រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដោយសារ​តែ​មិត្ត​ភ​ក្កិ​ខ្ចី​ម៉ូតូ​យក​ទៅ​បញ្ចាំ ពិបាកចិត្ត​មិន​ហ៊ាន​ចូល​ផ្ទះ រួច​ក៏​ទិញ​គ្រឿងញៀន​ប្រើប្រាស់ ហើយ​ព្យាយាម​រត់​ចូល​រថយន្ត​ប៉ុនប៉ង​សម្លាប់​ខ្លួន តែ​មិន​បាន​សម្រេច ត្រូវ​ប្រជា​ការពារ​សង្កាត់​ឬ​ស្សី​កែវ ឃាត់​ទាន់​។

ហេតុការណ៍ នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង ៩​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​មុខ​ផ្ទះ​លេខ​៩៣០ ក្នុង​ភូ​មិត្តភាព សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ​។

បុរស​ដែល​មាន​វិបត្តិ​រូប​នោះ​ឈ្មោះ ពៅ សា​ភឿន អាយុ​៣៦​ឆ្នាំ មានមុខរ​បរជា​សន្តិសុខ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ ភ្នំពេញ មាន​ទីលំនៅ​ផ្ទះ​ជួល ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ភូមិ​តា​ខិ​ន ឃុំ​ច​ន្ទ្រា ស្រុក​រមាស​ហែក ខេត្តស្វាយរៀង​។

ចំណែក​ម៉ូតូ​ដែល​មិត្តភក្តិ​ខ្ចី​យក​ទៅ​បញ្ចាំ​នោះ​ម៉ាកឌុ​ក ពណ៌​ស លាយ​ខ្មៅ ដែល​មាន​ស្លាក​លេខ ភ្នំពេញ 1FS-8344​។ តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​នោះ​គេ​ឃើញ​បុរស​រូប​នោះ​អង្គុយ​យំ នៅ​លើ​សួនច្បារ និង​ដើរ​ចុះ​ដើរ​ឡើង​មួយសន្ទុះ​ក៏​បាន​រត់​ចូល​រថយន្ត​ប៉ុនប៉ង​សម្លាប់​ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​ប្រជា​ការពារ ក៏​បាន​ទៅ​អន្តរាគមន៍​ឃាត់​នាំ​មក​ប៉ុស្តិ៍​។ តាម​បុរស​រូប​នោះ​បានឱ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែមីនា ខ្លួន​បាន​ជួបជុំ​មិត្តភក្តិ​ប្រមាណ​៤​ទៅ​៥​នាក់​ផឹកស៊ី​នៅ​ក្នុង​សង្កាត់​ឫស្សី​កែវ​។

បន្ទាប់​ពី​ផឹកស៊ី​ស្រវឹង​មិត្តភក្តិ​ម្នាក់​ឈ្មោះ តូ​រ៉ា បាន​ខ្លី​ម៉ូតូ​ទៅ​ទិញ​សាច់​ក្លែម ហើយ​ក៏​បាន​ជិះ​ម៉ូតូ​យក​ទៅ​បញ្ចាំ​បាន​ប្រាក់​ចំនួន ៩២០​ដុល្លារ ដើរ​ស៊ីចាយ​អស់ហើយ​គេចខ្លួន​បាត់​។ បន្ទាប់​បាត់​ម៉ូតូ​ខ្លួន​បាន​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​រក​ម៉ូតូ​។

បុរស​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​បាត់​ម៉ូតូ ខ្លួន​ពិបាកចិត្ត​មិន​ហ៊ាន​ចូល​ផ្ទះ ព្រោះ​ខ្លាច​ម្តាយ​ឪពុក ហើយ​និង​ប្រពន្ធ​ស្តីបន្ទោស ក៏​បាន​សម្រេចចិត្ត​ទៅ​ទិញ​ថ្នាំ​ញៀន​មក​ប្រើប្រាស់​ជាមួយ​មិត្តភក្តិ​ពេញ​មួយ​យប់​ហើយ​ព្រឹក​ឡើង ក៏​បាន​រត់​ចូល​រថយន្ត​ប៉ុនប៉ង​សម្លាប់​ខ្លួន តែ​ត្រូវ​ប្រជា​ការពារ​ឃាត់​ទាន់​។ បន្ទាប់​ពី​នាំ​ទៅ​ប៉ុស្តិ៍ នគរបាល​ក៏​បាន​ទាក់ទង​ខាង​មន្ទីរ​សង្គមកិច្ច​នាំ​យក​ទៅ​មណ្ឌល​ដើម្បី​បន្សាប​គ្រឿងញៀន​៕

