ឧបករណ៍ម៉ាកល្បីៗ ភាគច្រើន មានរបស់ចម្លងតាមជាច្រើន ហើយជាពិសេស របស់ក្លែងក្លាយទាំងនោះ ត្រូវបានធ្វើឡើងយ៉ាងល្អ ជាពិសេស សឹងតែមើលមិនដឹងសោះ ខុសគ្នាត្រង់ណា។

ប៉ុន្តែ សូមកុំបារម្ភអី! ថ្ងៃនេះ យើងនឹងប្រមូលផ្តុំគន្លឹះមួយចំនួន ដែលអាចជួយអ្នក ឲ្យសម្គាល់ដឹងថា ឧបរករណ៍ទាំងនោះពិត ឬក្លែងក្លាយ មុននឹងសម្រេចចិត្តទិញ ដូចខាងក្រោមនេះ ៖

១. ពិនិត្យមើលការវេចខ្ចប់ 

ក្រុមហ៊ុនផលិត ផលិតផលក្លែងក្លាយ តែងតែមានការធ្វេសប្រហែស ក្នុងការរចនាការវេចខ្ចប់។ រីឯក្រុមហ៊ុនផលិតផ្លូវការ តែងតែរៀបចំសំបកវេចខ្ចប់ទំនិញ របស់ខ្លួនយ៉ាងល្អិតល្អន់។

អ្នកក៏គួរតែ ពិនិត្យមើលលើគុណភាពបោះពុម្ពផងដែរ ដោយមានអក្សរងាយអាន និងទំហំប៉ុនៗគ្នា។ ជាពិសេស គ្មានភាពរលុង មិនហាប់ នៅខាងក្នុងនោះទេ ពីព្រោះអ្នកផលិតរបស់ពិត រៀបចំប្រអប់វេចខ្ចប់ ដោយរចនាទំហំ និងជ្រុងឲ្យស៊ីទៅនឹងឧបករណ៍ មិនឲ្យមានកំហុសអ្វីបន្តិចឡើយ។

មួយវិញទៀត អ្នកគួរមើលលើ សៀវភៅណែនាំ របស់ឧបករណ៍នោះ។ គ្រប់ព័ត៌មាន នៅក្នុងសៀវភៅណែនាំ គួរតែសរសេរជាអក្សរប្រទេសរបស់អ្នក ឬអក្សរអន្តរជាតិដែលប្រើទូលំទូលាយ (ដូចជា ភាសាអង់គ្លេស)។ ប្រសិនបើ សៀវភៅណែនាំ សរសេរជាភាសាផ្សេង ដែលអ្នកមើលមិនដាច់ នោះវាប្រហែលជាឧបករណ៍រត់ពន្ធ ឬក្លែងក្លាយហើយ។ 

២. ពិនិត្យមើលលើរូបរាងឧបករណ៍

វត្ថុធាតុដើម ដែលត្រូវបានគេយកមកផលិត អាចជាជ័រប្លាស្ទិច កៅស៊ូ ឬអាលុយមីញ៉ូម អាចមានគុណភាពទាប ឬខ្ពស់ ទៅតាមរបស់ពិត និងក្លែងក្លាយដែរ។ តែអ្នកត្រូវចាំថា ក្រុមហ៊ុនពិត ប្រើវត្ថុធាតុដើមផលិតជុំវិញ ប្រកបដោយភាពរលោងស្អាត ប្រកបដោយភាពឥតខ្ចោះ គ្មានដានថ្នេរអ្វីឡើយ។ ជាពិសេស របស់ក្លែងក្លាយមានពណ៌ស្រអាប់ និងផ្ទៃគ្រើម មិនស្មើទាល់តែសោះ។ 

៣. មើលលើតួអក្សរស្លាកសញ្ញា

សំខាន់បំផុត គឺមើលលើស្លាកសញ្ញា។ របស់ពិត តែងតែអាចប្រើប្រាស់បានយូរឆ្នាំ ដោយមិនមានរបកស្លាកសញ្ញាទៅណាឡើយ។ ជាពិសេស តួអក្សរតំណាងទាំងនោះ ត្រូវតែរលោង ស្រួលអាន និងមិនងាយរលុប។ 

៤. ពិនិត្យមើលក្បាលឆ្នាំងសាក

ថ្វីត្បិតតែ ឆ្នាំងសាកពិត និងឆ្នាំងសាកក្លែងក្លាយ មានពណ៌ រួមទាំងរចនាបទដូចគ្នាសឹងទាំងស្រុងពិតមែន ក៏អ្នកត្រូវតែចងចាំថា ឧបករណ៍ប្រេនពិត គិតគូរអំពីសុវត្ថិភាពរបស់អ្នកណាស់ រាល់ពេលប្រើប្រាស់ផលិតផលរបស់ពួកគេ។ ហេតុនេះ ទើបឆ្នាំងសាកពិតមានលោហៈ មើលទៅមានរបៀបរៀបរយ និងមានជ័រនៅគល់ធ្មេញសាកផងដែរ។ 

៥. ពិនិត្យលើខ្សែសម្រាប់ដោតសាក

បើនិយាយពីក្បាល សម្រាប់ដោតសាកថ្ម គឺត្រូវតែដោតចូលរន្ធយ៉ាងមាំ និងស្មើ ប៉ុន្តែប្រសិនបើវាដោតចូលមិនស្មើ ហាក់ដូចជាមានសភាពរលុង ឬបែរជានៅសល់ប្រវែងខ្លះ នោះមានន័យថាខ្សែសាកនោះ ពិតជាក្លែងក្លាយហើយ។

មួយវិញទៀត អ្នកគួរពិនិត្យថាតើ ខ្សែនោះបត់បែនបានល្អ ឬក៏អត់ និងមានពណ៌ថ្មីស្អាតឬទេ ជាពិសេស សញ្ញាសម្គាល់ របស់វាមិនអាចលុបជ្រះបានឡើយ៕ 

ប្រភព៖ Bright Side

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

របៀបសម្គាល់មើលឲ្យដឹងថា «ទឹកអប់» ពិត ឬ ក្លែងក្លាយ ដោយតិចនិកសាមញ្ញៗទាំងនេះ!

