អង់គ្លេស៖ ការប្រកួតបាល់ទាត់នៃពានរង្វាន់ដ៏ធំប្រចាំប្រទេសអង់គ្លេស FA Cup ពេលនេះបានឈានមកដល់ការប្រកួត៤ក្រុមចុងក្រោយ វគ្គពាក់កណ្តាលផ្តាច់ព្រ័តហើយ ដោយក្នុងនោះប្រមូលផ្តុំសុទ្ធតែក្រុមខ្លាំងៗមកពីលីកកំពូលអង់គ្លេស។

ក្រុមខ្លាំងៗទាំង៤ ដែលបានឡើងមកប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត នៃពានរង្វាន់បាល់ទាត់ FA Cup ឆ្នាំនេះមានដូចជា Arsenal , Man City , Tottenham Hotspur និងក្លិបតោខៀវ Chelsea។

ក្នុងនោះដែរក្រុមកាំភ្លើងធំ Arsenal ត្រូវប៉ះជាមួយក្រុមមេឃខៀវ Manchester City ខណៈក្រុមមាន់ខ្នាយមាស Tottenham Hotspur ត្រូវប្រកួតជាមួយ តោខៀវ Chelsea ដោយការប្រកួតទាំងអស់ធ្វើឡើងក្នុងកីឡដ្ឋានជាតិ Wembley របស់ប្រទេសអង់គ្លេស។ នេះបើយោងតាមការចាប់ឆ្នោត កាលពីយប់មិញនេះ បន្ទាប់ពីការប្រកួតវគ្គ៨ក្រុមចុងក្រោយបានបញ្ចប់ទៅ។ 

គួររំលឹកថា មុននឹងបានឡើងមកវគ្គនេះ ក្រុមទាំង៤សុទ្ធតែឆ្លងកាត់ជ័យជំនះដូចៗគ្នា ដោយក្នុងវគ្គ៨ក្រុមចុងក្រោយ Arsenal បានបំបាក់ Lincoln ៥-០ ចំនែកឯ Man City យកឈ្នះ Middlesbrough ២ ទល់នឹង ០ ទើបបានឡើងមកជួបគ្នាក្នុងវគ្គនេះ។

ចំពោះ Spur វិញយកឈ្នះ Milwall យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-០ ឡើងទៅជួប Chelsea ដែលទើបនឹងឈ្នះក្លិបបិសាចក្រហម Manchester United ១-០ កាលពីយប់មិញនេះ។

ដូច្នេះចាំមើលទាំងអស់គ្នា ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័តនឹងធ្វើឡើងនៅក្នុងទឹកដី Wembley នាថ្ងៃទី២២ និង២៣ ខែមេសា ខាងមុខ៕ 

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ស្ងាត់ៗ! Ronaldo ជិតទទួលបានកូនភ្លោះមួយហើយ...ឆាប់ៗនេះ!

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Real Madrid កីឡាករ Cristiano Ronaldo នឹងក្លាយជាឪពុករបស់កូនភ្លោះមួយគូទៀត ក្រោយពីបានជួលស្ត្រីជនជាតិអាមេរិកម្នាក់ឲ្យពពោះជំនួស ប៉ុន្តែមិនមែនជាមិត្តស្រីរបស់ខ្លួននាង Georgina Rodriguez នោះទេ។ 

យោងតាមប្រភពព័ត៌មានបានបញ្ជាក់ថា ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះ និងក្រុមគ្រួសារនឹងត្រៀមស្វាគមន៍សមាជិកថ្មីរបស់ខ្លួនក្នុងពេលឆាប់ៗនេះ ខណៈកូនក្នុងផ្ទៃដែលមានអ្នកពពោះជំនួសនោះ ត្រូវបានរំពឹងថាជាកូនភ្លោះ។

ដោយឡែកបើតាមប្រភពព័ត៌មានរបស់ The Sun វិញបានឲ្យដឹងថា វាជារឿងដ៏ល្អសម្រាប់កូនប្រុសច្បងរបស់ Ronaldo ដែលនឹងត្រូវមានប្អូនប្រុសធំលូតលាស់ឡើងជាមួយគ្នា។ ម្យ៉ាងវិញទៀត ម្តាយបង្កើតរបស់ Ronaldo លោកស្រី Dolaras វិញ នឹងត្រូវជាអ្នកទទួលខុសត្រូវមើលថែចៅៗជំនួសឪពុករបស់គេ ដូចកាលពីលោកស្រីធ្លាប់មើលថែកូនប្រុសច្បងរបស់ Ronaldo កាលពីនៅតូចផងដែរ។

ប្រភពបានបង្ហើបបន្ថែមទៀតថា នៅពេលដែលកូនភ្លោះសម្រាលរួចរាល់ហើយនោះ Ronaldo នឹងទៅទទួលដោយផ្ទាល់ ដើម្បីយកពួកគេមកកាន់ភូមិគ្រឹះរបស់ខ្លួន ស្ថិតក្នុងប្រទេសអេស្ប៉ាញ។

គួរបញ្ជាក់ថា Ronaldo មានកូនប្រុសតែមួយរូបតែប៉ុណ្ណោះគឺ Cristiano Jr ដែលបានចាប់កំណើតកាលពីឆ្នាំ២០១០ ឥឡូវមានអាយុ៧ឆ្នាំហើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ មកទល់ពេលនេះ គ្មាននរណាម្នាក់ដឹងថាម្តាយបង្កើតរបស់គេជានរណានោះទេ ដែលរឿងនេះត្រូវបានលាក់ទុកជាការសម្ងាត់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]