រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៦ កុម្ភ​: ២០១៧ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​នាយិកា​ក្រុមហ៊ុន ស្រី​រ័​ត្ន​ទេសចរណ៍​អន្តរជាតិ ជា​ផ្លូវការ​ក្រោម​បទ រំលោភ​លើ​ទំនុកចិត្ត​។ ក្រោយ​ពេល​តំណាង​អយ្យការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ សំណុំរឿង​នេះ​ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​គេ​បង្ហើប​ឲ្យ​ដឹង​ថា ពាក់​ពន្ធ​ទៅ​នឹង សំណុំរឿង​ចោទប្រកាន់​អ្នកស្រី រស់ សុធី​រ័​ត្ន នាយិកា​ក្រុមហ៊ុន ស្រី​រ័​ត្ន​ទេសចរណ៍​អន្តរជាតិ គឺជា​បឋម​មាន​ដើមបណ្តឹង​ចំនួន​៩២​នាក់ និង​មាន​ទឹកប្រាក់​ជាង​២៧​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ដើមបណ្តឹង​មាន​ចំនួន​៩២​នាក់​នោះ គឺ​បាន​ដាក់​ចូល​ដល់​ដៃ​តំណាង​អយ្យកា​ហើយ តែ​នៅ​មាន​បណ្តឹង​ដាក់​ចូល​បន្តបន្ទាប់​ទៀត រីឯ​ទឹកប្រាក់​ក៏​មិន​នៅ​ក្រោម​២៧​ម៉ឺន​ដុល្លារ​នោះ​ដែរ​។ ទោះជា​យ៉ាងនេះ​ក្តី​អ្នកស្រី រស់ សុធី​រ័​ត្ន បាន​ជម្រាប​ជូន​តុលាការ​ថា ទឹកប្រាក់​មួយ​ចំនួន​ត្រូវ​បាន​អ្នក​ដទៃ​បោក​ពី​នាង​ដែរ បានជា​នាង​វ័ណ្ឌក​ដូច្នេះ​។ គួរ​បញ្ជាក់​ថា កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​៧​មក​រា កាលពី​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៧ បាន​ធ្វើការ​ឃាត់ខ្លួន​នាយិកា​ក្រុមហ៊ុន​ស្រី​រ័​ត្ន​ទេសចរណ៍​អន្តរជាតិ នៅ​ចំណុច​ផ្ទះ​លេខ​១៧E០ ផ្លូវ​លេខ​១២៨ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា​។

ការ​ឃាត់ខ្លួន​នាយិកា​ក្រុមហ៊ុន​នោះ ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា គឺជា​ការ​ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​អតិថិជន​ប្រមាណ​៤០​នាក់ បាន​ទៅ​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន ដោយ​ចោទប្រកាន់​ថា ក្រុមហ៊ុន​បោកប្រាស់​លក់​សំបុត្រ​យន្តហោះ​អត់​មាន​កៅអីអង្គុយ និង​មិន​មាន​ជើង​យន្តហោះ ហោះហើរ​។ នាយិកា​រូប​នោះ​ឈ្មោះ រស់ សុធី​រ័​ត្ន អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​អាសយដ្ឋាន​ឃាត់ខ្លួន​ខាងលើ​។ ដើមចម​នៃ​ការ​ឃាត់ខ្លួន​នាយិកា​ក្រុមហ៊ុន​នោះ ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ​ឲ្យ​ដឹង​ថា កន្លង​ទៅ​មាន​អតិថិជន​ច្រើន​នាក់​បាន​យក​ប្រាក់​ទៅ​កក់​ក្រុមហ៊ុន​ទេសចរណ៍​អន្តរជាតិ ដើម្បី​ទិញ​សំបុត្រ​យន្តហោះ​ទៅ​ដើរ​លេង​ក្រៅប្រទេស​។ ខាង​ក្រុមហ៊ុន​បាន​សន្យា​ជាមួយ​អតិថិជន​ថា នឹង​ប្រគល់​សំបុត្រ​យន្តហោះ ឲ្យ​ទៅ​អតិថិជន​តាម​ថ្ងៃ​កំណត់ លុះដល់​ថ្ងៃ​កំណត់​ត្រូវធ្វើ​ដំណើរ​ទៅ​ដើរ​ស្រាប់តែ​ក្រុមហ៊ុន មិន​បាន​ប្រគល់​សំបុត្រ​យន្តហោះ​ឲ្យ​អតិថិជន​នោះ​ទេ​។

