ថៃ៖ តួឯកស្រីនាង Chompoo Araya កំពុងតែពរពោះកូននៅក្នុងផ្ទៃជាលើកទី២ ក៏មែនពិត ប៉ុន្តែសម្រាប់ការងារសិល្បៈរបស់នាង នៅតែមានប្រជាប្រិយភាពគង់វង្ស។

បច្ចុប្បន្នក៏មានការងារសិល្បៈ យ៉ាងច្រើនសន្ធឹកចូលមកជាបន្តបន្ទាប់ មិនថាជាការថតខ្សែភាពយន្ត ថតស្ពតពាណិជ្ជកម្ម ឬថតឃោសនាផ្សេងៗនោះឡើយ។

សម្រាប់ Chompoo Araya ពិតជាមានភាពមមាញឹកជាមួយនឹងការងារទាំងនោះខ្លាំងណាស់ ប៉ុន្តែសម្រាប់ការងារនៅក្នុងផ្ទះ ក៏នាងមិនដែលរំលងដែរ ក្នុងការបំពេញតួនាទីជាភរិយាដ៏ល្អរបស់ស្វាមី។

ដោយកាលពីម្សិលមិញនេះ ពេលកំពុងថតនៅឡើយស្រាប់តែស្វាមីនាង លោក Nott visrut ទូរស័ព្ទមកដើម្បីសួរថា អាហារដែលនាងចម្អិនទុករួចជាស្រេចនៅផ្ទះនោះត្រូវរៀបចំដូចម្តេច និងកម្តៅញ៉ាំដូចម្តេចទើបឆ្ងាញ់? 

ភ្លាមៗនោះ Chompoo Araya ក៏បានរៀបរាប់ប្រាប់ទៅស្វាមីយ៉ាងលម្អិត សព្វគ្រប់ គ្មានចន្លោះឡើយ ធ្វើឱ្យក្រុមការងារលាន់មាត់សរសើរថានាងថា ពិតជាភរិយាម្នាក់ដ៏ល្អមែន ព្រោះទាំងកិច្ចការងារក្នុងផ្ទះ ក៏ដូចជាការងារនៅក្រៅផ្ទះគឺនាងពូកែធ្វើគ្រប់យ៉ាង។ 

រកឯណាបានស្រីស្អាត ហើយពូកែបែបនេះ? អ្នកដែលបានរស់នៅជាមួយពិតជាសំណាងណាស់៕ 

Chompoo Araya និងស្វាមី

កំណត់ហេតុខ្មែរឡូត៖

រំលឹកព័ត៌មានចាស់កាលពីលើកមុន Chompoo Araya កំពុងពរពោះកូនជាលើកទី២ បាន៦សប្តាហ៍ហើយ។

យោងតាមការឱ្យដឹងពីអ្នកចាត់ការផ្ទាល់ខ្លួន របស់កំពូលតារាស្រីនាង Chompoo Araya បានបង្ហាញប្រាប់ថា បច្ចុប្បន្នតារាស្រីរូបនេះ កំពុងតែមានផ្ទៃពោះជាលើកទី២ បានប្រមាណជា៦សប្តាហ៍ហើយ បន្ទាប់ពីបានរលូតកូនជាលើកដំបូងរបស់ខ្លួន កាលពីកំឡុងខែធ្នូ ចុងឆ្នាំ២០១៦ កន្លងទៅ។

រឿងនេះពិតជាធ្វើឱ្យនាង Chompoo Araya និងស្វាមីរំភើបចិត្តយ៉ាងខ្លាំង ញញឹមបិទមាត់មិនជិតនោះទេ ព្រោះក្តីប្រាថ្នារបស់ពួកគេទាំងពីរនាក់ថា ចង់បានកូននឹងគេនោះ បានសមដូចបំណងហើយ។

ក្រោយមក ពេលដំណឹងនេះ បានផ្សព្វផ្សាយចេញទៅក្រៅ បានធ្វើឱ្យបណ្តាអ្នកគាំទ្ររបស់នាង Chompoo Araya ទាំងអស់ពិតជាមានភាពសប្បាយរីករាយណាស់ ហើយពួកគេក៏បាននាំគ្នាផ្ញើក្តីរលឹក និងផ្ញើសារជូនពរដល់នាង និងកូននៅក្នុងផ្ទៃ សូមឱ្យមានសុវត្ថិភាព សុខភាពល្អ ទាំងអស់គ្នាផងដែរ។

ទន្ទឹមនឹងនេះដែរ លោក Nott visrut ដែលជាស្វាមីក៏បានថែរក្សា ថ្នាក់ថ្នមនាង Chompoo Araya យ៉ាងល្អឥតខ្ចោះមិនឱ្យខ្វះចន្លោះនោះទេ។ ជាពិសេស លោកក៏រំពឹងទុកជាមុនផងដែរថា កូនរបស់ខ្លួននាលើកនេះ គឺកូនប្រុស ព្រោះថាលោកមានជាប់ខ្សែជាជនជាតិចិន ដូច្នេះការទទួលបានកូនប្រុសជាលើកដំបូង គឺជារឿងមួយដ៏ល្អប្រសើរបំផុតនៅក្នុងគ្រួសារ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]