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

តុលាការ​សម្រេច​ឃុំខ្លួន​នាយិកា​ក្រុមហ៊ុន ស្រី​រ័​ត្ន​ទេសចរណ៍​អន្តរជាតិ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៦ កុម្ភ​: ២០១៧ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​នាយិកា​ក្រុមហ៊ុន ស្រី​រ័​ត្ន​ទេសចរណ៍​អន្តរជាតិ ជា​ផ្លូវការ​ក្រោម​បទ រំលោភ​លើ​ទំនុកចិត្ត​។ ក្រោយ​ពេល​តំណាង​អយ្យការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ សំណុំរឿង​នេះ​ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​គេ​បង្ហើប​ឲ្យ​ដឹង​ថា ពាក់​ពន្ធ​ទៅ​នឹង សំណុំរឿង​ចោទប្រកាន់​អ្នកស្រី រស់ សុធី​រ័​ត្ន នាយិកា​ក្រុមហ៊ុន ស្រី​រ័​ត្ន​ទេសចរណ៍​អន្តរជាតិ គឺជា​បឋម​មាន​ដើមបណ្តឹង​ចំនួន​៩២​នាក់ និង​មាន​ទឹកប្រាក់​ជាង​២៧​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ដើមបណ្តឹង​មាន​ចំនួន​៩២​នាក់​នោះ គឺ​បាន​ដាក់​ចូល​ដល់​ដៃ​តំណាង​អយ្យកា​ហើយ តែ​នៅ​មាន​បណ្តឹង​ដាក់​ចូល​បន្តបន្ទាប់​ទៀត រីឯ​ទឹកប្រាក់​ក៏​មិន​នៅ​ក្រោម​២៧​ម៉ឺន​ដុល្លារ​នោះ​ដែរ​។ ទោះជា​យ៉ាងនេះ​ក្តី​អ្នកស្រី រស់ សុធី​រ័​ត្ន បាន​ជម្រាប​ជូន​តុលាការ​ថា ទឹកប្រាក់​មួយ​ចំនួន​ត្រូវ​បាន​អ្នក​ដទៃ​បោក​ពី​នាង​ដែរ បានជា​នាង​វ័ណ្ឌក​ដូច្នេះ​។

គួរ​បញ្ជាក់​ថា កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​៧​មក​រា កាលពី​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៧ បាន​ធ្វើការ​ឃាត់ខ្លួន​នាយិកា​ក្រុមហ៊ុន​ស្រី​រ័​ត្ន​ទេសចរណ៍​អន្តរជាតិ នៅ​ចំណុច​ផ្ទះ​លេខ​១៧E០ ផ្លូវ​លេខ​១២៨ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា​។

ការ​ឃាត់ខ្លួន​នាយិកា​ក្រុមហ៊ុន​នោះ ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា គឺជា​ការ​ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​អតិថិជន​ប្រមាណ​៤០​នាក់ បាន​ទៅ​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន ដោយ​ចោទប្រកាន់​ថា ក្រុមហ៊ុន​បោកប្រាស់​លក់​សំបុត្រ​យន្តហោះ​អត់​មាន​កៅអីអង្គុយ និង​មិន​មាន​ជើង​យន្តហោះ ហោះហើរ​។

