ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ ព្រះរាជាណាចក្រកម្ពុជាលោក William ​A. Heidt នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានផ្ញើសារចូលរួម រំលែកទុក្ខដល់ក្រុមគ្រួសារសព សម្ដេចវិបុលបញ្ញា សុខ អាន ដែលបានទទួល មរណៈភាពកាលពី ល្ងាចថ្ងៃពុធ ទី១៥ ខែមិនា ឆ្នាំ២០១៧ម្សិលមិញនេះ។ 

យោងតាមការចុះផ្សយនៅលើ បណ្ដាញសង្គម ហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា សម្ដេច សុខ អាន ដែលរូប លោកបានកាន់អាជីព ដ៏អស្ចារ្យក្នុងវិស័យសេដ្ឋកិច្ច ច្បាប់ សាសនា ការពារវប្បធម៌ និងវិស័យកាទូត រូបលោកបាន កសាងទំនាក់ទំនង យ៉ាងយូរអង្វែង ជាមួយនឹងស្ថានទូតអាមេរិក ទៅលើកិច្ចការពារវប្បធម៌ តាមរយៈការដើរតួររបស់លោកជា ប្រធានអាជ្ញាធរអប្សារា ។ 

គួររំលឹកផងដែរថា សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី ​បានទទួលមរណភាព នៅវេលាម៉ោង១៨:៣២នាទី នាថ្ងៃទី១៥ ខែ មីនា ឆ្នាំ ២០១៧ នេះ នៅមន្ទីរពេទ្យ ទីក្រុងប៉េកាំង ប្រទេសចិន ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ ៕

ប្រភព៖ ដើមអម្ពិល

ដោយឡែកព័ត៌មានមួយផ្សេងទៀត៖

កម្មវិធីបុណ្យសពសម្ដេចវិបុលបញ្ញា សុខ អាន នឹងប្រារព្ធធ្វើឡើងរយៈពេល៤ថ្ងៃ, សពនឹងបូជានៅមុខវត្តបទុមវត្តី នៅព្រឹកថ្ងៃទី១៩ ខែមីនា

(ភ្នំពេញ)៖ សម្ដេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី បានទទួលមរណភាព នៅវេលាម៉ោង៦៖៣២នាទីល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅរដ្ឋធាននីប៉េកាំង ប្រទេសចិន។

ក្រោយទទួលមរណភាព សពរបស់សម្ដេចវិបុលបញ្ញា សុខ អាន ត្រូវបានដឹកតាមយន្តហោះ និងដឹកតាមរថយន្តពេទ្យទៅកាន់ភូមិគ្រឹះនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ស្ថិតនៅផ្ទះលេខ៧០ ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

យោងតាមកម្មវិធីបុណ្យសព ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកនេះ បានឲ្យដឹងថា កម្មវិធីបុណ្យសពរបស់សម្ដេច ដែលធ្វើឡើងតាមប្រពៃណីព្រះពុទ្ធសាសនា គឺចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ហើយនៅវេលាម៉ោង៧ព្រឹក នឹងរំកិលសពចេញពីភូមិគ្រឹះ ឆ្ពោះទៅកាន់ទីឈាបនដ្ឋាន មុខវត្តបទុមវត្តី ដើម្បីបូជាជាកិច្ចបង្ហើយបុណ្យ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចមួយ ដោយបង្កើតគណៈកម្មការ ដើម្បីរៀបចំបុណ្យសព សម្តេចវិបុលបញ្ញា សុខ អាន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី។ គណៈកម្មការរៀបចំបុណ្យសពនេះដឹកនាំដោយ ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ជាប្រធាន និងសម្តេចព្រះពោធិវង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាកចក្រកម្ពុជា ជាអនុប្រធាន រួមទាំងសមាជិកជាច្រើនទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]