(ភ្នំពេញ)៖ ក្នុងអាការៈញញីញញ័រភិតភ័យ ស្ត្រីចំណាស់ម្នាក់ បានរត់ទៅប្ដឹងនគរបាលសង្កាត់ភ្នំពេញថ្មី ទាំងព្រឹក ក្រោយត្រូវកូនប្រសាប្រុស វាយដំច្រំធាក់យ៉ាងដំណំ បណ្តាលឲ្យរបួសជាទម្ងន់ ទាំងកណ្តាលអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ស្ត្រីរងគ្រោះខាងលើមានឈ្មោះ នៅ ស៊ីថន អាយុ៦៥ឆ្នាំ ស្នាក់នៅកន្លែងហិង្សាខាងលើ ចំណែកកូនប្រសារប្រុស ដែលគាត់មកប្តឹងនោះ មានឈ្មោះ លី ម៉េងជី អាយុ៣០ឆ្នាំ ស្នាក់នៅជាមួយគ្នា។

តាមសំដីរបស់ស្ត្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា កន្លងមកកូនប្រសាចិត្តតិរច្ឆានរូបនេះ តែងតែអុកឡុក និងប្រើអំពើហិង្សាជាញឹកញាប់មកហើយ ដោយចោទប្រកាន់គាត់ថា ស្រឡាញ់ចៅមិនស្មើគ្នា ប៉ុន្តែដោយអាណិតដល់កូន ទើបគាត់មិនដាច់ចិត្តប្តឹងសមត្ថកិច្ច។

លុះដល់យប់កើតហេតុ ខណៈដែលគាត់កំពុងអង្គុយមើលទូរទស្សន៍ ស្រាប់តែកូនប្រសារូបនេះ មិនដឹងមកពីផឹកស៊ីនៅកន្លែងណា ពេលចូលដល់ក្នុងផ្ទះ ក៏ស្រែកឡូឡាដាក់ប្រពន្ធ ហើយបានទៅលើកចំនៀងផ្ទះ គប់មកលើគាត់ ដែលកំពុងអង្គុយនោះ ធ្លាក់លើជើងខាងស្តាំរបស់ម្ដាយជរា ត្រូវកំភួនដៃស្តាំ និងពកក្បាល រងរបួសទ្រោមខ្លួនតែម្តង ភ្លាមៗនោះ គាត់បានរត់ចេញពីផ្ទះ ដើម្បីគេចមួយគ្រាសិន។

រហូតដល់ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ គាត់ក៏សម្រេចចិត្តទៅប្តឹងកូនប្រសាខាងលើតែម្ដង ពីបទប្រើអំពើហិង្សាមកលើគាត់ជាម្តាយក្មេកដើម្បីតាមចាប់ខ្លួន៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ អាសូរ​ម្តាយ​ជា​ជន​ពិការ ! ដើរ​រក​កូនស្រី​ដែល​បាន​បាត់​ខ្លួន

រាជធានីភ្នំពេញ ៖ នាងក្រមុំជាកម្មការិនី រោងចក្រផលិតស្បែកជើង និងជាមេតុងទីនម្នាក់បានបាត់ខ្លួន អស់រយៈពេល២ថ្ងៃមកហើយ ដោយជាប់ទៅជាមួយលុយជិត១ពាន់ដុល្លារ ដែលជាលុយលេងតុងទីន និងប្រាក់ខែ រួមជាមួយគ្រឿងអលង្ការ ខ្សែដៃ ខ្សែ.ក និងក្រវិលផងដែរមិនដឹងថា នាងទៅទីណាឡើយ ដែលជាហេតុធ្វើឲ្យម្ដាយដែលជាជនពិការម្នាក់ មានការព្រួយបារម្ភយ៉ាងខ្លាំង ។