មន្ត្រី​កងរាជអាវុធហត្ថ​បន្ត​ថា មាន​អតិថិជន​ខ្លះ​ត្រូវ​ក្រុមហ៊ុន​ប្រគល់​សំបុត្រ​យន្ត​ឲ្យ​ដល់​ដៃ​ហើយ ប៉ុន្តែ​នៅ​ពេល​ដល់​ម៉ោង​ត្រូវ​ឡើង​យន្តហោះ ស្រាប់តែ​មន្ត្រី​អាកាសយាន​បញ្ជាក់​ថា សំបុត្រ​នោះ​មិន​មាន​កន្លែង​អង្គុយ​ទេ ពោល​គឺ​មាន​គេ​ទិញ​បាត់​ហើយ ដូច្នេះ​អតិថិជន​នោះ​បង្ខំចិត្ត ត្រូវ​ទិញ​សំបុត្រ​ថ្មី​នៅ​ព្រ​លាន​យន្តហោះ​ក្នុង​តម្លៃ​ខ្ពស់ ធ្វើ​យ៉ាងណា​ឲ្យ​ខាង​តែ​បាន ព្រោះ​ដល់​ពេលវេលា​ត្រូវ​ចេញដំណើរ ។ ដោយសារ​តែ​មានរឿង​កើតឡើង​ញឹកញាប់​យ៉ាង​ដូច្នេះ អតិថិជន​បាន​ទៅ​ទាមទារ​យក​ប្រាក់​កក់​ពី​ក្រុមហ៊ុន​នោះ​វិញ​។

តែ​ម្តង​ហើយ​ម្តងទៀត នាយិកា​មាន​សម្ដី​ត្រជាក់ បាន​គេចវេស មិន​ព្រម​សង​ប្រាក់​កក់​ឲ្យ​ទៅ អតិថិជន​វិញ​ទេ បានជា​នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៧ អតិថិជន​ប្រមាណ​៤០​នាក់​នាំ​គ្នា​ប្រមូលផ្តុំ នៅ​មុខ​ទីស្នាក់ការ​ក្រុមហ៊ុន ដើម្បី​តវ៉ា​យក​ប្រាក់ ដោយ​ភ្ជា​ក់​នូវ​ពាក្យបណ្តឹង​រៀង​ៗ​ខ្លួន ទៅ​ជាមួយ​ផង​ដែរ ជា​ហេតុ​ធ្វើ​ឲ្យ​សមត្ថកិច្ច​សម្រេច​ឃាត់ខ្លួន​នាយិកា​ឈ្មោះ រស់ សុធី​រ័​ត្ន ទៅ​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​ដោះស្រាយ លើ​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ដែល​ជា​អតិថិជន​ត្រូវ​ក្រុមហ៊ុន​(​ស្រី​រ័​ត្ន​ទេសចរណ៍​អន្តរជាតិ​)​ពាក់ព័ន្ធ​ថា បាន​រំលោភ​លើ​ទំនុកចិត្ត​៕

ប្រភព៖ កោះសន្តិភាព

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

នគរបាល​ដែល​បាញ់​មនុស្ស​៣នាក់​ស្លាប់​ ត្រូវ​បន្ថយ​ទោស​ពី​១០ឆ្នាំ​មក​ត្រឹម​២ឆ្នាំ ​​ ក្រោយតុលាការរកឃើញថា រូបគេធ្វើឡើងដើម្បីការពារខ្លួន 

