ថៃ៖ ក្មេងប្រុសជំទង់ Jamie អាយុ១៥ឆ្នាំ តែងមានក្តីសង្ឃឹមថា ថ្ងៃណាមួយរូបគេនឹងបានជួបជុំ រស់នៅជាមួយឪពុករបស់ខ្លួនជាជនជាតិអង់គ្លេសវិញ ក្រោយពីក្មេងប្រុសរូបនេះ ត្រូវបានឪពុករបស់គេ បោះបង់ចោលតាំងតែពីគេ មានអាយុទើបតែបាន ២ខែម្ល៉េះ។ នេះបើយោងតាមការចុះផ្សាយ ពីខាងសារព័ត៌មានបាងកកកូកូណាត់។

កាលពីថ្ងៃទី១១ មីនា ឆ្នាំ២០១៧កន្លងទៅនេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Tawan Scheer បានធ្វើការចែករំលែក នូវរឿងរ៉ាវមួយចំនួនទាក់ទៅនឹង ក្មេងប្រុសវ័យជំទង់ Jamie ហើយបានសុំអង្វរករ ឲ្យអ្នកនិយមលេងបណ្តាញអ៊ីនធើណែតទាំងអស់ មេត្តាជួយចែករំលែក (Share) ដើម្បីឲ្យក្មេងប្រុសអភ័ព្វខាងលើនេះ បានជួបជាមួយនឹងឪពុករបស់គេវិញផង ដែលមានឈ្មោះថា Richard Williams រស់នៅក្នុងទីក្រុង Ilford ប្រទេសអង់គ្លេសបានឃើញ។ នេះបើយោងតាមព័ត៌មានពីលិខិតឆ្លងដែនរបស់លោក Richard Williams ។

រូបភាពដែលត្រូវបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនោះ គឺជារូបថតដែលបុរសជនជាតិអង់គ្លេស (Richard Williams) ខាងលើ  បីកូនប្រុសរបស់ខ្លួន (Jamie) កាលពីគេនៅជាទារកនៅឡើយ។

ម្ចាស់គណនីហ្វេសប៊ុក Tawan Scheer បានសរសេររៀបរាប់ថា «សុំជួយឲ្យក្មេងប្រុសម្នាក់នេះ បានជួបជាមួយនឹងឪពុក ជនជាតិអង់គ្លេសរបស់គេវិញផង។ ពេលនេះ Jamie មានអាយុ១៥ឆ្នាំហើយ ហើយបច្ចុប្បន្នគេកំពុងតែសិក្សានៅសាលា Mathayom ។ Jamie ពិតជាចង់ជួបប៉ារបស់គេខ្លាំងណាស់ តែម្តងក៏អស់ចិត្តដែរ ក្នុងមួយជីវិតនេះ។ ប៉ារបស់គេបានត្រលប់ទៅ អង់គ្លេសវិញនៅពេលដែល Jamie មានអាយុទើបតែបាន២ខែ។ ក្រោយមក ប៉ារបស់គេមិនដែលបានទាក់ទង មកក្មេងប្រុសកំសត់ម្នាក់នេះទៀតឡើយ។ សព្វថ្ងៃ Jamie គឺកំពុងតែរស់នៅជាមួយនឹងជីដូនរបស់គេ។ សូមអ្នកទាំងអស់គ្នាជួយ Share ផង ដើម្បីស្វែងរកប៉ារបស់គេ ដូចក្នុងរូបថតនេះ»

គួរឲ្យដឹងដែរ ក្រោយពីម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ បានចែករំលែករឿងរ៉ាវមួយនេះ មិនទាន់បានប៉ុន្មានថ្ងៃផង លុះនៅថ្ងៃបន្ទាប់ ម្ចាស់គណនីខាងលើនេះ ក៏បានបង្ហោះសារខ្លីមួយមកវិញថា លោក Richard Williams និងគ្រួសាររបស់គាត់ បានធ្វើការទាក់ទងមករកគាត់ហើយ។ ហើយប៉ារបស់ Jamie បានសន្យាថា នឹងធ្វើដំណើរមកកាន់ប្រទេសថៃ ក្នុងរយៈពេល៣ខែទៀត ដើម្បីមកជួបមុខកូនប្រុសរបស់ខ្លួន។

«ខ្ញុំស្ឃឹមថា Jamie នឹងអាចស្វែងរកសុភមង្គលជាថ្មី ជាមួយនឹងប៉ារបស់គេវិញ ដែលបានបែកបាក់គ្នាអស់រយៈពេល ១៥ឆ្នាំកន្លងមកនេះ។ សូមឲ្យក្មេងប្រុសម្នាក់នេះ ជួបតែសំណាងល្អជានិច្ច»

គូសបញ្ជាក់ដែរថា ម្ចាស់គណនីឈ្មោះ Tawan ខាងលើនេះ ក៏បានអះអាងដែរថា ខ្លួនគាត់គឺត្រូវជាម្តាយអ៊ំរបស់ក្មេងប្រុសកំសត់ Jamie ផងដែរ។ ទោះបីជាយ៉ាងណាក្តី រឿងរ៉ាវមួយនេះក៏ត្រូវបាន អ្នកនិយមលេងបណ្តាញសង្គមជាច្រើន មានការសាទរយ៉ាងខ្លាំង ដែលក្មេងប្រុសជំទង់ខាងលើនេះ អាចស្វែងរកប៉ារបស់គេឃើញវិញផងដែរ៕  

