រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ត្រូវ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​បុក​ពីក្រោយ ខណៈ​កំពុង​ជិះ​ម៉ូតូ បណ្តាល​ឲ្យ​ដួល​បោក​នឹង​បង្គោល​ស្លាក​សញ្ញា​បង្ហាញផ្លូវ​បាក់​ក​ស្លាប់ កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​១៥ ខែមីនា នៅ​កែង​ផ្លូវ​ឧកញ៉ា​ម៉ុង ឫ​ទ្ធី និង​ផ្លូវ​លេខ​១០១៥ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ជន​រង​គ្រោះ​ឈ្មោះ រឿ​ន សុ​ភី​និ​ត អាយុ​២៣​ឆ្នាំ មានស្រុក​កំណើត​នៅ​ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ជា​កម្មករ​សំណង់​នៅ​បុរី​សែន​សុខ ស្នាក់​នៅ​ម្តុំ​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា ។ ចំណែក​រថយន្ត​ខាងលើ ក្រោយ​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់ ។

សព​ជន​រង​គ្រោះ ត្រូវ​បាន​រថយន្ត​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា ដើម្បី​ទុក​ឱ្យ​បងប្អូន​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ក្រោយ​ពេល​កើតហេតុ​ភា្ល​ម គេ​ឃើញ​មាន​រថយន្ត​ហុ​ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង ពណ៌​ស ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ ២A-៦៧៥៩ តែ​គ្មាន​បំពាក់​ស្លាក​សញ្ញា​សង្គ្រោះ​បន្ទាន់ ឬ​ឈ្មោះ​អង្គភាព​ទេ បាន​មក​ដឹក​សព​សំដៅ​ទៅ​វត្ត​ទឹកថ្លា ហើយ​ពេល​ទៅ​ដល់​វត្ត​បាន​ទារ​ថ្លៃ​ដឹក​ពី​សាច់ញាតិ​ជន​រង​គ្រោះ​ចំនួន​១៧០​ដុល្លារ ។ ពេល​នោះ ដោយ​សាច់ញាតិ​សព​មិន​មាន​លទ្ធភាព​បាន​សុំ​ចុះថ្លៃ​ខ្លះ ធ្វើ​ឲ្យ​ផ្ទុះ​ការ​ឈ្លោះប្រកែក​គ្នា​មួយ​ប្រាវ ទើប​ម្ចាស់​រថយន្ត​ព្រម​ទទួលយក​ថ្លៃ​ដឹក​ចំនួន​១០០​ដុល្លារ ក្នុង​ចម្ងាយ​ដឹក​ជាង​១​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ឲ្យ​តែ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ម្តង​ៗ គេ​ឃើញ​រថយន្ត​ខាងលើ​មក​ដណ្តើម​ដឹក​សព ឬ​អ្នក​របួស​ជាមួយ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​រដ្ឋ និង​គ្លីនិកនានា​ផង​ដែរ ។ ជាក់ស្តែង កាលពី​ពេល​ថ្មី​ៗ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ម្ចាស់​រថយន្ត​ខាងលើ​បាន​ទាស់​ពាក្យ​សម្តី​ជាមួយ​អ្នកបើកបរ​រថយន្ត​គ្លីនិក​ឯកជន ហុង ហាក់ ថែម​ទាំង​គំរាម​រក​បាញ់​ទៀត​ផង ហើយ​បាន​ប្រាប់​ថា រថយន្ត​គេ​ដឹក​មិន​យក​លុយ​ទេ ស្រាប់តែ​ដឹក​សព​ទៅ​ខេត្តពោធិ៍សាត់​ទារ​យក​ថ្លៃ​២៥០​ដុល្លារ​។

ប្រជាពលរដ្ឋ​អំពាវនាវ​សូម​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​មេត្តា​ពិនិត្យ និង​ចាត់វិធានការ​លើ​ករណី​នេះផង ព្រោះ​អាច​មាន​ជន​ឆក់​ឱកាស​មក​បន្លំ​រកស៊ី​អារ​.​ក​រាស្ត្រ ស្រប​ពេល​ដែល​គ្នា​កំពុង​មានទុក្ខសោក​នោះ ៕

