មនុស្សយើងម្នាក់ៗ តែងតែព្យាយាមថែរក្សា និងការពារស្បែករបស់ខ្លួន នៅពេលឈានចូលរដូវក្តៅ ប៉ុន្តែជាក់ស្តែង ពួកគេបែរជាភ្លេច ថែទាំសុខភាពសក់ ពីកាំរស្មីព្រះអាទិត្យទៅវិញ ជាពិសេស ភាគច្រើនគឺបុរសៗយើងតែម្តង។

ខាងក្រោមនេះ គឺជាតិចនិកមួយចំនួន សម្រាប់ថែរក្សាសុខភាពសក់នារដូវក្តៅ សម្រាប់សុភាពបុរសទាំងឡាយ ក្នុងគោលបំណងការពារកុំឲ្យវារងការខូចខាត ដោយសារកម្តៅព្រះអាទិត្យខ្លាំង ៖ 

១. កាត់សក់ឲ្យខ្លីបន្តិច

ការកាត់សក់ ឲ្យខ្លីមិនត្រឹមតែជួយកុំឲ្យស្បែកក្បាល មានភាពស្អុះស្អាប់ប៉ុណ្ណោះទេ វាថែមទាំងងាយស្រួល ក្នុងការថែទាំផងដែរ។ នៅក្រោមអាកាសធាតុក្តៅ ស្បែកក្បាលរបស់អ្នក នឹងបែកញើសច្រើន ហេតុនេះ សក់ខ្លីអាចផ្តល់ភាពងាយស្រួលក្នុងការសម្អាត និងរក្សាអនាម័យ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកទុកសក់វែង វានឹងចាប់យកភាពកខ្វក់ និងញើសច្រើន រហូតបណ្តាលឲ្យរលាក និងរមាស់ ស្បែកក្បាល។

២. កក់សក់ឲ្យបានរៀងរាល់ថ្ងៃ

ដោយសារតែ នៅរដូវក្តៅអ្នកបែកញើសច្រើន ហេតុនេះស្បែកក្បាល ក៏មានភាពកខ្វក់ខ្លាំងដែរ។ ដូច្នេះ អ្នកគួរតែលាងសម្អាតសក់ ឲ្យបានជារៀងរាល់ថ្ងៃ ដើម្បីឲ្យស្បែកក្បាលស្អាត។ នេះក៏ព្រោះតែ ស្បែកក្បាលស្អាត ក៏អាចធ្វើឲ្យ សុខភាពសរសៃសក់ របស់អ្នកល្អ មានសភាពរលើបរលោង ទៅតាមនោះផងដែរ។

៣. ការពារសក់របស់អ្នក ពីទឹកមានជាតិក្លរ

មិនថាតែនារីនោះទេ បុរសៗយើងភាគច្រើន ក៏ចូលចិត្ត ហែលទឹកលេង ក្នុងគោលបំណងដើម្បីរក្សាសុខភាព និងលំហែអារម្មណ៍ ឲ្យស្រស់ថ្លាដែរ។ ប៉ុន្តែ ក្នុងអាងហែលទឹកទាំងនោះ ផ្ទុកទៅដោយ សារធាតុក្លរ ក្នុងបរិមាណច្រើន ដែលអាចបណ្តាលឲ្យសក់ប្រែជាស្ងួត និងសំពោង។ ហេតុនេះ រាល់ពេលហែលទឹក អ្នកគួរតែពាក់មួកការពារ ទើបប្រសើរ។

៤. ប្រើប្រេងលាបសក់ខ្លះ

ការកក់លាងសម្អាតសក់ គឺមានសារៈសំខាន់ណាស់ សម្រាប់បុរសៗ ក្នុងរដូចក្តៅ ប៉ុន្តែទន្ទឹមនឹងនោះដែរ អ្នកក៏គួរ ប្រើប្រេងមកលាបសក់ រួមជាមួយគ្នាខ្លះដែរ។ នេះក៏ព្រោះតែ ការប្រើសាប៊ូច្រើនពេក អាចបណ្តាលឲ្យស្បែកក្បាល មានសភាពស្ងួត ហេតុនេះ ការប្រើប្រេង អាចជួយរក្សាសំណើមស្បែកក្បាល និងធ្វើឲ្យសក់ភ្លឺរលោង ថែមទៀតផង។

