បរទេស៖ សឹងតែគ្រប់គ្នាទៅហើយ ដែលតែងតែឈឺក្បាលរឿងទូរស័ព្ទអស់ថ្ម ហើយពិបាករកកន្លែងសាកថ្មនោះ តែបញ្ហាមួយនេះ មិនមែនជាបញ្ហាប្រឈមទៀតនោះទេ ដោយសារមានមួកសូឡារពិសេស មិនត្រឹមតែស្អាតនោះទេ តែវាថែមទាំងអាចសាកថ្មទូរស័ព្ទបានទៀតផង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបច្ចេកវិទ្យាដ៏ធំ PhoneArena ។

ប្រភពព័ត៌មានបានឲ្យដឹងថា មួយដ៏អស្ចារ្យនេះមានឈ្មោះថា ឈ្មោះ SolSol ត្រូវបានផលិតឡើងដោយក្រុមហ៊ុនStartupមួយ ហើយវាត្រូវបានផលិតឡើងជាពិសេស ដោយរចនាជាមួកកាតឹប ដ៏ទាន់សម័យ បំពាក់ផ្ទាំងសូឡារ ដែលអាចប្រើសម្រាប់ការពារកម្ដៅថ្ងៃ និង អាចប្រើសម្រាប់សាកថ្មទូរសព្ទបានតាមរយៈរន្ធ USB ផងដែរ។

ផ្ទាំងសូឡារតូចៗជាច្រើន ត្រូវបានគេបំពាក់នៅលើផ្នែកខាងមុខនៃមួក ហើយវាបម្លែងថាមពលព្រះអាទិត្យទៅជាថាមពលអគ្គិសនី បញ្ជូនទៅកាន់ឧបករណ៍បញ្ជូលភ្លើង ដែលភ្ជាប់នៅផ្នែខាងក្រោយមួក សម្រាប់សាកថ្មឧបករណ៍អេឡិកត្រូនិចផ្សេងៗ។

មួកស្រូបពន្លឺព្រះអាទិត្យនេះ អាចបញ្ជូលថ្មទូរស័ព្ទបានក្នុងកម្រិត ២០០mAh (មីលីអាំពែរម៉ោង) ដែលវាស្មើត្រឹមតែ ១ភាគ៥ នៃកម្រិតថាមពលដែលចេញពីឆ្នាំសាករបស់ទូរស័ព្ទ iPhoneប៉ុណ្ណោះ ប៉ុន្តែក៏គ្រាន់បើជាងអត់ដែរ។ តែកុំបារម្ភព្រោះខាងក្រុមហ៊ុន កំពុងធ្វើការបន្ថែម ដើម្បីកែលម្អអត្រាថ្មឲ្យកាន់តែខ្លាំងជាងមុនហើយ។

បច្ចុប្បន្នមួក SolSol នេះ មានដាក់លក់លើទីផ្សារបរទេស ក្នុងតម្លៃ ៥៦ ដុល្លារ ដែលអាចដំណើរការជាមួយទូរស័ព្ទប្រភេទ Android និង iOS ព្រមទាំងឧបករណ៍អេឡិកត្រូនិចមួយចំនួនទៀតដូចជា Tablets ឧបករណ៍បំពងសម្លេង កាមេរ៉ា Go Pro កាសប្លូធូ ជាដើម និងឧបករណ៍ជាច្រើនទៀត។

គួរបញ្ជាក់ថា សម្រាប់ទូរស័ព្ទ iPhone ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 10 នៅមិនទាន់អាចប្រើជាមួយមួកនេះបានទេ ដោយវាអាចដំណើរការបានតែជាមួយ Version ក្រោមនេះប៉ុណ្ណោះ៕ 

ប្រភព៖ PhoneArena

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ អាមេរិកនឹងដាក់ដំណើរការ រថយន្តគ្មានមនុស្សបើកលើដងផ្លូវ នៅចុងឆ្នាំ២០១៧

សារព័ត៌មានដេលីម៉ែល បានចុះផ្សាយកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ថា រថយន្តដែលគ្មានដៃចង្កូតបញ្ជា គ្មានប្រព័ន្ធប្រអប់លេខហ្វ្រាំង ហើយគ្មានមនុស្សបើក នឹងត្រូវដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

កាលពីថ្ងៃសុក្រកន្លងទៅនេះ នាយកដ្ឋានមធ្យាបាយធ្វើដំណើរ របស់សហរដ្ឋអាមេរិក បានដាក់សំណើ នៃដំណើរការររថយន្តដែលពុំមានមនុស្សបើក នឹងអាចចរាចរលើផ្លូវសាធារណនៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកបាននៅចុងឆ្នាំ២០១៧។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងរយៈពេល៧ឆ្នាំមុន មានក្រុមហ៊ុនបច្ចេកវិទ្យា និងផលិតរថយន្តជាច្រើន បានធ្វើតេស្តលើរថយន្តគ្មានមនុស្សបើករបស់ពួកគេ នៅលើផ្លូវសាធារណៈក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ប៉ុន្តែរថយន្តទាំងនោះនៅតែមានដៃចង្កូតបញ្ជា ប្រអប់លេខ ហ្វ្រាំង និងកន្លែងបម្រុងទុក សម្រាប់អ្នកបើកបរ ធ្វើការបញ្ជាពេលមានហេតុការណ៍អាសន្នណាមួយកើតឡើង។

ប្រភពព័តមានបានបន្តថា រថយន្តគ្មានមនុស្សបើកនេះ នឹងមាននៅក្នុងទីផ្សារសហរដ្ឋអាមេរិក នាដើមឆ្នាំ២០១៨ តែទោះជាយ៉ាងណា បើទោះជាបានតេស្តដោយជោគជ័យ លើដងផ្លូវក្នុងអាមេរិកក៏ដោយ ក៏មានបទបញ្ញត្តិមួយចំនួន ស្នើឲ្យរោងចក្រផលិត ត្រូវបំពាក់ចង្កូតឡាន និងប្រព័ន្ធសុវត្ថិភាពមួយចំនួនផងដែរ ដើម្បីបង្ការក្នុងករណីមានហេតុការណ៍អាសន្នណាមួយ។

រថយន្តគ្មានមនុស្សបើកនេះ មានឈ្មោះថា Waymo វាត្រូវបានផលិតឡើងដោយក្រុមហ៊ុនយក្ស Google ។ របៀបប្រើអ្នកគ្រាន់តែចុចប៉ូតុងមួយប៉ុណ្ណោះ ដើម្បីកំណត់ពីគោលដៅដែលចង់ទៅ។ វាបំពាក់មកជាមួយនូវ សេនសឺ (sensors) ឬឧបករណ៍ចាប់សញ្ញា និងកម្មវិធីកុំព្យូទ័រដែលត្រូវបានរចនាឡើង ដើម្បីចាប់យកសញ្ញាអ្នកដំណើរថ្មើរជើង អ្នកជិះកង់ ឬរថយន្តផ្សេងទៀត ព្រមទាំងស្ថានភាពផ្លូវផងដែរ។

វាអាចចាប់យកសញ្ញា ក្នុងរយៈចម្ងាយស្មើនឹងទំហំតារាងបាល់ទាត់ចំនួន ២ឯណោះ ហើយសេនសឺ(sensors) របស់រថយន្តមួយនេះ ក៏អាចចាប់សញ្ញារបស់មនុស្ស ដូចជាលើកដៃសុំបត់ជាដើម៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]