ប្រភព៖ កោះសន្ដិភាព

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

តុលាការ​សម្រេច​ឃុំខ្លួន​នាយិកា​ក្រុមហ៊ុន ស្រី​រ័​ត្ន​ទេសចរណ៍​អន្តរជាតិ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៦ កុម្ភ​: ២០១៧ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​នាយិកា​ក្រុមហ៊ុន ស្រី​រ័​ត្ន​ទេសចរណ៍​អន្តរជាតិ ជា​ផ្លូវការ​ក្រោម​បទ រំលោភ​លើ​ទំនុកចិត្ត​។ ក្រោយ​ពេល​តំណាង​អយ្យការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ សំណុំរឿង​នេះ​ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​គេ​បង្ហើប​ឲ្យ​ដឹង​ថា ពាក់​ពន្ធ​ទៅ​នឹង សំណុំរឿង​ចោទប្រកាន់​អ្នកស្រី រស់ សុធី​រ័​ត្ន នាយិកា​ក្រុមហ៊ុន ស្រី​រ័​ត្ន​ទេសចរណ៍​អន្តរជាតិ គឺជា​បឋម​មាន​ដើមបណ្តឹង​ចំនួន​៩២​នាក់ និង​មាន​ទឹកប្រាក់​ជាង​២៧​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ដើមបណ្តឹង​មាន​ចំនួន​៩២​នាក់​នោះ គឺ​បាន​ដាក់​ចូល​ដល់​ដៃ​តំណាង​អយ្យកា​ហើយ តែ​នៅ​មាន​បណ្តឹង​ដាក់​ចូល​បន្តបន្ទាប់​ទៀត រីឯ​ទឹកប្រាក់​ក៏​មិន​នៅ​ក្រោម​២៧​ម៉ឺន​ដុល្លារ​នោះ​ដែរ​។ ទោះជា​យ៉ាងនេះ​ក្តី​អ្នកស្រី រស់ សុធី​រ័​ត្ន បាន​ជម្រាប​ជូន​តុលាការ​ថា ទឹកប្រាក់​មួយ​ចំនួន​ត្រូវ​បាន​អ្នក​ដទៃ​បោក​ពី​នាង​ដែរ បានជា​នាង​វ័ណ្ឌក​ដូច្នេះ​។ គួរ​បញ្ជាក់​ថា កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​៧​មក​រា កាលពី​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៧ បាន​ធ្វើការ​ឃាត់ខ្លួន​នាយិកា​ក្រុមហ៊ុន​ស្រី​រ័​ត្ន​ទេសចរណ៍​អន្តរជាតិ នៅ​ចំណុច​ផ្ទះ​លេខ​១៧E០ ផ្លូវ​លេខ​១២៨ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា​។

ការ​ឃាត់ខ្លួន​នាយិកា​ក្រុមហ៊ុន​នោះ ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា គឺជា​ការ​ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​អតិថិជន​ប្រមាណ​៤០​នាក់ បាន​ទៅ​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន ដោយ​ចោទប្រកាន់​ថា ក្រុមហ៊ុន​បោកប្រាស់​លក់​សំបុត្រ​យន្តហោះ​អត់​មាន​កៅអីអង្គុយ និង​មិន​មាន​ជើង​យន្តហោះ ហោះហើរ​។ នាយិកា​រូប​នោះ​ឈ្មោះ រស់ សុធី​រ័​ត្ន អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​អាសយដ្ឋាន​ឃាត់ខ្លួន​ខាងលើ​។ ដើមចម​នៃ​ការ​ឃាត់ខ្លួន​នាយិកា​ក្រុមហ៊ុន​នោះ ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ​ឲ្យ​ដឹង​ថា កន្លង​ទៅ​មាន​អតិថិជន​ច្រើន​នាក់​បាន​យក​ប្រាក់​ទៅ​កក់​ក្រុមហ៊ុន​ទេសចរណ៍​អន្តរជាតិ ដើម្បី​ទិញ​សំបុត្រ​យន្តហោះ​ទៅ​ដើរ​លេង​ក្រៅប្រទេស​។ ខាង​ក្រុមហ៊ុន​បាន​សន្យា​ជាមួយ​អតិថិជន​ថា នឹង​ប្រគល់​សំបុត្រ​យន្តហោះ ឲ្យ​ទៅ​អតិថិជន​តាម​ថ្ងៃ​កំណត់ លុះដល់​ថ្ងៃ​កំណត់​ត្រូវធ្វើ​ដំណើរ​ទៅ​ដើរ​ស្រាប់តែ​ក្រុមហ៊ុន មិន​បាន​ប្រគល់​សំបុត្រ​យន្តហោះ​ឲ្យ​អតិថិជន​នោះ​ទេ​។