ជាការពិតណាស់ ទំនិញក្លែងក្លាយមានច្រើនហូរហៀរ នៅតាមបណ្តាទីផ្សារយើង សព្វថ្ងៃនេះ ហើយក្នុងនោះ ក៏មានផលិតផល ទឹកអប់ផងដែរ។ ការចំណាយលុយជាច្រើន ទៅលើ ទឹកអប់ក្លែងក្លាយ មិនត្រឹមតែ ធ្វើឲ្យអ្នកមិនសប្បាយចិត្ត នឹងការចាញ់បោកគេប៉ុណ្ណោះទេ វាថែមទាំងអាចប៉ះពាល់ដល់សុខភាព របស់អ្នកថែមទៀតផង។

ហេតុនេះ កុំបារម្ភទៀតអី! ថ្ងៃនេះ យើងនឹងបង្ហាញនូវតិចនិកជាច្រើន ដែលជួយអ្នក ឲ្យមើលដឹងថា ទឹកអប់នោះពិត ឬក្លែងក្លាយបាន ១០០% ដូចខាងក្រោមនេះ ៖

១. មើលបាតប្រអប់ ៖ ទឹកអប់ពិត មានស្បោងប្លាស្ទិច បាតប្រអប់ក្រាស់ និងមានសភាពត្រង់ភ្លឹង គ្មានផ្នត់ ខុសពីទឹកអប់ក្លែងក្លាយ ដែលមានប្លាស្ទិចរុំ មិនស្អាត និងមើលទៅគ្មានរបៀបទាល់តែសោះ។

២. ថ្នេរថង់បា្ទស្ទិច ៖ ប្រសិនបើ ថ្នេរថង់ប្លាស្ទិច ដែលរុំប្រអប់ទឹកអប់ មានថ្នេរប្រវែងទទឹងធំជាង ៥ មីលីម៉ែត្រ (ជួនកាលមិនស្មើ ហើយមានកាវថែមទៀត) នោះមានន័យថា វាជាទឹកអប់ក្លែងក្លាយហើយ ពីព្រោះទឹកអប់ពិតមាន ថ្នេរប្លាស្ទិច រៀបចំស្អាតឥតខ្ចោះ។

៣. ក្រដាសក្នុងប្រអប់ ៖ ក្រដាស ក្នុងប្រអប់ទឹកអប់ពិត ត្រូវមានគុណភាពល្អ និងមានរាងដូចជាដបទឹកអប់ ដើម្បីការពារ កុំឲ្យបែក ជាពិសេស វាមានពណ៌ស មិនមែនពណ៌បែកប្រផេះនោះទេ។

៤. ស្លាក និងព័ត៌មានលើប្រអប់ ៖ នៅត្រង់រង្វង់ ព្រួញពណ៌មាស ព្រួញដែលចង្អុលទៅខាងស្តាំ ត្រូវតែមានពណ៌ខ្មៅ ឬមានពណ៌ស្រអាប់ជាង ព្រួញដែលចង្អុលមកខាងស្តាំ។ ជាងនេះទៅទៀត អ្នកគួរចូលមើលគេហទំព័រ របស់អ្នកផលិត ដែលមាននៅលើប្រអប់ ដើម្បីបញ្ជាក់បន្ថែមបានផងដែរ។

៥. រចនាបទ ៖ ជួនកាល ក្រុមហ៊ុនមួយចំនួន រៀបចំរចនាបទ រូបរាង ស្រដៀងគ្នាទៅនឹង ទឹកអប់ប្រេនពិត។ ហេតុនេះ មុននឹងធ្វើការចំណាយប្រាក់ទិញ អ្នកគួរតែពិនិត្យមើល ឲ្យបានច្បាស់លាស់ជាមុនសិន។

៦. ពណ៌របស់ទឹកអប់ ៖ ទឹកអប់ប្រេនល្បីៗ មិនប្រើពណ៌ ក្នុងទឹកអប់ច្រើននោះទេ (មានពណ៌ស្លេក)។ ហេតុនេះ ប្រសិនបើអ្នកក្រឡេកឃើញទឹកអប់ ដែលមានពណ៌ដិតខ្លាំង នោះវាប្រាកដជាទឹកអប់ក្លែងក្លាយហើយ។

៧. គំរបដបទឹកអប់ ៖ នៅត្រង់គំរប ដបទឹកអប់ពិត មានប្រវែងស្មើ ស៊ីមេទ្រីគ្នា (លើកលែងតែ ប្រភេទទឹកអប់ខ្លះរចនាឡើង ដោយពិសេស)។

៨. លេខកូដសម្គាល់ ៖ លេខកូដសម្គាល់ ត្រូវតែមានបោះពុម្ព នៅនឹងបាតប្រអប់ ហើយលេខកូដនោះ ត្រូវតែដូចគ្នា ជាមួយនឹងលេខ ដែលនៅនឹងបាតដបទឹកអប់។

៩. ដបទឹកអប់ ៖ ដបទឹកអប់ពិត មានគុណភាពខ្ពស់ ដោយមានភាពស្មើ និងរលោងស្អាត មិនដូចទឹកអប់ក្លែងក្លាយ ដែលមានសភាពគ្រើម និងមិនស្មើនោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]