(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ឲ្យដឹងថា នៅម៉ោងប្រមាណ៦៖០០នាទីនេះ សពរបស់សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកតាមរថយន្តពេទ្យទៅដល់គេហដ្ឋានរបស់សម្តេចវិបុលបញ្ញា សុខ អាន ស្ថិតនៅផ្ទះលេខ៧០ ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

សពសម្តេចវិបុលបញ្ញា សុខ អាន​ បានដឹកតាមយន្តហោះមកដល់កម្ពុជានៅម៉ោងប្រមាណ៥៖០៤នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងគណៈប្រតិភូមួយចំនួនក៏បានអញ្ជើញមកជាមួយផងដែរ។

សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលមរណភាពនៅវេលាម៉ោង ៦៖៣២នាទីល្ងាច នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។ សម្តេចគឺជាអ្នកមានគុណបំណាច់ដ៏ធំធេងមួយ ក្នុងការបំពេញការងារ និងពលីគ្រប់យ៉ាង ដើម្បីបុព្វហេតុជាតិ។

ក្រោយទទួលដំណឹងមរណភាពនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចមួយ ដោយបង្កើតគណៈកម្មការ ដើម្បីរៀបចំបុណ្យសព សម្តេចវិបុលបញ្ញា សុខ អាន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី។ គណៈកម្មការរៀបចំបុណ្យសពនេះដឹកនាំដោយ ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈន ជាប្រធាន និង សម្តេចព្រះពោធិវង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាកចក្រកម្ពុជា ជាអនុប្រធាន រួមទាំងសមាជិកជាច្រើនទៀត៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ តុលាការ​សម្រេច​ឃុំខ្លួន​នាយិកា​ក្រុមហ៊ុន ស្រី​រ័​ត្ន​ទេសចរណ៍​អន្តរជាតិ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៦ កុម្ភ​: ២០១៧ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​នាយិកា​ក្រុមហ៊ុន ស្រី​រ័​ត្ន​ទេសចរណ៍​អន្តរជាតិ ជា​ផ្លូវការ​ក្រោម​បទ រំលោភ​លើ​ទំនុកចិត្ត​។ ក្រោយ​ពេល​តំណាង​អយ្យការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ សំណុំរឿង​នេះ​ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​គេ​បង្ហើប​ឲ្យ​ដឹង​ថា ពាក់​ពន្ធ​ទៅ​នឹង សំណុំរឿង​ចោទប្រកាន់​អ្នកស្រី រស់ សុធី​រ័​ត្ន នាយិកា​ក្រុមហ៊ុន ស្រី​រ័​ត្ន​ទេសចរណ៍​អន្តរជាតិ គឺជា​បឋម​មាន​ដើមបណ្តឹង​ចំនួន​៩២​នាក់ និង​មាន​ទឹកប្រាក់​ជាង​២៧​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ដើមបណ្តឹង​មាន​ចំនួន​៩២​នាក់​នោះ គឺ​បាន​ដាក់​ចូល​ដល់​ដៃ​តំណាង​អយ្យកា​ហើយ តែ​នៅ​មាន​បណ្តឹង​ដាក់​ចូល​បន្តបន្ទាប់​ទៀត រីឯ​ទឹកប្រាក់​ក៏​មិន​នៅ​ក្រោម​២៧​ម៉ឺន​ដុល្លារ​នោះ​ដែរ​។ ទោះជា​យ៉ាងនេះ​ក្តី​អ្នកស្រី រស់ សុធី​រ័​ត្ន បាន​ជម្រាប​ជូន​តុលាការ​ថា ទឹកប្រាក់​មួយ​ចំនួន​ត្រូវ​បាន​អ្នក​ដទៃ​បោក​ពី​នាង​ដែរ បានជា​នាង​វ័ណ្ឌក​ដូច្នេះ​។ គួរ​បញ្ជាក់​ថា កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​៧​មក​រា កាលពី​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៧ បាន​ធ្វើការ​ឃាត់ខ្លួន​នាយិកា​ក្រុមហ៊ុន​ស្រី​រ័​ត្ន​ទេសចរណ៍​អន្តរជាតិ នៅ​ចំណុច​ផ្ទះ​លេខ​១៧E០ ផ្លូវ​លេខ​១២៨ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា​។