ប្រភព៖ Bangkok Coconuts

ដោយឡែក​ ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ដោយសារស្នេហាផ្លេកបន្ទោរ! បុរសម្នាក់ទិញដុំអាចម៌ផ្កាយទម្ងន់ ៣៣តោន ជាអំណោយដើម្បីសុំមិត្តស្រីរៀបការ

ចិន៖ ក្ដីប្រាថ្នារបស់គូស្នេហ៍គ្រប់គូ គឺអាចកាន់ដៃគ្នាចូលរោងការ និងកសាងក្រុមគ្រួសារដ៏កក់ក្ដៅមួយ និងប្ដូរផ្ដាច់ដើម្បីរួមរស់ជាមួយគ្នាអស់មួយជីវិត។

ជាក់ស្ដែងគូស្នេហ៍ដែលកើតចេញពីការស្រលាញ់ ដែលគ្រាន់តែឃើញភ្លាមស្រឡាញ់ភ្លែតមួយគូក្នុងប្រទេសចិន បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល ជាមួយនឹងវត្ថុបញ្ចាំចិត្ត ដែលភាគីខាងប្រុសប្រើប្រាស់ ដើម្បីសុំមិត្តស្រីរបស់ខ្លួនរៀបការ។

នៅលើទីកន្លែងសារធារណៈមួយ ដែលខាងប្រុសបានរៀបចំរួចជាស្រេច ដើម្បីធ្វើឲ្យសង្សារខ្លួនភ្ញាក់ផ្អើល មានទីតាំងស្ថិតក្នុងទីក្រុង Urumqi ប្រទេសចិន។​​ បុរសសង្ហារឈ្មោះ Liu Fei និងមិត្តភក្ដិរបស់ខ្លួន បានត្រៀមលក្ខណៈសម្បត្តិយ៉ាងរៀបរយ ដើម្បីសុំមិត្តស្រីដែលស្រលាញ់គ្នាអស់រយៈពេល៤ឆ្នាំមកហើយរៀបការ។

ជាមួយនឹងទឹកមុខភ្ញាក់ផ្អើល មិត្តស្រីរបស់គាត់ឈ្មោះ Wang Fangfangបានដើរសំដៅមករកគូស្នេហ៍របស់ខ្លួនទាំងក្ដីរំភើប។ អ្វីដែលអស្ចារ្យ លើសពីនេះទៀតនោះ លោក Liu បានធ្វើឲ្យគូស្នេហ៍ និងមនុស្សគ្រប់គ្នានៅទីនោះមានការភ្ញាក់ផ្អើល ដោយសារវត្ថុបញ្ចាំចិត្តរបស់គាត់ចំពោះមិត្តស្រី គឺដុំអាចម៌ផ្កាយទម្ងន់៣៣តោន ដែលផុសឡើងនៅក្បែរខ្លួនរបស់នាង។

មូលហេតុដែលបណ្ដាលឲ្យបុរសខាងលើ ប្រើប្រាស់ដុំអាចម៌ផ្កាយនេះជាវត្ថុពិសេសដើម្បីសុំមិត្តស្រីគាត់រៀបការ ក៏ដោយសារតែ កាលពីពេល ពួកគេស្គាល់គ្នាដំបូង ពួកគេទាំង២ ត្រូវបានមិត្តភក្ដិនាំទៅមើអាចម៌ផ្កាយនេះ ដែលអ្នកនៅក្នុងតំបន់ Kashgar អះអាងថាដុំថ្មនេះជាអាចម៌ផ្កាយដែលគេរើសបាន។ នាង Wangក៏បានប្រាប់ទៅសង្សារនាងថា នាងចាប់អារម្មណ៍ខ្លាំងណាស់ទៅលើដុំអាចម៌ផ្កាយដ៏ធំនេះ ដែលវាបានក្លាយជាមូលហេតុដែលធ្វើឲ្យ Liu សម្រេចចិត្តទិញ ដុំអាចម៌ផ្កាយនេះដោយស្ងាត់ៗ ពីអ្នកលក់នោះ ក្នុងតម្លៃ១លានយ័ន (ប្រមាណ ១៤៤ ៦៤៥ដុល្លារអាមេរិក)។

យ៉ាងណាមិញ ជាមួយនឹងការប្រឹងប្រែងរៀបចំទីកន្លែង និងចំណាយលុយទិញដុំអាចម៌ផ្កាយដ៌ធំនេះ​ដើម្បីធ្វើឲ្យមិត្តស្រីរំជួលចិត្ត ជាលទ្ធផលកញ្ញា Wangបានយល់ព្រមរៀបការតាមសំណើររបស់គាត់ ដែលធ្វើឲ្យអ្នកនៅទីនោះ ភ្ញាក់ផ្អើល និងងឿងឆ្ងល់ថា អាចម៌ផ្កាយនោះជារបស់ពិត ឬក៏យ៉ាងណា? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]