នាយិកា​រូប​នោះ​ឈ្មោះ រស់ សុធី​រ័​ត្ន អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​អាសយដ្ឋាន​ឃាត់ខ្លួន​ខាងលើ​។ ដើមចម​នៃ​ការ​ឃាត់ខ្លួន​នាយិកា​ក្រុមហ៊ុន​នោះ ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ​ឲ្យ​ដឹង​ថា កន្លង​ទៅ​មាន​អតិថិជន​ច្រើន​នាក់​បាន​យក​ប្រាក់​ទៅ​កក់​ក្រុមហ៊ុន​ទេសចរណ៍​អន្តរជាតិ ដើម្បី​ទិញ​សំបុត្រ​យន្តហោះ​ទៅ​ដើរ​លេង​ក្រៅប្រទេស​។ ខាង​ក្រុមហ៊ុន​បាន​សន្យា​ជាមួយ​អតិថិជន​ថា នឹង​ប្រគល់​សំបុត្រ​យន្តហោះ ឲ្យ​ទៅ​អតិថិជន​តាម​ថ្ងៃ​កំណត់ លុះដល់​ថ្ងៃ​កំណត់​ត្រូវធ្វើ​ដំណើរ​ទៅ​ដើរ​ស្រាប់តែ​ក្រុមហ៊ុន មិន​បាន​ប្រគល់​សំបុត្រ​យន្តហោះ​ឲ្យ​អតិថិជន​នោះ​ទេ​។

មន្ត្រី​កងរាជអាវុធហត្ថ​បន្ត​ថា មាន​អតិថិជន​ខ្លះ​ត្រូវ​ក្រុមហ៊ុន​ប្រគល់​សំបុត្រ​យន្ត​ឲ្យ​ដល់​ដៃ​ហើយ ប៉ុន្តែ​នៅ​ពេល​ដល់​ម៉ោង​ត្រូវ​ឡើង​យន្តហោះ ស្រាប់តែ​មន្ត្រី​អាកាសយាន​បញ្ជាក់​ថា សំបុត្រ​នោះ​មិន​មាន​កន្លែង​អង្គុយ​ទេ ពោល​គឺ​មាន​គេ​ទិញ​បាត់​ហើយ ដូច្នេះ​អតិថិជន​នោះ​បង្ខំចិត្ត ត្រូវ​ទិញ​សំបុត្រ​ថ្មី​នៅ​ព្រ​លាន​យន្តហោះ​ក្នុង​តម្លៃ​ខ្ពស់ ធ្វើ​យ៉ាងណា​ឲ្យ​ខាង​តែ​បាន ព្រោះ​ដល់​ពេលវេលា​ត្រូវ​ចេញដំណើរ ។ ដោយសារ​តែ​មានរឿង​កើតឡើង​ញឹកញាប់​យ៉ាង​ដូច្នេះ អតិថិជន​បាន​ទៅ​ទាមទារ​យក​ប្រាក់​កក់​ពី​ក្រុមហ៊ុន​នោះ​វិញ​។

តែ​ម្តង​ហើយ​ម្តងទៀត នាយិកា​មាន​សម្ដី​ត្រជាក់ បាន​គេចវេស មិន​ព្រម​សង​ប្រាក់​កក់​ឲ្យ​ទៅ អតិថិជន​វិញ​ទេ បានជា​នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៧ អតិថិជន​ប្រមាណ​៤០​នាក់​នាំ​គ្នា​ប្រមូលផ្តុំ នៅ​មុខ​ទីស្នាក់ការ​ក្រុមហ៊ុន ដើម្បី​តវ៉ា​យក​ប្រាក់ ដោយ​ភ្ជា​ក់​នូវ​ពាក្យបណ្តឹង​រៀង​ៗ​ខ្លួន ទៅ​ជាមួយ​ផង​ដែរ ជា​ហេតុ​ធ្វើ​ឲ្យ​សមត្ថកិច្ច​សម្រេច​ឃាត់ខ្លួន​នាយិកា​ឈ្មោះ រស់ សុធី​រ័​ត្ន ទៅ​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​ដោះស្រាយ លើ​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ដែល​ជា​អតិថិជន​ត្រូវ​ក្រុមហ៊ុន​(​ស្រី​រ័​ត្ន​ទេសចរណ៍​អន្តរជាតិ​)​ពាក់ព័ន្ធ​ថា បាន​រំលោភ​លើ​ទំនុកចិត្ត​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]