បរទេស៖ Angelina Jolie គឺជាកំពូលតារាសម្តែងហូលីវូដដ៏ល្បីមួយរូប ដែលចូលចិត្តមានស្នាមសាក់លើដងខ្លួន ហើយកាលពីនាងនៅវ័យជំទង់នោះ  នាងធ្លាប់មានស្នាមសាក់ចំនួន១៥កន្លែងឯណោះ។

ដោយឡែកថ្មីៗនេះវិញ គេសង្កេតឃើញមានស្នាមសាក់ចម្លែកជាច្រើននៅខាងក្រោយខ្នងរបស់ Angelina Jolie ដែលទាំងនេះត្រូវបានប្រភពព័ត៌មានបញ្ជាក់ថា គឺជាសាក់យ័ន្ត ដែលនាងធ្លាប់មកសាក់ជាមួយអតីតស្វាមីនាងនៅឯខេត្តសៀមរាប កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយស្នាដៃអតីតសង្ឃមកពីប្រទេសថៃ។

នៅក្នុងអំឡុងពេល Angie មកទស្សនកិច្ចនៅខេត្តសៀមរាប កាលពីឆ្នាំមុន គួររំលឹកផងថា នាងបានទាក់ទងអតីតសង្ឃពីប្រទេសថៃ មកសាក់ឲ្យនាង ដែលជាប្រភេទសាក់យ័ន្ត នៅលើខ្នងចំនួន៣កន្លែង មិនតែប៉ុណ្ណោះសូម្បីតែអតីតស្វាមីរបស់នាង លោក Brad Pitt ក៏ទទួលសាក់នេះដែរ ប៉ុន្តែសាក់នៅខាងមុខ ផ្នែកខាងឆ្វេងលើពោះ។

គួរឲ្យដឹងទៀតថា តាមពិតស្នាមសាក់ដែលបានឆ្លាក់លើដងខ្លួនទាំងនេះ គឺជាស្នាមសាក់ដែលលាយឡំនឹងអាគមន៍ ដើម្បីរឹតចំណេងស្នេហ៍អ្នកទាំង២ ប៉ុន្តែចុងក្រោយចំណងស្នេហ៍មួយនេះត្រូវបានបែកប្រេះឆា ដោយសារ Angie និង Brad Pitt បានសម្រេចលែងលះ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៦ ក្រោយទទួលបានស្នាមស្នាក់នេះអស់រយៈពេល៧ខែ។

គួរបញ្ជាក់ផងដែរថា អតីតសង្ឃថៃដែលជាអ្នកទទួលឆ្លាក់សាក់នេះ មានឈ្មោះថា Ajarn Noo Kenpai បានប្រើរូបមន្តបុរាណ ដោយយកកំណាត់ដែកថែបភ្ជាប់ជាមួយម្ជុល ដើម្បីចាក់សាក់  ដែលវិធីនេះមានការឈឺចាប់ខ្លាំង ជាងប្រើម៉ាស៊ីនសាក់។

ចំពោះសា្នមសាក់ដ៏ធំ ចំកណ្តាលខ្នងវិញ គឺជាស្នាមសាក់ចុងក្រោយដែល Angie បានអញ្ជើញអតីតសង្ឃនេះដដែលឲ្យមកសាក់ជូន ហើយវាក៏ជាប្រភេទសាក់យ័ន្ត ដែលតំណាងឲ្យព្រះពុទ្ធសាសនា និងធម៌ ដើម្បីការពារខ្លួនផងដែរ៕ 

ប្រភព៖ Dailymail

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ តារាហុងកុង Andy Lau ចេញពីពេទ្យវិញហើយ បន្ទាប់ពីព្យាបាលអស់រយៈពេល ២ខែ

ហុងកុង៖ កំពូលតារាសម្ដែងរបស់ហុងកុង Andy Lau បានចេញពីមន្ទីរពេទ្យហើយ បន្ទាប់ពីលោកបានសម្រាកព្យាបាល អស់រយៈពេលជិត ២ខែ ដោយសារតែលោកបានជួបនឹងហេតុការណ៍ធ្លាក់ពីលើខ្នងសេះ កាលពីពាក់កណ្ដាលខែមករាកន្លងទៅ ដែលបណ្ដាលឲ្យឆ្អឹងត្រគាករបស់លោកត្រូវបានបាក់។

