(ភ្នំពេញ)៖ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ធ្លាប់បានទទួលរងនូវការតិះដៀល ពីសំណាក់អាចារ្យ អេ ម្ចាស់ស្ថានីយវិទ្យុ ABC ថា «ជាមនុស្សស្រែៗ» ដែលធ្វើឲ្យព័ត៌មាននេះកក្រើកយ៉ាងខ្លាំង ពេញបណ្ដាញសង្គម ក៏ដូចជាទស្សនិកជនទូទៅ។ ប៉ុន្តែបន្ទាប់ពីពាក្យមើលងាយមើលស្រាល ពីសំណាក់អាចារ្យ អេ ហើយនោះ តារាចម្រៀង ព្រាប សុវត្ថិ មិនបានបញ្ចេញប្រតិកម្ម ច្រឡោតតោតតូង ខឹងនឹងអាចារ្យ អេ នោះទេ ពោលតារាចម្រៀងរូបនេះ បែរជាទទួលស្គាល់ថា រូបលោកពិតជាកើតក្នុងត្រកូល អ្នកស្រែមែន។

ថ្មីៗនេះ ព្រាប សុវត្ថិ បានចេញចម្រៀងមួយបទ មានចំណងជើងថា «ខ្ញុំស្រែអ៊ីចឹង» ដោយបានបង្ហោះចេញ នៅប៉ុន្មានម៉ោងមុននេះ តាមរយៈ Page Facebook ផ្លូវការរបស់ផលិតកម្ម ហង្សមាស ធ្វើឲ្យមហាជន ដែលបានតាមដាន និងដឹងរឿងកន្លងមក បានធ្វើការសន្និដ្ឋានថា បទចម្រៀងនេះ គឺលោកចង់ច្រៀងឌឺដងឲ្យ អាចារ្យ អេ ដែលដៀលលោកថា ជាមនុស្សស្រែៗ។ បទ «ខ្ញុំស្រែអ៊ីចឹង» និពន្ធទំនុកច្រៀង និង Melody ដោយ Vid Cooler និងនិពន្ធបទភ្លេង ដោយ ឡូតូ (Loto)។

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ តើពិតដែរទេ ពេជ្រ សោភា កំពុង​ល្បី​ថា យក សួន ពិសិដ្ឋ ធ្វើ​ជា​ឈ្នាន់​ ពេល​គ្មាន ងួន ចាន់ដេវីត?

(ភ្នំពេញ)៖ បន្ទាប់ពីស្ងប់ស្ងាត់បន្តិច ជាមួយនឹងសារឌឺដង គ្នាជាមួយនឹង តារាចម្រៀង ងួន ចាន់ដេវីត ស្រាប់តែថ្មីៗនេះ តារាចម្រៀងមានឈ្មោះល្បី ប្រចាំក្នុងផលិតកម្ម ហង្សមាស អ្នកនាង ពេជ្រ សោភា កំពុងល្បីពេញបណ្ដាញសង្គម និងមានពាក្យចចាអារ៉ាមធ្លាយចេញពីអ្នកសិល្បៈដូចគ្នាថា រាល់ថ្ងៃនេះ នាងបានយកកវីនិពន្ធ គឺលោក សួន ពិសិដ្ឋ ធ្វើជាឈ្នាន់ ពេលគ្មានតារាចម្រៀង ងួន ចាន់ដេវីត និពន្ធបទចម្រៀងឲ្យនាង ច្រៀងតទៅទៀត។

តារាចម្រៀង និងជាអ្នកនិពន្ធឆ្នើម លោក សួន ពិសិដ្ឋ ដែលទទួលបានពានអ្នកនិពន្ធឆ្នើម ពីប្រទេសកាណាដា និងជាម្ចាស់ពានក្នុងកម្មវិធី «អាណាចក្រតារា» ផ្នែកតែងនិពន្ធ ខណៈដែលលោកបានចាកចេញ ពីទ្រនំផលិតកម្មចាស់ ហើយបានមកជ្រកកោនក្នុងទ្រនំ ហង្សមាស ដែលជាទ្រនំយក្ស សម្បូរដោយភាពចម្រូងចម្រាស់ និងល្បីខាងបក្សពួកនិយម ព្រោះតារាចម្រៀងជិត២៥ដួង ប៉ុន្តែមានអ្នកចេញបទញឹកតែ៧នាក់ប៉ុណ្ណោះ ហើយវាគ្មានពាក្យថា ស្មើរគ្នានោះទេ។