ការ​ឃាត់ខ្លួន​នាយិកា​ក្រុមហ៊ុន​នោះ ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា គឺជា​ការ​ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​អតិថិជន​ប្រមាណ​៤០​នាក់ បាន​ទៅ​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន ដោយ​ចោទប្រកាន់​ថា ក្រុមហ៊ុន​បោកប្រាស់​លក់​សំបុត្រ​យន្តហោះ​អត់​មាន​កៅអីអង្គុយ និង​មិន​មាន​ជើង​យន្តហោះ ហោះហើរ​។ នាយិកា​រូប​នោះ​ឈ្មោះ រស់ សុធី​រ័​ត្ន អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​អាសយដ្ឋាន​ឃាត់ខ្លួន​ខាងលើ​។ ដើមចម​នៃ​ការ​ឃាត់ខ្លួន​នាយិកា​ក្រុមហ៊ុន​នោះ ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ​ឲ្យ​ដឹង​ថា កន្លង​ទៅ​មាន​អតិថិជន​ច្រើន​នាក់​បាន​យក​ប្រាក់​ទៅ​កក់​ក្រុមហ៊ុន​ទេសចរណ៍​អន្តរជាតិ ដើម្បី​ទិញ​សំបុត្រ​យន្តហោះ​ទៅ​ដើរ​លេង​ក្រៅប្រទេស​។ ខាង​ក្រុមហ៊ុន​បាន​សន្យា​ជាមួយ​អតិថិជន​ថា នឹង​ប្រគល់​សំបុត្រ​យន្តហោះ ឲ្យ​ទៅ​អតិថិជន​តាម​ថ្ងៃ​កំណត់ លុះដល់​ថ្ងៃ​កំណត់​ត្រូវធ្វើ​ដំណើរ​ទៅ​ដើរ​ស្រាប់តែ​ក្រុមហ៊ុន មិន​បាន​ប្រគល់​សំបុត្រ​យន្តហោះ​ឲ្យ​អតិថិជន​នោះ​ទេ​។

មន្ត្រី​កងរាជអាវុធហត្ថ​បន្ត​ថា មាន​អតិថិជន​ខ្លះ​ត្រូវ​ក្រុមហ៊ុន​ប្រគល់​សំបុត្រ​យន្ត​ឲ្យ​ដល់​ដៃ​ហើយ ប៉ុន្តែ​នៅ​ពេល​ដល់​ម៉ោង​ត្រូវ​ឡើង​យន្តហោះ ស្រាប់តែ​មន្ត្រី​អាកាសយាន​បញ្ជាក់​ថា សំបុត្រ​នោះ​មិន​មាន​កន្លែង​អង្គុយ​ទេ ពោល​គឺ​មាន​គេ​ទិញ​បាត់​ហើយ ដូច្នេះ​អតិថិជន​នោះ​បង្ខំចិត្ត ត្រូវ​ទិញ​សំបុត្រ​ថ្មី​នៅ​ព្រ​លាន​យន្តហោះ​ក្នុង​តម្លៃ​ខ្ពស់ ធ្វើ​យ៉ាងណា​ឲ្យ​ខាង​តែ​បាន ព្រោះ​ដល់​ពេលវេលា​ត្រូវ​ចេញដំណើរ ។ ដោយសារ​តែ​មានរឿង​កើតឡើង​ញឹកញាប់​យ៉ាង​ដូច្នេះ អតិថិជន​បាន​ទៅ​ទាមទារ​យក​ប្រាក់​កក់​ពី​ក្រុមហ៊ុន​នោះ​វិញ​។

តែ​ម្តង​ហើយ​ម្តងទៀត នាយិកា​មាន​សម្ដី​ត្រជាក់ បាន​គេចវេស មិន​ព្រម​សង​ប្រាក់​កក់​ឲ្យ​ទៅ អតិថិជន​វិញ​ទេ បានជា​នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៧ អតិថិជន​ប្រមាណ​៤០​នាក់​នាំ​គ្នា​ប្រមូលផ្តុំ នៅ​មុខ​ទីស្នាក់ការ​ក្រុមហ៊ុន ដើម្បី​តវ៉ា​យក​ប្រាក់ ដោយ​ភ្ជា​ក់​នូវ​ពាក្យបណ្តឹង​រៀង​ៗ​ខ្លួន ទៅ​ជាមួយ​ផង​ដែរ ជា​ហេតុ​ធ្វើ​ឲ្យ​សមត្ថកិច្ច​សម្រេច​ឃាត់ខ្លួន​នាយិកា​ឈ្មោះ រស់ សុធី​រ័​ត្ន ទៅ​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​ដោះស្រាយ លើ​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ដែល​ជា​អតិថិជន​ត្រូវ​ក្រុមហ៊ុន​(​ស្រី​រ័​ត្ន​ទេសចរណ៍​អន្តរជាតិ​)​ពាក់ព័ន្ធ​ថា បាន​រំលោភ​លើ​ទំនុកចិត្ត​៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]