ភ្នំពេញ៖ កាលពីយប់ម្សិលមិញនេះ ខ្មែរឡូត បានទទួលសារពីប្រិយមិត្ដមួយរូប សំណូមពរឲ្យមានការចុះផ្សាយទាក់ទងនឹង គ្រោះថ្នាក់ចរាចរណ៍មួយ ដែលជនបង្កហេតុ ជិះរត់គេចមិនទទួលខុសត្រូវ។

នេះបើតាមការរៀបរាប់បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម្តុំលូ៥ជិតបុរីភ្នំពេញថ្មី ដែលបណ្តាលឲ្យយុវជនមួយរូប បាក់ភ្លៅខាងឆ្វេងពីរកំណាត់យ៉ាងអាណោចអាធ័ម ហើយហេតុការណ៍មួយនេះ បង្កឡើងដោយរថយន្ត Corolla មួយគ្រឿងដែលមានស្លាកលេខ 2AF 3559 ដែលបានបុកយុវជនរូបនេះ ពីក្រោយ អូសប្រហែលជាង១០ម៉ែត្រ រួចក៏បានបើករថយន្តគេចខ្លួនបាត់តែម្តង។

បន្ទាប់ពីកើតហេតុ យុវជនរងគ្រោះ ក៏ត្រូវបានបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ផងដែរ និងបើតាមព័ត៌មានចុងក្រោយបានឲ្យដឹងថា យុវជនរូបនេះ បានទទួលការព្យាបាលរួចហើយ តែស្ថានភាពយ៉ាងណា ពុំទាន់ដឹងច្បាស់នោះទេ។

គួរបញ្ជាក់ដែរថា រូបភាពចំនួន ៤សន្លឹក ត្រូវបានបង្ហោះដោយគណនីសង្គមហ្វេប៊ុក ដែលមានឈ្មោះថា Sophaldanita Sin និងបានបង្កប់នូវពាក្យពេជន៍មួយចំនួន ដែលមានទាំងការអាណិតចំពោះយុវជន និងគ្រួសាររងគ្រោះ រួមផ្សំទាំងការអំពាវនាវដល់មហាជនឲ្យជួយវែកមុខជនបង្ក ដែលបានបើករថយន្តបង្កហេតុស្លាកលេខ 2AF 3559 មកចេញមុខទទួលខុសត្រូវផងដែរ៕

រូបភាពនៅកន្លែងកើតហេតុ
រូបភាពក្រោយពីទទួលការព្យាបាល

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖

សពសម្តេចវិបុលបញ្ញា សុខ អាន​ បានទៅដល់គេហដ្ឋានហើយ នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ, ក្រុមគ្រួសារកំពុងរៀបចំពិធីបុណ្យសពនៅទីនោះ

(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ឲ្យដឹងថា នៅម៉ោងប្រមាណ៦៖០០នាទីនេះ សពរបស់សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកតាមរថយន្តពេទ្យទៅដល់គេហដ្ឋានរបស់សម្តេចវិបុលបញ្ញា សុខ អាន ស្ថិតនៅផ្ទះលេខ៧០ ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

សពសម្តេចវិបុលបញ្ញា សុខ អាន​ បានដឹកតាមយន្តហោះមកដល់កម្ពុជានៅម៉ោងប្រមាណ៥៖០៤នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងគណៈប្រតិភូមួយចំនួនក៏បានអញ្ជើញមកជាមួយផងដែរ។

សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលមរណភាពនៅវេលាម៉ោង ៦៖៣២នាទីល្ងាច នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។ សម្តេចគឺជាអ្នកមានគុណបំណាច់ដ៏ធំធេងមួយ ក្នុងការបំពេញការងារ និងពលីគ្រប់យ៉ាង ដើម្បីបុព្វហេតុជាតិ។

ក្រោយទទួលដំណឹងមរណភាពនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចមួយ ដោយបង្កើតគណៈកម្មការ ដើម្បីរៀបចំបុណ្យសព សម្តេចវិបុលបញ្ញា សុខ អាន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី។ គណៈកម្មការរៀបចំបុណ្យសពនេះដឹកនាំដោយ ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈន ជាប្រធាន និង សម្តេចព្រះពោធិវង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាកចក្រកម្ពុជា ជាអនុប្រធាន រួមទាំងសមាជិកជាច្រើនទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]