បន្ទាប់ពី បែកគ្នាជាមួយនឹងសង្សារប្រុស ឬសង្សារស្រី របស់អ្នករួច អ្នកប្រាកដជាចង់ ឲ្យសង្សារចាស់របស់អ្នក មានចិត្តស្តាយក្រោយ ដែលបានបោះបង់អ្នកជាក់ជាមិនខាន។ ជាពិសេស អ្នកប្រាកដជាចង់បង្ហាញថា ជីវិតរបស់អ្នក ពិតជាល្អប្រសើរ ជាជាងពេលនៅជាមួយគ្នាទៅទៀត។

ចង់ដឹងថា គួរធ្វើយ៉ាងណាខ្លះនោះ តាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖ 

១. កុំបញ្ឈប់ការណាត់ជួបជាមួយមិត្តភក្តិ

អ្នកគួរកុំនៅពិបាកចិត្ត មិនចង់ជួបមុខអ្នកណាឲ្យសោះ។ ការដែលចេញមកជួបមិត្តភក្តិបែបនេះគឺ ដើម្បីឲ្យសង្សារចាស់ របស់អ្នកដឹងថា អ្នកមិនមានអារម្មណ៍ពិបាកចិត្តអ្វីឡើយ ហើយគេនឹងគិតថាអ្នកប្រហែលជាកាត់ចិត្តបានហើយ។ ថាមិនត្រូវ គេនឹងនឹក អ្នកជាមិនខាន។

២. បង្ហោះរូបភាព ឬពាក្យពេចន៍សប្បាយៗ ក្នុងបណ្តាញសង្គម

បន្ទាប់ពីបែកគ្នារួច អ្នកត្រូវតែបង្ហោះនូវពាក្យពេចន៍ និងរូបភាព សប្បាយៗជាច្រើន មិនថាទៅហាងកាហ្វេ ឬពិធីជប់លៀងនោះឡើយ។ បែបនេះ សង្សារចាស់របស់អ្នក នឹងគិតថា តើអ្នកមិនបានឈឺចាប់អ្វីសោះ ហើយថែមទាំងអាចមានចិត្តប្រច័ណ្ឌ នឹងរូបភាពអ្នកជាមួយមិត្តៗទៀតផង។

៣. ធ្វើខ្លួនឲ្យស្អាត

នេះអាចនិយាយបានជា ចំណុចដែលធ្វើឲ្យ សង្សារអ្នកស្តាយក្រោយបំផុតហើយ! ស្រីៗគួរបញ្ចុះទម្ងន់ រក្សារាងឲ្យស្លីមស្អាត រីឯប្រុសៗអាចទៅហាត់ប្រាណ យកសាច់ដុំ យករាងមាំស្អាត ជាដើម។ ២ ទៅ ៣ ខែក្រោយ អ្នកនឹងអាចបង្អួត សម្រស់ដ៏ទាក់ទាញថ្មីរបស់អ្នក ទៅកាន់អ្នករាល់គ្នា ហើយអ្វីដែលសំខាន់គឺ សង្សារចាស់របស់អ្នក ប្រាកដជាយំលែងចេញជាមិនខាន។

៤. កុំព្យាយាមរក្សាទំនាក់ទំនងជាមួយសង្សារចាស់

ប្រសិនបើអ្នកបង្ហាញកាយវិការ ហាក់ដូចជាចង់និយាយគ្នា ជាមួយសង្សារចាស់នោះ វាមានន័យថា អ្នកនៅតែនឹកគេដដែល។ ហេតុនេះ អ្នកគួរឈប់ខល ឈប់ផ្ញើសារ ជាពិសេស ទំនាក់ទំនងតាមបណ្តាញសង្គម ដោយត្រូវចៀសវាង Like ឬ Share អ្វីដែលទាក់ទងនឹងគេឲ្យបានជាដាច់ខាត។ 

៥. ចៀសវាងមានសង្សារថ្មីភ្លាមៗ

អ្នកប្រហែលជាគិតថា ការយកសង្សារថ្មីម្នាក់ទៀត អាចធ្វើឲ្យសង្សារចាស់របស់អ្នកប្រច័ណ្ឌ និងអាចជួយផ្សះបេះដូងដែលខ្ទេចខ្ទាំនោះបាន ប៉ុន្តែ ជាក់ស្តែង វាជាការសម្រេចចិត្តមួយ ដែលក្មេងខ្ចីបំផុត។ ជួនកាល មនុស្សថ្មីនោះ មិនត្រូវចិត្តអ្នក រួចអាចបណ្តាលឲ្យអ្នកខូចចិត្តសាជាថ្មីម្តងទៀតក៏ថាបាន ជាពិសេស សង្សារចាស់របស់អ្នក នឹងគិតថា ការបែកពីអ្នកជាជម្រើសដ៏ត្រឹមត្រូវបំផុតថែមទៀត។