ជាការឆ្លើយតបទៅនឹងការព្រួយបារម្ភ របស់អ្នកគាំទ្រលើស្ថានភាពរាងកាយរបស់លោក ថ្មីៗនេះ Andy Lau បានសរសេរនៅក្នុងBlogផ្ទាល់ខ្លួន កាលពីថ្ងៃទី១០ មីនានេះថា៖ «ខ្ញុំបានចំណាយពេលពេញមួយថ្ងៃ សម្រាប់ធ្វើការត្រួតពិនិត្យស្ថានភាពរាងកាយរបស់ខ្ញុំ រហូតទាល់តែពេលល្ងាច ទើបលទ្ធផលបានចេញមក។ ខ្ញុំទន្ទឹងរង់ចាំលទ្ធផលនៅលើរទេះរុញ ហើយព្យាយាមស្ដាប់នូវរាល់អ្វីដែលគ្រូពេទ្យបានប្រាប់ទាក់ទងនឹងស្ថានភាពរាងកាយរបស់ខ្ញុំ តែខ្ញុំស្ដាប់អ្វីមិនចូលទាំងអស់ ប៉ុន្តែខ្ញុំសឹងតែលោតទៅអោបគ្រូពេទ្យទៅហើយ នៅពេលដែលគាត់ប្រាប់ថា ខ្ញុំអាចទៅផ្ទះបានហើយ»។

លើសពីនេះ Andy Lau ក៏បានធ្វើការឆ្លើយតបទៅនឹងអ្នកគាំទ្រដែលតែងតែបារម្ភពីរូបលោកដែរថា៖ «ឆ្អឹងត្រគាករបស់ខ្ញុំបានប្រសើរឡើងវិញហើយ។ ឆ្អឹងខ្នង សាច់ដុំ សរសៃភ្លៅក៏ចាប់ផ្ដើមប្រសើរឡើងវិញផងដែរ គ្រប់យ៉ាងនឹងត្រលប់មករកភាពប្រក្រតីក្នុងពេលឆាប់ៗនេះ។ ខ្ញុំអរគុណដល់បណ្ដាញផ្សព្វផ្សាយនានា ដែលបានទុកពេលវេលាឲ្យខ្ញុំក្នុងការព្យាបាល។ ខ្ញុំនឹងចងចាំអ្នកគ្រប់គ្នាដែលតែតែងគាំទ្រ និងផ្ដល់កម្លាំងចិត្តដើម្បីឆ្លងកាត់ហេតុការណ៍អាក្រក់នេះ។ ជឿខ្ញុំចុះ! ខ្ញុំនឹងអាចក្រោកឈរដោយខ្លួនឯងបានក្នុងពេលឆាប់ៗនេះ»។

ជាមួយនឹងការឆ្លើយតបខាងលើ កំពូលតារាសម្ដែង និងតារាចម្រៀងវ័យ ៥៥ឆ្នាំរូបនេះក៏បានបង្ហោះរូបថតរបស់ខ្លួន ជាមួយនឹងកាយវិការគោរពមកកាន់អ្នកគាំទ្រ ដោយគាត់កំពុងពាក់ម៉ាស់នៅឡើយ។

គួរបញ្ជាក់ផងដែរថា Andy Lau បានធ្លាក់ពីលើខ្នងសេះ ក្នុងពេលកំពុងថតផ្សាយពាណិជ្ជកម្មឲ្យផលិតផលមួយក្នុងប្រទេសថៃ ដែលបណ្ដាលឲ្យឆ្អឹងត្រគាករបស់គាត់បានបាក់យ៉ាងធ្ងន់ធ្ងរ និងត្រូវបានបញ្ជូនមកកាន់ទីក្រុងហុងកុងវិញ បន្ទាប់ពីទទួលបានការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យថៃ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]