មន្ត្រី​កងរាជអាវុធហត្ថ​បន្ត​ថា មាន​អតិថិជន​ខ្លះ​ត្រូវ​ក្រុមហ៊ុន​ប្រគល់​សំបុត្រ​យន្ត​ឲ្យ​ដល់​ដៃ​ហើយ ប៉ុន្តែ​នៅ​ពេល​ដល់​ម៉ោង​ត្រូវ​ឡើង​យន្តហោះ ស្រាប់តែ​មន្ត្រី​អាកាសយាន​បញ្ជាក់​ថា សំបុត្រ​នោះ​មិន​មាន​កន្លែង​អង្គុយ​ទេ ពោល​គឺ​មាន​គេ​ទិញ​បាត់​ហើយ ដូច្នេះ​អតិថិជន​នោះ​បង្ខំចិត្ត ត្រូវ​ទិញ​សំបុត្រ​ថ្មី​នៅ​ព្រ​លាន​យន្តហោះ​ក្នុង​តម្លៃ​ខ្ពស់ ធ្វើ​យ៉ាងណា​ឲ្យ​ខាង​តែ​បាន ព្រោះ​ដល់​ពេលវេលា​ត្រូវ​ចេញដំណើរ ។ ដោយសារ​តែ​មានរឿង​កើតឡើង​ញឹកញាប់​យ៉ាង​ដូច្នេះ អតិថិជន​បាន​ទៅ​ទាមទារ​យក​ប្រាក់​កក់​ពី​ក្រុមហ៊ុន​នោះ​វិញ​។

តែ​ម្តង​ហើយ​ម្តងទៀត នាយិកា​មាន​សម្ដី​ត្រជាក់ បាន​គេចវេស មិន​ព្រម​សង​ប្រាក់​កក់​ឲ្យ​ទៅ អតិថិជន​វិញ​ទេ បានជា​នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៧ អតិថិជន​ប្រមាណ​៤០​នាក់​នាំ​គ្នា​ប្រមូលផ្តុំ នៅ​មុខ​ទីស្នាក់ការ​ក្រុមហ៊ុន ដើម្បី​តវ៉ា​យក​ប្រាក់ ដោយ​ភ្ជា​ក់​នូវ​ពាក្យបណ្តឹង​រៀង​ៗ​ខ្លួន ទៅ​ជាមួយ​ផង​ដែរ ជា​ហេតុ​ធ្វើ​ឲ្យ​សមត្ថកិច្ច​សម្រេច​ឃាត់ខ្លួន​នាយិកា​ឈ្មោះ រស់ សុធី​រ័​ត្ន ទៅ​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​ដោះស្រាយ លើ​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ដែល​ជា​អតិថិជន​ត្រូវ​ក្រុមហ៊ុន​(​ស្រី​រ័​ត្ន​ទេសចរណ៍​អន្តរជាតិ​)​ពាក់ព័ន្ធ​ថា បាន​រំលោភ​លើ​ទំនុកចិត្ត​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]