អេស្ប៉ាញ៖ ថ្វីត្បិតតែ Messi ជាកំពូលកីឡាករបាល់ទាត់ដ៏ល្បីមួយរូបលើទីលាន និងជាអ្នកគ្រងពានរង្វាន់ជាច្រើនក៏ពិតមែន ប៉ុន្តែកូនប្រុសរបស់ខ្លួន ដែលមានអាយុ៤ឆ្នាំ បែរជាមិនមានមហិច្ឆតា ឬចំណង់ចំណូលចិត្តលេងបាល់ទាត់ដូចឪពុករបស់ខ្លួនទាល់តែសោះ។

យោងតាមការផ្តល់បទសម្ភាសន៍ជាមួយបុស្តិ៍ទូរទស្សន៍របស់អ៊ុយរ៉ាហ្គាយ ខ្សែប្រយុទ្ធឆ្នើម Lionel Messi បានទម្លាយឲ្យដឹងថា កូនប្រុសច្បងរបស់ខ្លួន Thiago Messi មិនចូលចិត្តលេងបាល់ទាត់នោះទេ ហើយគ្រប់ពេលដែលគេមកកាន់កីឡដ្ឋានបាល់ទាត់ Camp Nou គឺគេចង់មកជួបមុខមិត្តភក្កិរបស់គេតែប៉ុណ្ណោះ ដែលជាកូនប្រុសបង្កើតរបស់ខ្សែប្រយុទ្ធ Luis Suarez ។

Messi បាននិយាយលម្អិតទៀតថា «គេមិនចូលចិត្តបាល់ទាត់ប៉ុន្មានទេ។ គេទៅមើលពួកយើងប្រកូតគឺដោយសារតែ មិត្តភក្តិរបស់គេ Benjamin កូនប្រុសរបស់ Suarez នៅទីនោះតែប៉ុណ្នោះ។ ពួកគេទាំង២ គឺជាមិត្តរួមថ្នាក់ជាមួយគ្នានៅសាលា តែបើរឿងបាល់ទាត់វិញ គេមិនមែនជាអ្នកគាំទ្រទេ» ។ លើសពីនេះទៀត Messi បានបន្ថែមថា « Thiago មិនដូច Benjamin នោះទេ ពោលគឺកូនប្រុសរបស់ Suarez រូបនេះចូលចិត្តលេងបាល់ណាស់ ប្រៀបដូចជាឪពុករបស់គេចឹង»

គួរបញ្ជាក់ផងដែរថា គ្រប់ពេលការប្រកួតរបស់ Barcelona នៅក្នុងកីឡដ្ឋាន Camp Nou អ្នកនាង Antonella Roccuzzo ដែលជាភរិយារបស់ Messi តែងតែយកកូនៗទាំង២ គឺ Thiago និងMateo ទៅទស្សនាការប្រកួតរបស់ Messi។ ហើយនៅពេលចប់ការប្រកួតម្តងៗនោះ គេតែងតែឃើញក្មេងៗដែលជាកូនៗរបស់កីឡាករបាល់ទាត់នាំគ្នារត់ចូលទីលានដើម្បីលេងសប្បាយ ប៉ុន្តែ Thiago កូនប្រុសរបស់ Messi វិញតែងតែទៅលេងជាមួយ Benjamin កូនប្រុសរបស់ Luiz Suarez។

យ៉ាងណាមិញ បើយើងប្រៀបធៀប កូនប្រុសរបស់ Messi និងកូនប្រុសរបស់ Cristiano Ronaldo វិញ គឺហាក់បីដូចជាខុសគ្នាឆ្ងាយ ដោយឡែក Cristiano Jr កូនប្រុសរបស់ Ronaldo មានការហ្វឹកហាត់ជាមួយកីឡាបាល់ទាត់តាំងពីតូច មិនតែប៉ុណ្ណោះមានឪពុកដូច Ronaldo ជាអ្នកជួយបង្វឹកបន្ថែមទៀតផង ខណៈកូនប្រុសរបស់ Messi បែរជាមិនចូលចិត្តលេងបាល់ទាត់ដូចឪពុករបស់ខ្លួនទៅវិញ៕ 

ប្រភព៖ The Sun

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ស្ងាត់ៗ! Ronaldo ជិតទទួលបានកូនភ្លោះមួយហើយ...ឆាប់ៗនេះ!

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Real Madrid កីឡាករ Cristiano Ronaldo នឹងក្លាយជាឪពុករបស់កូនភ្លោះមួយគូទៀត ក្រោយពីបានជួលស្ត្រីជនជាតិអាមេរិកម្នាក់ឲ្យពពោះជំនួស ប៉ុន្តែមិនមែនជាមិត្តស្រីរបស់ខ្លួននាង Georgina Rodriguez នោះទេ។ 

យោងតាមប្រភពព័ត៌មានបានបញ្ជាក់ថា ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះ និងក្រុមគ្រួសារនឹងត្រៀមស្វាគមន៍សមាជិកថ្មីរបស់ខ្លួនក្នុងពេលឆាប់ៗនេះ ខណៈកូនក្នុងផ្ទៃដែលមានអ្នកពពោះជំនួសនោះ ត្រូវបានរំពឹងថាជាកូនភ្លោះ។

ដោយឡែកបើតាមប្រភពព័ត៌មានរបស់ The Sun វិញបានឲ្យដឹងថា វាជារឿងដ៏ល្អសម្រាប់កូនប្រុសច្បងរបស់ Ronaldo ដែលនឹងត្រូវមានប្អូនប្រុសធំលូតលាស់ឡើងជាមួយគ្នា។ ម្យ៉ាងវិញទៀត ម្តាយបង្កើតរបស់ Ronaldo លោកស្រី Dolaras វិញ នឹងត្រូវជាអ្នកទទួលខុសត្រូវមើលថែចៅៗជំនួសឪពុករបស់គេ ដូចកាលពីលោកស្រីធ្លាប់មើលថែកូនប្រុសច្បងរបស់ Ronaldo កាលពីនៅតូចផងដែរ។

ប្រភពបានបង្ហើបបន្ថែមទៀតថា នៅពេលដែលកូនភ្លោះសម្រាលរួចរាល់ហើយនោះ Ronaldo នឹងទៅទទួលដោយផ្ទាល់ ដើម្បីយកពួកគេមកកាន់ភូមិគ្រឹះរបស់ខ្លួន ស្ថិតក្នុងប្រទេសអេស្ប៉ាញ។

គួរបញ្ជាក់ថា Ronaldo មានកូនប្រុសតែមួយរូបតែប៉ុណ្ណោះគឺ Cristiano Jr ដែលបានចាប់កំណើតកាលពីឆ្នាំ២០១០ ឥឡូវមានអាយុ៧ឆ្នាំហើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ មកទល់ពេលនេះ គ្មាននរណាម្នាក់ដឹងថាម្តាយបង្កើតរបស់គេជានរណានោះទេ ដែលរឿងនេះត្រូវបានលាក់ទុកជាការសម្ងាត់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]