៦. ធ្វើជាមនុស្សដែលគេចូលចិត្ត និងសម្រេចគោលដៅជីវិតឲ្យបាន

ប្រសិនបើអ្នកមានទេពកោសល្យខាងច្រៀង ឬរាំ ឬលេងឧបករណ៍តន្រ្តី នោះអ្នកគួរតែហ្វឹកហាត់បន្ថែម ដើម្បីឲ្យកាន់តែមានជំនាញ និងចេះស្ទាត់។ បន្ទាប់មកបញ្ចេញសមត្ថភាពរបស់អ្នកចេញមកក្រៅ ប្រាកដណាស់ថា អ្នកនឹងក្លាយជាមនុស្សដែលមានមនុស្សកោតសរសើរ និងចូលចិត្តច្រើន។

ជាងនេះទៅទៀត អ្នកត្រូវតែខិតខំសម្រេចនូវគោលដៅជីវិត ដូចជាប្រលងឲ្យជាប់ ឬឡើងតំណែង ឬទទួលជោគជ័យលើខ្សែជីវិតឲ្យបាន។ អ្នកត្រូវតែព្យាយាម ធ្វើខ្លនឲ្យក្លាយជាមនុស្សជោគជ័យ និងមានឥទ្ធិពលនៅថ្ងៃខាងមុខ។

ទាំងនេះហើយ ដែលធ្វើឲ្យសង្សារចាស់របស់អ្នក នឹងស្តាយក្រោយ ដែលបោះបង់មនុស្សមានទេពកោសល្យ និងជោគជ័យដូចជាអ្នក។

៧. កុំនិយាយដើមសង្សារចាស់ឲ្យសោះ

វាជាទម្លាប់ដ៏អាក្រក់ របស់មនុស្ស ដែលនិយាយដើមសង្សារចាស់ ក្រោយពីបែកគ្នារួច។ ជាក់ស្តែង វាជាឥរិយាបថមួយ ដែលហាក់ដូចជាមិនចេះគិត គ្មានភាពចាស់ទុំ និងភាពថ្លៃថ្នូរ ទាល់តែសោះ។ នៅពេលដែលអ្នកមិនចេះនិយាយ ពាក្យអាក្រក់ៗ នោះសង្សារចាស់របស់អ្នក នឹងមានចិត្តឆ្ងល់ជាក់ជាមិនខាន ហើយជាពិសេស គេនឹងមានអារម្មណ៍ថា ស្តាយក្រោយដែលបែកគ្នា ជាមួយមនុស្សត្រង់ និងថ្លៃថ្នូរ ដូចជាអ្នក៕ 

ប្រភព៖ TELLYOUALL

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ត្រូវធ្វើយ៉ាងណា នៅពេលដែល ប្រទះជួបជាមួយនឹង សង្សារចាស់ ដោយចៃដន្យ?

បើនិយាយពីរឿង សង្សារចាស់ មិនថាជាអតីតមិត្តប្រុស មិនថាជាអតីតមិត្តស្រីឡើយ ពិតជាគ្មានអ្នកណា ចង់ជួប ចង់ឃើញគ្នាប៉ុន្មានទេ ពីព្រោះនៅពេលដែលជួបគ្នាម្តងៗ បេះដូងដូចជា ធ្លាក់ដល់ដី ស្រឡាំងកាំង មិនដឹងត្រូវធ្វើអី និយាយអី ជាក់ជាមិនខាន។

ហេតុនេះ ទើបថ្ងៃនេះ យើងនឹងលើកឡើងនូវចំណុចមួយចំនួន ដែលអ្នកគួរតែធ្វើ នៅពេលដែលដើរជួបជាមួយ សង្សារចាស់ដោយចៃដន្យ ដូចខាងក្រោមនេះ ៖

