្រើសជាតិ

ជប៉ុន៖ អតីតខ្សែប្រយុទ្ធរបស់បឹងកេតអង្គរ ដែលផ្ទេរទៅលេងឲ្យក្លិប Fujieda MYFC កីឡាករ ចាន់ វឌ្ឍនាកា បានបង្ហោះវីដេអូពីជប៉ុន ដើម្បីផ្ញើសារប្រាប់ទៅអ្នកគាំទ្រថា ខ្លួននឹងវិលមកកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៩ ខែមីនា ខាងមុននេះ ដើម្បីចួលរួមលេងឲ្យក្រុមជម្រើសជាតិ។

គួរឲ្យដឹងថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតមិត្តភាពអន្តរជាតិមួយជាមួយនឹងក្រុមជម្រើសជាតិឥណ្ឌា នៅថ្ងៃទី២២ ខែមីនា ខាងមុខនេះ ទើបដូច្នេះហើយ គ្រូបង្វឹកទើបចូលកាន់តំណែងថ្មី សញ្ជាតិប្រេស៊ីល លោក Leonardo Luis បានចេញបញ្ជីឈ្មោះរាយនាមកីឡាករ និងបានកោះហៅពួកគេ ដើម្បីឲ្យចូលធ្វើការហ្វឹកហាត់ដើម្បីត្រៀមប្រកួត។

ថ្វីត្បិតនៅក្នុងទឹកដីប្រទេសជប៉ុនយ៉ាងណាក៏ដោយ កីឡាករ ចាន់ វឌ្ឍនាកា ក៏នៅតែមានឈ្មោះនៅក្នុងក្រុមជម្រើសជាតិដែរ ដែលធ្វើឲ្យកីឡាករវ័យ២៣ឆ្នាំរូបនេះ បានថ្លែងនូវអារម្មណ៍រីករាយយ៉ាងក្រៃលែង ហើយសង្ឃឹមថា នឹងមានបងប្អូនអ្នកគាំទ្រចួលរួមទស្សនាឲ្យបានច្រើនកុះករទៀតផង។

គួរបន្ថែមទៀតថា ការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើជាតិឥណ្ឌា នៅថ្ងៃទី២២នេះ គឺជាកាប្រកួតកម្តៅសាច់ដុំ ដើម្បីត្រៀមប្រកួតជម្រុះពានរង្វាន់ AFC Asian Cup ដែលនឹងមកដល់នៅពេលខាងមុខនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]