៥. ពាក់មួក

អ្នកត្រូវតែឧស្សាហ៍ពាក់មួក ដើម្បីការពារស្បែកក្បាល និងសក់របស់អ្នក ពីការយាយីរបស់កាំរស្មីព្រះអាទិត្យ និងជួយរក្សាសំណើម ការពារសក់ មិនឲ្យស្ងួត។ ប៉ុន្តែ ត្រូវចងចាំថា មិនត្រូវពាក់មួក ដែលតឹងពេកទេ ពីព្រោះវាអាចបំផ្លាញឫសសក់ និងធ្វើឲ្យសក់ប្រែជាជ្រុះ មកគ្មានសេសសល់ជាមិនខាន។

៥. ចៀសវាងការប្រើប្រាស់ផលិតផលខុស

អ្នកគួរចៀសវាង ការលាបពណ៌សក់ ឬរៀបចំម៉ូតសក់ ដោយប្រើផលិតផលផ្សេងៗច្រើន តាមដែលអាចធ្វើទៅបាន ដើម្បីការពារសរសៃសក់ របស់អ្នក ក្រោមកម្តៅថ្ងៃ ឲ្យមានសុខភាពល្អ។

មួយវិញទៀត អ្នកមិនត្រូវសិតសក់ របស់អ្នកទាំងនៅសើម ឬប្រើម៉ាស៊ីនកៀប ផ្លុំ ច្រើនពេកនោះទេ ពីព្រោះវាអាចបំផ្លាញ សុខភាពសក់របស់អ្នក។

ជាពិសេស អ្នកត្រូវតែ ទទួលទានទឹកឲ្យបានច្រើន បរិភោគអាហារណា ដែលមានតុល្យភាព ព្រមទាំងផ្តល់សុខភាពល្អផង ទើបជាការប្រសើរបំផុត៕ 

ប្រភព៖ Beauty Health Tips

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ហេតុអ្វីបានជាមនុស្សប្រុស ជ្រុះសក់ រហូតទំពែក? ហេតុអ្វីបានជាមនុស្សស្រី មិនមានបញ្ហាបែបនេះ?

ជាការពិតណាស់ សក់ គឺជាផ្នែកមួយនៃសម្រស់របស់មនុស្សយើង មិនថាប្រុស មិនថាស្រីនោះទេ ហេតុនេះហើយ អ្នកណាៗក៏មិនចង់ឲ្យមានបញ្ហាពាក់ព័ន្ធនឹងសក់ដែរ ជាពិសេស បញ្ហាជ្រុះសក់តែម្តង។ តែទន្ទឹមនឹងនោះដែរ មានមនុស្សជាច្រើនតែងតែ មានចម្ងល់ថា ហេតុអ្វីបានជាបុរសដែលមានអាយុកាន់តែចាស់ ពួកគេក៏ចាប់ផ្តើម ជួបប្រទះបញ្ហាជ្រុះសក់ រហូតដល់ទំពែក រីឯស្រ្តីវិញបែរជាមិនមានបញ្ហាបែបនេះ ដូចជាបុរសៗទៅវិញ។

ការសិក្សាជាច្រើនបានធ្វើការបង្ហាញថា បុរសប្រមាណជាពាក់កណ្តាលពិភពលោក នឹងប្រឈមបញ្ហាជ្រុះសក់អស់ទាំងស្រុង នៅពេលដែលពួកគេឈានចូលវ័យ ៥០ ឆ្នាំ។ តើបញ្ហាជ្រុះសក់ រហូតទំពែកបែបនេះ ហេតុអ្វីបានជាកើតមានតែលើបុរសបែបនេះ? តើមានដំណោះស្រាយបញ្ហានេះដែរឬទេ? ចង់ដឹងយ៉ាងណានោះ សូមតានដាន ការបកស្រាយ នូវចម្ងល់ទាំងនេះដូចខាងក្រោមទាំងអស់គ្នា។