(ភ្នំពេញ)៖ នគរបាល​ម្នាក់​ ដែល​បាញ់​ប្រហារ​បណ្ដាល​ឲ្យ​មនុស្ស​៣នាក់​ស្លាប់​ នៅខណ្ឌចំការមន កាលពីខែធ្នូ ឆ្នាំ២០១៥នោះ ត្រូវ​បាន​សាលាឧទ្ធរណ៍​បន្ថយ​ទោស​ពី​១០ឆ្នាំមក​ត្រឹម​២ឆ្នាំ​វិញ​ នៅថ្ងៃទី១៥ ខែមីនានេះ។​

លោក​ ចាយ​ ច័ន្ទ​តារា​វណ្ណ​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ នៅថ្ងៃទី​១៥​ ខែ​មីនា​ ឆ្នាំ​២០១៧​នេះ បាន​បន្ថយ​ទណ្ឌកម្ម​លើ​ជនជាប់ចោទ​ឈ្មោះ​ កែវ​ សុវណ្ណា​រិទ្ធ​ ដោយ​យល់​ថា​ ជនរងគ្រោះ​៣នាក់ ​បាន​ព្រួត​កាប់​មក​លើ​ជនជាប់ចោទ​មុន​។​ ដូច្នេះ​ជនជាប់ចោទ​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ទើប​បាញ់​ទៅ​លើ​ពួកគេ​ ។​ នេះ​ជា​ហេតុផល​នៃ​ការ​បន្ថយ​ទោស​។

ជនជាប់ចោទ​ ត្រូវ​បាន​តុលាការចោទប្រកាន់​ពី​បទ​ ឃាតកម្ម​តាម​មាត្រា​១៩៩នៃ​ក្រម​ព្រហ្មទណ្ឌ​ ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​លេខ ២២C ផ្លូវ​លេខ ៣៥៨ ភូមិ​៤ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​ចំការមន កាលពី​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ ២០១៥។ ជនរងគ្រោះ​ មាន​ មេភូមិ​៤ ឈ្មោះ ជុប ឡាយ អាយុ ៦២ ឆ្នាំ​កូនប្រុស​គាត់​ឈ្មោះ ប៊ុន លឿន អាយុ​១៨ ឆ្នាំ និង​ក្មួយ​របស់​គាត់​ឈ្មោះ ប៊ុន ឫទ្ធី អាយុ​៣០​ឆ្នាំ។

ជនជាប់ចោទ​ កែវ សុវណ្ណារិទ្ធ អាយុ២៦ឆ្នាំ ជាមន្រ្តីនគរបាល​ពាក់​​សក្ដិ​មួយ​ បាន​និយាយ​នៅក្នុង​បន្ទប់​សវនាការ​​ថា ​គាត់​ត្រូវ​បាន​ជនរងគ្រោះ​ពឹង​ឲ្យ​ដើរ​ទារ​លុយ​នៅ​តាម​ផ្ទះ​ពី​ជនជាតិ​ចិន​ព្រោះ​ខ្លួន​ចេះ​ភាសា​ចិន​ ដោយ​បាន​២៥ដុល្លារ​ឲ្យ​ជនរងគ្រោះ ប៉ុន្តែ​ជនរងគ្រោះ​ចោទ​ថា​គាត់​កិបកេង​លុយ​។ ពេលនោះ​ជនរងគ្រោះ​ កូនប្រុស និង​ចៅ​របស់​ជនរងគ្រោះ ​បាន​យក​ដា​វសា​ម៉ូ​រ៉ៃ​កាប់​ត្រូវ​ក្បាល​ដៃ​ចង្កេះ​ចំនួន ៥ កន្លែង​របួសធ្ងន់​ ហើយ​គាត់​ក៏​បាញ់​ការពារ​ខ្លួន​តែម្តងទៅ​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]