ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌពានរង្វាន់ AFC Cup 2017 វគ្គជម្រុះពូលF បានបញ្ចប់ជើងទី១ ហើយ ខណៈក្រុមបឹងកេតអង្គររបស់កម្ពុជា ទទួលបានជ័យជម្នះលើកដំបូងលើក្រុមភ្ញៀវ Magwe របស់មីយ៉ាន់ម៉ា ដោយលទ្ធផល ១-០ គ្រាដែលក្រុម Johor Darul Ta’zim របស់ម៉ាឡេស៊ី បានបំបាក់ក្រុមភ្ញៀវហ្វីលីពីន Global FC ដោយលទ្ធផល ៤-០ ដើម្បីឡើងឈរកំពូលតារាង និងមាន ៧ពិន្ទុក្នុងដៃ ។

សម្រាប់ការបើកទ្វាពហុកីឡដ្ឋានជាតិទទួលក្រុម Magwe យប់មិញ ក្រុមបឹងកេតអង្គរ ធ្វើបានយ៉ាងល្អ បើទោះបីគ្រាប់បាល់ជ័យជម្នះរបស់ខ្លួន កើតឡើងដោយទាត់បាល់ចូលទីខ្លួនឯង ពីសំណាក់ខ្សែការពារក្រុម Magwe ក៏ដោយ ប៉ុន្ដែកីឡាករបឹងកេត ពិសេសខ្សែប្រយុទ្ធជប៉ុន Tomoki បានបង្កើតឱកាសស៊ុតជាច្រើន តែមិនបានសម្រេច ។ ចំណែកក្រុម Magwe ក៏ព្យាយាមវាយបកដែរ ប៉ុន្ដែមិនអាចទម្លាយរបាំងការពាររបស់បឹងកេតបានឡើយ ហើយថែមទាំងត្រូវអាជ្ញាកណ្ដាលពិន័យកាត់ក្រហម កីឡាករម្នាក់មុនផ្លុំកញ្ចែបញ្ចប់ការប្រកួតទៀតផង ។

នេះគឺជាជ័យជម្នះលើកដំបូងរបស់ក្រុមបឹងកេតអង្គរ ដែលធ្វើឲ្យក្រុមបាល់ទាត់តំណាងកម្ពុជាមួយនេះ រកបាន ៣ពិន្ទុឈរលេខរៀងទី៣ នៅក្នុងពូលF បន្ទាប់ពីបរាជ័យ ២ប្រកួតដំបូង ដោយចាញ់ក្រុមម្ចាស់ផ្ទះ Johor Darul Ta’zim ៣-០ និងបន្ដចាញ់ក្រុមភ្ញៀវ Global FC ដោយលទ្ធផល ២-០ ។ រីឯក្រុម Magwe ទើបរកបាន ១ពិន្ទុប៉ុណ្ណោះ ពីការប្រកួត ៣លើកដូចគ្នា ក្នុងនោះស្មើ១ និងចាញ់២ ប៉ុន្ដែយ៉ាងណាក្រុមទាំងពីរ សុទ្ធតែនៅសល់ ៣ប្រកួតក្នុងដៃ សម្រាប់ការប្រកួតជើងទី២ នាពេលឆាប់ៗខាងមុខ ។

ដោយឡែកក្រុម Johor Darul Ta’zim កាលពីយប់មិញ បានធ្វើឲ្យក្រុមខ្លាំងហ្វីលីពីន Global FC ស្គាល់បរាជ័យលើកដំបូង នៅក្នុងទឹកដីរបស់ខ្លួនជា​មួយ​នឹង​លទ្ធផលជ័យជម្នះ ៤-០ ។ លទ្ធផលនេះ បានធ្វើឲ្យក្រុមជើងឯកលីគកំពូលម៉ាឡេស៊ី Johor Darul Ta’zim ទទួលបាន ៧ពិន្ទុ បន្ទាប់ពីបញ្ចប់ការប្រកួត ៣លើកឈ្នះ២ និងស្មើ១ ខណៈក្រុម Global FC ឈរលេខរៀងទី២ ជាមួយលទ្ធផលការប្រកួត ៣លើកឈ្នះ២ និងចាញ់១ ៕

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ឡូយ! ជម្រើសជាតិប្រមូលផ្ដុំហ្វឹកហាត់ថ្ងៃដំបូង មានទាំងត្រាំទឹកកកទៀត

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ហើយ នៅថ្ងៃទី១៣ ខែមិនាម្សិលមិញ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិឥណ្ឌា នៅថ្ងៃទី២២ ខែមិនាខាងមុខ បន្ទាប់ពីគ្រូបង្វឹកថ្មីលោក Leonardo Vitorino ធ្វើការប្រកាសបញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិកម្ពុជា កាលពីពេលថ្មីៗកន្លងទៅ ។

ប៉ុន្ដែក្រោយបញ្ចប់ការហ្វឹកហាត់ថ្ងៃដំបូង អ្នកគាំទ្របានចាប់រម្មណ៍ខ្លាំង ចំពោះការហាត់របៀបសម្រួលសាច់ដុំជាមួយនឹងការត្រាំទឹកកករបស់លោក Leonardo Vitorino ដែលខុសប្លែកពីគ្រូបង្វឹកមុនៗ ។ មិនតែប៉ុណ្ណោះគ្រូបង្វឹកជនជាតិប្រេស៊ីលរូបនេះ ថែមទាំងមានឧបករណ៍ និងក្បួនខ្នាតហ្វឹកហាត់បង្កើនសមត្ថភាព និងបច្ចេកទេសទំនើបៗជាច្រើនទៀតផង ។ នេះបើតាមការលួចបង្ហើបឲ្យដឹងពីកីឡាករម្នាក់ ក្នុងក្រុមជម្រើសជាតិខាងលើ ។

បើតាមការបញ្ជាក់របស់លោក Leonardo Vitorino បានឲ្យដឹងថា ការប្រមូលផ្ដុំដំបូងនេះ គឺមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែមិនានេះ បន្ទាប់មកនឹងត្រូវរំសាយមួយរយៈពេលខ្លួន ដើម្បីឲ្យកីឡាករជួយក្លឹបរៀងៗខ្លួន ក្នុងការប្រកួតលីគកំពូលកម្ពុជា មុននឹងប្រមូលផ្តុំជាថ្មី នាដើមសប្ដាហ៍ក្រោយ រហូតដល់ថ្ងៃប្រកួតជាមួយក្រុមភ្ញៀវឥណ្ឌា នៅលើទីលានពហុកីឡដ្ឋានជាតិ នាថ្ងៃទី២២ ខែមិនាខាងមុខតែម្ដង ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]