ថ្មីៗនេះ លោក សួន ពិសិដ្ឋ បាននិពន្ធបទភ្លេងថ្មីមួយឲ្យ ពេជ្រ សោភា គឺបទ «ឆ្កែរត់បុកប៉ោត» ដែលបទនេះហាក់មិនសូវផ្ទុះខ្លាំងដូចបទ «រាំអ៊ីចេះ» របស់ ឱក សុគន្ធ កញ្ញា ប៉ុន្តែជាបទចម្រៀង មានចំណាប់អារម្មណ៍ច្រើនរបស់ ពេជ្រ សោភា ព្រោះនាងហាក់លះបង់ខ្ពស់ ក្នុងបទចម្រៀងមួយនេះ ខណៈឡើងសម្ដែង នាងបានស្លៀកសំពត់ចរបាប់ និងអាវដៃបំពង់ រួមនឹងសៀតផ្កាចំប៉ី រាំនឹងក្រុមឆៃយុំា ធ្វើឲ្យនាងរឹតតែលេចធ្លោ ក្នុងការសម្ដែងទ្វេដង បន្ទាប់ពីគេដឹងថា ពេជ្រ សោភា មិនមានចំណូលចិត្ត ក្នុងរឿងអស់ទាំងនេះទេ ពីមុនមក តែនេះជាយុទ្ធសាស្ត្រថ្មី ក្នុងការទាក់ទាញប្រជាប្រិយភាព ដើម្បីភាពល្បីល្បាញប៉ុណ្ណោះ ព្រោះសូម្បីតែសំពត់បត់អាវប៉ាក់ ក៏នាងមិនសូវចូលចិត្តស្លៀកផង ចុះទំរាំចរបាប់ទៀត។

គេបានឃើញថ្លែងអំណរគុណ លោក សួន ពិសិដ្ឋ ស្ទើរតែគ្រប់វេទិកាធ្វើឲ្យ លោក សួន ពិសិដ្ឋ សប្បាយចិត្ត និងបាននិយាយទៅកាន់ ពេជ្រ សោភា ថា «ខ្ញុំសូមសរសើរទឹកចិត្តប្អូនស្រី ពេជ្រ សោភា ដែលតែងតែថ្លែងអំណរគុណដល់ខ្ញុំ គ្រប់កម្មវិធី ក៏ដូចជាហ្វេសប៊ុករបស់គាត់ សម្រាប់បទភ្លេង និងមេឡូឌីថ្មី ដែលខ្ញុំបានតែងនិពន្ធជូនគាត់ ជាការមើលឃើញរបស់ខ្ញុំ គឺគាត់មិនបានមានមោទនភាព អំនួតជ្រើមជ្រួល ទៅលើភាពជោគជ័យដែលគាត់បាន សម្រាប់ពីរបទដែលខ្ញុំបាននិពន្ធ ជូនគាត់នោះឡើយ តែគាត់ពិតជាត្រេកអរសប្បាយចិត្ត អំពីការគំាទ្ររបស់បងប្អូនទៅវិញទេ!»។

ថ្វីត្បិតតែចំណងមិត្តភាព ការរាប់អានថ្មោងថ្មីនេះ ហាក់ហុចផ្កែផ្កាឲ្យអ្នកទាំងពីរ តែប្រភពពីអ្នកសិល្បៈបាននិយាយថា សួន ពិសិដ្ឋ កន្លងមកនិពន្ធបទថ្មីនៅ ហង្សមាស មិនសូវជោគជ័យទេ ទើបតែប៉ះជាមួយ ពេជ្រ សោភា ក៏លោតឡើងតែម្ដង។ ចំណែកឯ ពេជ្រ សោភាវិញ ហាក់ គ្រាន់តែជិះក្របីចំឡងភក់ប៉ុណ្ណោះ ព្រោះនាងពេលនេះ បានចែកចាន ចែកឆ្នាំងជាមួយ ងួន ចាន់ដេវីតហើយ ហើយក៏គ្មានអ្នកណានិពន្ធបទចម្រៀង ញាក់ថ្មីឲ្យនាងច្រៀងទៀតដែរ ទើបនាងរកអ្នកជំនួស ហើយគេសំឡឹងឃើញថា មិត្តភាពនាងមិនបានយូរប៉ុន្មានទេ ព្រោះ ពេជ្រ សោភា មិនសូវរាប់អានអ្នកគ្មានប្រយោជន៍ សម្រាប់នាងឡើយ។

ជុំវិញការលើកឡើងបែបនេះ តារាចម្រៀងទាំងពីរមិនអាចសុំការបំភ្លឺបានទេ ថា ពួកគេនឹងបន្តស្នាដៃថ្មីៗជាមួយគ្នាទៀត ឬយ៉ាងណា ឬគ្រាន់តែ សាកល្បងគ្នាសិន ប៉ុន្តែសង្ឃឹមថា មិនឆាប់បែកបាក់ ដូចដេវីត ទៅចុះ៕ ដោយ KhmerTalking 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