គាត់រួមជាមួយកូនផ្សេងទៀត និងសាច់ញាតិផង បានធ្វើដំណើរទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ កាលពីវេលាម៉ោង ៦និង៣០នាទី យប់ថ្ងៃទី១៤ មីនា ដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៏ ស្វែងរកនាងដោយមានកាន់រូបថតកូនស្រីសំណព្វចិត្តម្នាក់នោះ​ ទៅជាមួយផងដែរ បង្ហាញនគរបាលងាយស្រួលក្នុងការតាមរក ។

ស្រ្តីជាម្ដាយរូបនោះ បានប្រាប់ថា គាត់ឈ្មោះ អ៊ាត ធី អាយុ៤៧ឆ្នាំ មានទីលំនៅក្នុងភូមិកោះគ្របបាយ ឃុំកំពង់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចំណែកឯកូនស្រីរបស់គាត់ដែលបាត់ខ្លួននោះឈ្មោះ ស្រស់ ស្រីគន់ ហៅ រស្មី អាយុ២២ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រផលិតស្បែកជើង ហើយនាងក៏ធ្វើជាមេតុងទីនផងដែរ និងស្នាក់នៅផ្ទះជួលជាមួយមិត្តភក្ដិស្រីម្នាក់ទៀតនៅម្ដុំរោងចក្រកាត់ដេរស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ស្រ្តីខាងលើបានបន្តថា លុះដល់វេលាម៉ោង ៧ព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧ កូនស្រីគាត់បានប្រាប់មិត្តភក្ដិ ដែលស្នាក់នៅជាមួយគ្នានោះថា ទៅធ្វើការហើយក៏បានដើរចាកចេញពីបន្ទប់ជួលបាត់រហូត មិន​ឃើញទៅធ្វើការឡើយ ហើយដល់វេលាល្ងាចថ្ងៃដដែល មិនឃើញត្រឡប់ទៅកាន់ផ្ទះជួលវិញ ហើយទូរស័ព្ទនាងបិទខលមិនចូលទៀតទើបមិត្តភក្ដិនាងខលប្រាប់គាត់ថា កូនស្រីគាត់បាត់ខ្លួនហើយ ទើបគាត់​បានដឹង ។

បន្ទាប់ពីទទួលបានដំណឹង ដ៏ភ្ញាក់ផ្អើលនោះ គាត់បានធ្វើដំណើរ ចាកចេញពីផ្ទះមកភ្នំពេញទាំងទុក្ខព្រួយ ដើម្បីស្វែងរកកូនស្រី ប៉ុន្តែរកមិនឃើញឡើយទើបសម្រេចចិត្តប្ដឹងសុំឲ្យនគរ​បាល​ ជួយ​ស្វែងរកកូនស្រីគាត់ផង។

គាត់បានរៀបរាប់បន្តទៀតថា កូនស្រីគាត់ក៏បានធ្វើ ជាមេតុងទីនផងដែរ ដោយនៅមុនពេលបាត់ខ្លួននាង បានប្រមូលលុយ ពីកូនក្រុមបានចំនួន៥០០ដុល្លារ ហើយនៅថ្ងៃទី១០ មីនា បានបើកប្រាក់ខែបានចំនួន ១៨០ដុល្លារ ហើយក៏នៅមានប្រាក់ធ្វើការថែមម៉ោងមួយចំនួនទៀតផងដែរ នាងបានខលប្រាប់គាត់ថា នាងបើកលុយដែរ ប៉ុន្តមិនទាន់បានផ្ញើរ ឲ្យគាត់នៅឡើយទេ ។

លុះក្រោយមកស្រាប់តែ ទទួលដំណឹងថា នាងបានបាត់ ខ្លួនហើយដោយជាប់ទៅជាមួយលុយខាងលើរួមជាមួយខ្សែ.ក ខ្សែដៃ និងក្រវិលផងដែរ។ គាត់មិនបានដឹងថានាងទៅណាមានសេចក្ដីសុខ ឬទុក្ខយ៉ាងណាឡើយ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]