១. កុំភិតភ័យ

រឿងដំបូងបំផុតគឺ កុំភិតភ័យ កុំស្លន់ស្លោ ឲ្យសោះ។ ត្រូវចងចាំថា ធ្វើធម្មតា ឲ្យបាន ១០០ ភាគរយ! បន្ទាប់មក ដកដង្ហើមសម្រួលអារម្មណ៍បន្តិចទៅ ជាការស្រេច។

២. ត្រូវមានទំនុកចិត្ត

នៅពេលដែលអ្នក បង្ហាញនូវទំនុកចិត្តដែលអ្នកមានទៅឲ្យគេឃើញ គេនឹងគិតថា អ្នកពិតជាអាចរស់នៅបានដោយគ្មានគេពិតប្រាកដមែន ជាពិសេស អាចធ្វើឲ្យគេស្តាយក្រោយថែមទៀតផង។

៣. បង្ហាញភាពឯករាជ្យ

អ្នកមិនចាំបាច់ទៅហៅ ឬនិយាយរក គេមុននោះទេ។ អ្នកគួរបន្តកិច្ចការងាររបស់អ្នក រួចគ្រាន់តែញញឹមដាក់បន្តិច ដូចជាគ្មានរឿងអ្វីកើតឡើង ដើម្បីបង្ហាញថា អ្នកមិនបានត្រូវការគេទៀតនោះទេ។

៤. កុំបង្ហាញកាយវិការឈ្លើយ

ទោះបីជា មនុស្សយើង មិនចូលចិត្តសង្សារចាស់ ចង់តែឌឺដង និងបង្ហាញសកម្មភាពមិនគួរគប្បីដាក់ ក៏ពិតមែន ប៉ុន្តែវាជារឿងដែលមិនគួរទាល់តែសោះ ពីព្រោះអ្នកត្រូវរក្សាភាពសមរម្យ ឲ្យសក្តិសមជាមនុស្សធំដឹងក្តីម្នាក់ ទើបជាការប្រសើរ។

៥. ញញឹម

ទោះបីជាអ្នកខឹង ស្អប់ ឈឺចាប់ប៉ុណ្ណា ក៏អ្នកគួរតែ បង្ហាញស្នាមញញឹមលើផ្ទៃមុខ ឲ្យបាន ពីព្រោះប្រសិនបើអ្នក ព្យាយាមគេច និងបង្ហាញទឹកមុខពិបាកចិត្តនោះ គេនឹងគិតថាអ្នកនៅតែឈឺចាប់ដោយសារគេ និងអាចធ្វើឲ្យគេមាន អំណួតក្នុងខ្លួនថែមទៀត។ ជាពិសេស គឺហាមសម្រក់ទឹកភ្នែក!

៦. និយាយគ្នាលេង

ជាក់ស្តែង បើជ្រុលតែ ដើរជួបមុខគ្នាយ៉ាងនេះទៅហើយ ហេតុអ្វីមិននិយាយគ្នាលេង បន្តិចទៅ? ធ្វើដូចជាធម្មតា ហើយក៏មិនចាំបាច់និយាយអ្វីច្រើនទេ គ្រាន់តែ សួរសុខទុក្ខបន្តិចបន្តួចក៏បាន។

៧. រាប់អានមិត្តភក្តិឲ្យច្រើន

អ្នកគួរព្យាយាមចំណាយពេលជាមួយមិត្តភក្តិឲ្យបានច្រើន ជាពិសេស នៅពេលដែលអ្នកជួបសង្សារចាស់ ចៃដន្យ អ្នកអាចមានពួកគេ នៅក្បែរ ដើម្បីជួយលើកទឹកចិត្តអ្នក និងជួយឲ្យអ្នកមានអារម្មណ៍រឹងមាំ ក្នុងការប្រឈមមុខជាងមុនបានផងដែរ។

៨. ដើរចៀស

ពេលខ្លះ ប្រសិនបើឈឺចាប់ ដោយសារសង្សារចាស់នោះ ខ្លាំងក្លាពេក មិនចាំបាច់គិតច្រើន ខ្វល់ច្រើនទេ គែគ្រាន់តែដើរចៀសគ្នា ដូចមនុស្សមិនស្គាល់គ្នា តែម្តងទៅ ក៏បានដែរ។ បែបនេះ អ្នកមិនចាំបាច់ហត់ញញឹម ហត់និយាយ និងសំដែងធ្វើរឹងមាំអ្វីនោះទេ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]