យោងទៅតាមការសិក្សា គេបានលើកឡើងថា បញ្ហាជ្រុះសក់រហូតដល់ទំពែក របស់មនុស្សប្រុសបណ្តាលមកពី “កត្តាអរម៉ូន” ។ វាគឺជាការជ្រុះសក់តាមធម្មជាតិ និងគ្មានបញ្ហាអ្វីបង្កឡើយ ដែលវាត្រូវបានគេហៅថាជា Androgen alopecia ។ បញ្ហានេះកើតឡើង ក៏ដោយសារតែ នៅពេលអង់ហ្ស៊ីម បានបំលែងអរម៉ូនភេទបុរស testosterone ទៅជាអរម៉ូនមួយថ្មីផ្សេងទៀតឈ្មោះ dihydrotestosterone ។ អរម៉ូន dihydrotestosterone នេះហើយ ដែលបណ្តាលឲ្យសក់ក្បាលរបស់មនុស្ស ប្រែជាស្តើង និងផុយរហូតធ្វើឲ្យបាត់បង់សក់ លែងដុះឡើងវិញជាអចិន្រ្តៃយ៍តែម្តង។ មនុស្សប្រុស ដែលមានវ័យកាន់តែចាស់ គឺមានកម្រិតអរម៉ូន dihydrotestosterone នេះកាន់តែខ្ពស់ ដែលជាហេតុបណ្តាលឲ្យ មានបញ្ហាជ្រុះសក់រហូតវិវឌ្ឍទៅជាទំពែក។

គួរបញ្ជាក់ផងដែរថា ថ្វីបើស្រ្តីមានអរម៉ូនភេទបុរស testosterone ក្នុងរាងកាយក៏ពិតមែន ក៏វាមិនមានបរិមាណច្រើនដូចបុរសដែរ ដូច្នេះហើយទើបស្រ្តី មិនជួបប្រទះបញ្ហាទំពែកដូចជា មនុស្សប្រុស។

ជាងនេះទៅទៀត ក៏មានមនុស្សប្រុសមួយចំនួនផ្សេងទៀត ក៏ជួបប្រទះបញ្ហាហ្សែន មិនប្រក្រតី រហូតមានការផ្លាស់ប្តូរអរម៉ូនរហ័ស (មុនអាយុ) រហូតមានបញ្ហាជ្រុះសក់ច្រើនទាំងក្មេងផងដែរ។ អ្នកស្រាវជ្រាវ ក៏បានលើកឡើងបន្ថែមទៀតថា បុរស រស់នៅប៉ែកអាស៊ី មានអរម៉ូន dihydrotestosterone ទាបជាងបុរសប៉ែកខាងលិច (ពួកអ៊ឺរ៉ុប) ពីព្រោះតែកត្តាហ្សែន ពីបុព្វបុរសជំនាន់មុន របស់អាស៊ី មិនដែលជួបប្រទះបញ្ហាជ្រុះសក់ ទំពែក ដូចប៉ែកអ៊ឺរ៉ុបឡើយ។

លើសពីនេះទៅទៀត ស្រ្តីយើងភាគច្រើន ក៏ជួបប្រទះបញ្ហាសក់ជ្រុះនិងស្តើងជាងមុន នៅពេលដែលអស់រដូវផងដែរ ពីព្រោះតែ នៅពេលដែលពួកគេចាប់ផ្តើម អស់រដូវ រាងកាយក៏ចាប់ផ្តើមផលិតអរម៉ូនភេទស្រ្តីឈ្មោះ estrogen តិចជាងមុន ស្របគ្នាដែរ ដែលបណ្តាលឲ្យអរម៉ូនភេទបុរស testosterone មានការកើនឡើង និងមានឥទ្ធិពលលើសក់ក្បាល បង្កឲ្យជ្រុះតែម្តង។ ប៉ុន្តែ ផ្ទុយទៅវិញ ប្រសិនបើរាងកាយរបស់ស្ត្រី មានកម្រិតអរម៉ូនភេទបុរស testosterone នោះតិចជ្រុល ក៏មិនបានដែរ ពីព្រោះវានឹងធ្វើឲ្យសក់ជ្រុះ រហូតជួបបញ្ហាទំពែក ជាក់ជាមិនខាន (ករណីកម្រ)។

មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែសត្វមួយចំនួន ក៏មានជួបបញ្ហាទំពែកនេះដែរ។ ជាក់ស្តែង ដូចជា ស្វាឪឈ្មោល ជានិច្ចជាកាល ជ្រុះរោមពីក្បាលរបស់វា នៅពេលដែលវាមានអាយុ កាន់តែចាស់ទៅ។

*** ថ្វីត្បិតតែ គ្មាននរណាម្នាក់ អាចបញ្ឈប់បញ្ហាជ្រុះសក់បានទាំងស្រុង ក៏អ្នកអាចការពារ និងពន្យារពេលវិវត្តិរបស់វា បានតាមវិធីទាំង ៣ ដូចខាងក្រោមនេះ ៖

១. ការពារសកម្មភាព ធ្វើឲ្យរលាកឫសសក់

នៅពេលដែលអ្នកក្រងសក់បែប Cornrows ឬធ្វើម៉ូតសក់ដទៃផ្សេងទៀត ដែលទាមទារឲ្យទាញសក់ក្បាលខ្លាំង ដើម្បីឲ្យស្អាតនោះ វានឹងបង្កឲ្យឫសសក់ មានបញ្ហារលាក និងដាច់រហែក រហូតធ្វើឲ្យសុខភាពសក់ធា្លក់ចុះ យ៉ាងខ្លាំង។ ជាងនេះទៅទៀត សារធាតុគីមីមិនត្រឹមត្រូវមួយចំនួន រួមមានដូចជា ថ្នាំលាបសក់ ថ្នាំហាយឡាយ ឬថ្នាំអ៊ុតត្រង់ ក៏អាចធ្វើឲ្យឫសសក់ខូច បានដែរ។

២. ផ្លាស់ប្តូរ របបអាហារ

សក់ ត្រូវការអាហាររូបត្ថម្ភត្រឹមត្រូវ និងគ្រប់គ្រាន់ ទើបអាចលូតលាស់បាន ល្អ និងរឹងមាំ។ អ្នកត្រូវតែទទួលទានអាហារដែលសំបូរទៅដោយ ជាតិដែក ជាតិស័ង្កសី ជាតិវីតាមីន D ជាតិប្រូតេអ៊ីន និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ជាពិសេស សូមចៀសវាងការទទួលទានអាហារចៀន ឬបង្អែម ដែលមានជាតិខ្លាញ់មិនល្អច្រើន ពីព្រោះជាតិស្ករ និងជាតិខ្លាញ់ ដែលបានមកពីអាហារទាំងនោះ នឹងអាចបង្កើនអាំងស៊ុយលីន រួចបំលែងអរម៉ូនភេទបុរស testosterone ឲ្យទៅជាអរម៉ូន dihydrotestosterone បានយ៉ាងឆាប់រហ័ស។

៣. ទទួលទានថ្នាំជំនួយ

អ្នកអាចទទួលទានថ្នាំបណ្តុះសក់ ជំនួយក៏បាន។ ទន្ទឹមនឹងនោះដែរ មានមនុស្សមួយចំនួន តែងតែគិតថាថ្នាំទាំងនោះ គ្មានបានប្រយោជន៍អ្វីទៅវិញ ប៉ុន្តែបើយោងទៅតាមគេហទំព័រ Men’s Health បានណែនាំថា បុរសៗគួរតែទទួលទានថ្នាំជំនួយ យ៉ាងហោចណាស់មួយថ្ងៃ ២ ដង ក្នុងរយៈពេល ៦ ខែ ពីព្រោះតែថ្នាំទាំងនោះមានសារធាតុ Propecia ដែលអាចជួយរារាំងអរម៉ូនភេទបុរស testosterone មិនឲ្យប្លែងទៅជាអរម៉ូន dihydrotestosterone បាន៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]